សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា កម្ពុជា មានបំណងចង់រួមចំណែក​ដល់ការ​កសាងសហគមន៍សកល ដែលចងភ្ជាប់គ្នាដោយសន្តិភាព, វិបុលភាព និងពហុ​ភាគី​និយម ប្រកបដោយបរិយាប័ន្ន

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា, អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានមហាសន្និបាត ICAPP លើកទី១២ បានថ្លែងថា កម្ពុជា មានបំណងចង់រួមចំណែកដល់ការកសាងសហគមន៍សកល ដែល​ចងភ្ជាប់គ្នាដោយសន្តិភាព, វិបុលភាព និងពហុ ភាគីនិយម ប្រកប​ដោយបរិយាប័ន្ន ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីបើកមហាសន្និបាត ICAPP លើកទី១២ ក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា» នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយស ICAPP គណៈប្រតិភូជាន់ខ្ពស់ ICAPP តំណាងគណបក្សនយោបាយ ៥២ប្រទេស ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប ។

សម្តេចមហាបវរធិបតី បានមានប្រសាសន៍ថា បច្ចុប្បន្ន យើងកំពុងរស់នៅក្នុងបរិយាកាសនៃភាពមិនប្រាកដប្រជាខ្ពស់ ដោយមហាអំណាច កំពុងបំពានលើសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់ ដោយយើងអាចមើលឃើញក្នុងចំណងជើងសារព័ត៌មាន ជារៀងរាល់ថ្ងៃ ។

សម្ដេចបន្តថា ទោះជាយ៉ាងនេះក្តី កិច្ចការពិភពលោក និងអភិបាលកិច្ចពិភពលោក មិនគួរពាក់ព័ន្ធតែនឹងមហាអំណាចនោះទេ។ យើងត្រូវទទួលស្គាល់ពីសារសំខាន់របស់ប្រទេសអំណាចថ្នាក់កណ្តាល និងរដ្ឋតូចៗផងដែរ ព្រោះពួកគេ ក៏មានឯករាជ្យភាព និងមហិច្ឆតា នៅក្នុងការដើរតួនាទីដ៏មានអត្ថន័យ ក្នុងការទូតភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ដើម្បីជំរុញសន្តិភាព នៅជុំវិញពិភពលោកដែរ ។

សម្តេចបរធិបតី បានមានប្រសាសន៍បន្ថែមថា ប្រទេសកម្ពុជា ក៏មានបំណងចង់រួមចំណែកដល់ការកសាងសហគមន៍ សកល ដែលចងភ្ជាប់គ្នាដោយសន្តិភាព, វិបុលភាព និងពហុ ភាគីនិយមប្រកបដោយបរិយាប័ន្ន ។

សម្តេចមហាបវរធិបតី បានបន្ថែមថា សហគមន៍សកលរបស់យើង ស្ថិតនៅលើចំណុចរបត់ មួយ ។ មូលដ្ឋានគ្រឹះនៃសន្តិភាព ដែលត្រូវបានកសាងឡើងលើគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញ អង្គការសហប្រជាជាតិ ចាប់តាំងពី ការបញ្ចប់សង្គ្រាមលោកលើកទី២ ត្រូវបាននិងកំពុងត្រូវបានសាក ល្បងដល់ចំណុចមិនធ្លាប់មាន ដោយសារការប្រកួតប្រជែងដ៏តានតឹង ដែលនាំឱ្យមានសង្គ្រាមទាំង ត្រជាក់ និងក្តៅ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner