អាមេរិកច្រានចោលដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល របស់តុលាការ ICC
បរទេស៖ សហរដ្ឋអាមេរិកបានបដិសេធដីកាចាប់ខ្លួន របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ ICC ប្រឆាំងនឹងមន្ត្រីអ៊ីស្រាអែល ដោយបានចោទសួរអំពីភាពជឿជាក់របស់រដ្ឋអាជ្ញា ICC មានកម្រិតណា។
សេតវិមាននិយាយថា ជាមូលដ្ឋាន ខ្លួនសូមច្រានចោលសេចក្តីសម្រេច របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ក្នុងការចេញដីកាចាប់ខ្លួន នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិ ក៏ដូចជា ប្រមុខយោធារបស់ Hamas លោក Mohammed Deif ។
អ្នកនាំពាក្យសេតវិមាន លោកស្រី Karine Jean-Pierre បាននិយាយ នៅក្នុងសន្និសីទខ្លីមួយថា «យើងនៅតែមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប្រញាប់ប្រញាល់របស់រដ្ឋអាជ្ញា ក្នុងការស្វែងរកដីកាចាប់ខ្លួន និងកំហុសនៃដំណើរការដ៏លំបាក ដែលនាំទៅដល់ការសម្រេចចិត្តនេះ»។
ICC បានអះអាងថា លោក នាយករដ្ឋមន្ត្រី និង អតីតរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant ត្រូវបានចោទប្រកាន់ ពីបទ «ឧក្រិដ្ឋកម្មសង្គ្រាម» និង «ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ» សម្រាប់សកម្មភាពរបស់អ៊ីស្រាអែល នៅហ្គាហ្សា។
អ៊ីស្រាអែលបានប្រយុទ្ធនៅតំបន់ហ្គាហ្សា ចាប់តាំងពីខែតុលា ឆ្នាំ ២០២៣ បន្ទាប់ពីការវាយប្រហារឆ្លងព្រំដែន បង្កឡើងដោយពួកសកម្មប្រយុទ្ធហាម៉ាស បណ្តាលឱ្យមនុស្សស្លាប់ ជាង១ពាន់នាក់ ដែលភាគច្រើន ជាជនស៊ីវិល។ ប៉ុន្តែ យុទ្ធនាការសងសឹករបស់ខ្លួនបាននាំឱ្យមានការស្លាប់មនុស្សចំនួនប្រមាណ ៤៤,០០០នាក់ហើយ នៅហ្គាហ្សា ដែលភាគច្រើន ជាជនស៊ីវិល៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត