សាលារៀនហ្គោលដិន វ៉ាលី អាកាដឺមី អហ្វហូបវើលវ៉ាយ បានបង្កើតកម្មវិធីទស្សនកិច្ចសិក្សានៅកន្លែងប្រវត្តិសាស្រ្ត ដើម្បីឱ្យសិស្សតូចៗបង្កើនការយល់ដឹង និងចងចាំពីប្រវត្តិសាស្រ្តរបស់ខ្លួនឲ្យបានច្បាស់
ភ្នំពេញ៖ សាលារៀន គឺជាកន្លែងផ្តល់ចំណេះវិជ្ជាមួយដែលជួយឱ្យសិស្សទទួលបាននូវចំណេះដឹងនិងពុទ្ធិតាមរយៈលោក គ្រូ អ្នកគ្រូ និងសៀវភៅ ។ ដោយមើលឃើញ អំពីសារៈសំខាន់នៃការទទួលបានចំណេះដឹងប្រកបដោយគុណភាព តាមរយៈការចុះទៅសិក្សាស្វែងយល់អនុវត្តដោយផ្ទាល់ដល់ទីកន្លែង ជួយឱ្យសិស្សបានសិក្សាស្វែងយល់កាន់តែច្បាស់និងស៊ីជម្រៅ ទើប សាលារៀនហ្គោលដិន វ៉ាលី អាកាដឺមី អហ្វហូបវើលវ៉ាយ ដែលមានឈ្មោះហៅកាត់ថា” GVA”បានបង្កើតទស្សនកិច្ចសិក្សា សម្រាប់សិស្សានុសិស្សតូចៗចាប់ពីថ្នាក់ទី១ដល់ថ្នាក់ទី៣ ចំនួន១៧៥នាក់ ទៅក្នុងព្រះបរមរាជរាំង ។
អ្នកគ្រូ ជា កញ្ញា គ្រូបង្រៀនថ្នាក់ទី៣ B នៃសាលារៀនហ្គោលដិន វ៉ាលី អាកាដឺមី អហ្វហូបវើលវ៉ាយដែលរួមដំណើរក្នុងទស្សនកិច្ចសិក្សាទៅកាន់ព្រះបរមរាជរាំង បានគូសបញ្ជាក់ អំពីសារៈសំខាន់នៃដំណើរទស្សកិច្ចសិក្សាទៅកាន់កន្លែងប្រត្តិសាស្រ្តថា ព្រះបរមរាជរាំង គឺជាកន្លែងដ៏វិសេសមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាកន្លែងមួយដែលបណ្តុំនូវសម្បត្តិវប្បធម៌ប្រពៃណីទំនៀមទម្លាប់ជាច្រើន និងស្ថាបត្យកម្មល្អប្រណិតៗដែលពួកគេមិនធ្លាប់បានឃើញ ។
ដំណើរទស្សនកិច្ចសិក្សារយៈពេលមួយព្រឹកនៅក្នុងព្រះបរមរាជរាំងសិស្សានុសិស្សតូចៗ បានដើរទស្សនា នៅទីកន្លែងសំខាន់ៗ អមដោយការពន្យល់យ៉ាងក្បោះក្បាយពីសំណាក់មគ្គុទ្ទេសទេសចរណ៍ ដ៏ជំនាញ ប្រចាំព្រះបរមរាជរាំង អំពីប្រវត្តិនៃការកកើតព្រះបុរមរាជរាំង នៅក្នុងរាជធានីភ្នំពេញ និងប្រវត្តិរឿងព្រេងដំណាលជាច្រើន ដែលបានគូសនៅជាប់ជញ្ជាំងព្រះបរមរាជរាំង ។ បណ្តុំនៃចំណេះដឹង តាមរយៈទស្សនកិច្ចសិក្សាទាំងអស់នេះហើយ បានជួយឱ្យសិស្សានុសិស្សតូចៗបានពង្រឹងនិងពង្រីកចំណេះដឹងមួយកម្រិតទៀត អំពីប្រវត្តិសាស្រ្តរបស់ខ្លួន ។ ហើយថ្ងៃអនាគត ពួកគេជាសិស្សានុសិស្សនិងមានគ្រឹះចងចាំអ្វីដែលទទួលបានពីទស្សនកិច្ចសិក្សា ចូលរួមអភិរក្ស ផ្សព្វផ្សាយ អំពីសម្បត្តិដែលបានបន្សល់ទុកពីដូនតាជំនាន់មុន ។
សិស្ស អឿន ឧស្សាហ៍នីតា. សាន់ សុវណ្ណហ្វីដា. ឈឿន មង្គលបុរីរិទ្ធ បានចូលរួមក្នុងទស្សនកិច្ចសិក្សា បានលើកឡើងថា ទស្សនកិច្ចសិក្សានេះ ពិតជាមានសារៈសំខាន់ណាស់ ចំពោះរូបនាង ព្រោះវាបានផ្តល់ជូននូវចំណេះថ្មីៗ ដែលនាងពុំធ្លាប់បានដឹង នៅក្នុងការសិក្សានៅក្នុងថ្នាក់រៀន។ ការមកឃើញដោយផ្ទាល់បែបនេះ ធ្វើឱ្យនាងមានអារម្មណ៍ថាប្លែក និងនាំយកនូវអ្វីៗដែលទទួលបានពីសទស្សនកិច្ចសិក្សានៅពេលនេះ ទៅផ្សព្វផ្សាយដល់មិត្តភ័ក្កិ និងជនបរទេសឱ្យបានដឹងនូវអ្វីដែលជាសម្បត្តិប្រវត្តិសាស្រ្តដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរជំនាន់ដើម។
ទស្សនកិច្ចសិក្សាដែលបង្កើតឡើង ដោយសាលារៀនហ្គោលដិន វ៉ាលី អាកាដឺមី អហ្វហូបវើលវ៉ាយ សម្រាប់សិស្ស គឺមានចាប់ពីថ្នាក់បឋមសិក្សាដល់វិទ្យាល័យ ដោយក្នុង១ឆ្នាំៗ មានយ៉ាងហោចណាស់៤ទៅ៥ដង ក្នុងនោះក៏មានទាំងទស្សនកិច្ចសិក្សានៅក្រៅប្រទេសដូចជាសិង្ហបុរីផងដែរ។ ទស្សនកិច្ចសិក្សាត្រូវបានចាត់ទុកជាផ្នែកមួយជួយផ្តល់ចំណេះដោយការមើលឃើញ និងអនុវត្តដោយផ្ទាល់ ដែលអាចជួយឱ្យសិស្សទទួលបាននូវបទពិសោធន៍ និងភាពរឹងមាំ ក្លាយជាបុគ្គលមានម្ចាស់ការលើខ្លួនឯង មានទំនូលខុសត្រូវខ្ពស់ និងចេះជួយការងារសង្គម មានគំនិតចេះជួយអភិរក្ស និងអភិវឌ្ឍរាល់ការងារនៅក្នុងសង្គមជាតិ៕
ផលិត ដោយ ជាវ ចន្ធូ