ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្លែងថា ផ្លែផ្កានៃសន្តិភាព រយៈពេល ២៦ឆ្នាំ បានជំរុញឱ្យកម្ពុជា កាន់តែមានភាពសកម្ម ដើម្បីសន្តិភាព
(ភ្នំពេញ)៖ ផលលាភនៃសន្ដិភាព ដែលកម្ពុជា ទទួលបានរយៈពេល ២៦ឆ្នាំមកនេះ បង្ហាញពីអត្ថប្រយោជន៍ នយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ហើយបានជំរុញឱ្យកម្ពុជា កាន់តែមានភាពសកម្ម ដើម្បីសន្តិភាព និងលើកទឹកចិត្តឱ្យមានឆន្ទៈ ក្នុងការរួមចំណែកដល់ការដោះស្រាយជម្លោះ ដែលកំពុងបន្តកើតមានឡើងនៅជុំវិញពិភពលោក ។
នេះជាប្រសាសន៍លើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៃព្រះរាជាណាចក្រកម្ពុជា, អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានមហាសន្និបាត ICAPP លើកទី១២ ក្នុងឱកាសអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីបើកមហាសន្និបាត ICAPP លើកទី១២ ក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា» នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយស ICAPP គណៈប្រតិភូជាន់ខ្ពស់ ICAPP តំណាងគណបក្សនយោបាយ ៥២ប្រទេស ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប ។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ផលលាភនៃសន្តិភាព ដែលកម្ពុជា ទទួលបានក្នុងរយៈពេល ២៦ឆ្នាំកន្លងមកនេះ ក្រើនរំលឹកឱ្យឃើញអំពីទំហំនៃអត្ថប្រយោជន៍ដែលយើងទទួលបាន តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ខណៈផ្លែផ្កានៃសន្តិភាពបែបនេះ បានជំរុញឱ្យកម្ពុជា កាន់តែមានភាពសកម្ម ដើម្បីសន្តិភាព និងលើកទឹកចិត្តឲ្យមានឆន្ទៈ ក្នុងការរួមចំណែកដល់ការដោះស្រាយជម្លោះ ដែលកំពុងបន្តកើតមានឡើង នៅជុំវិញពិភពលោក រាប់តាំងពី មីយ៉ាន់ម៉ា រហូតដល់អ៊ុយក្រែន អាហ្វ្រិក និងមជ្ឈឹមបូព៌ា ។
សម្ដេចធិបតីប្រធានមហាសន្និបាត ICAPP លើកទី១២ បានបញ្ជាក់ថា អ្នកនយោបាយគ្រប់រូប គួរមានការទទួលខុសត្រូវខ្ពស់បំផុតចំពោះសន្តិភាព ជាពិសេស សន្តិភាព មិនគួរជាអាទិភាពបន្ទាប់បន្សំ ទាបជាងការស្វែងរកជ័យជំនះ នៅក្នុងការបោះឆ្នោត ឬការសម្រេច គោលដៅមនោគមវិជ្ជាជាក់លាក់ណាមួយនោះទេ ។ សម្ដេចបន្តថា នយោបាយប្រជានិយម ជ្រុលនិយម និងដាច់ខាតនិយម គួរតែត្រូវបានថ្កោលទោស និងមិនគួរក្លាយជាមធ្យោបាយដ៏មានប្រសិទ្ធភាព សម្រាប់ការដណ្តើមតំណែងនយោបាយឡើយ ។
សម្ដចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ប្រទេសនីមួយៗ គួរអនុវត្តតាមសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ ដោយលើកកម្ពស់សន្តិភាព និងចៀសវាងការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង ដែលអាចបង្កឱ្យមានភាពចលាចល ឬចុងក្រោយ ឈានដល់ការផ្លាស់ប្តូររបបដោយមធ្យោបាយ ដែលគ្មានលក្ខណៈប្រជាធិបតេយ្យ ។ សម្ដេច ថា ក្នុងនាមជាជនរងគ្រោះនាពេលកន្លងមក ដោយសារឥរិយាបទនយោបាយ និងទំនាក់ទំនងអន្តរជាតិពិសពុលបែបនេះ គណបក្សប្រជាជនកម្ពុជា មានជំហរម៉ឺងម៉ាត់ ក្នុងការការពារ សន្តិភាព, អធិបតេយ្យភាព, បូរណភាពទឹកដី និងការអភិវឌ្ឍប្រឆាំងនឹងកម្លាំងអមិត្តទាំងឡាយ ទោះក្នុងរូបភាពណាក៏ដោយ ។
ជាថ្មីម្ដងទៀត សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកេងប្រវ័ញ្ចពីភាពទន់ខ្សោយរបស់ប្រទេសកំពុងអភិវឌ្ឍ តាមរយៈការធ្វើយុទ្ធនាការប្រមាថបណ្ដុះបង្អាប់, ការផ្សព្វផ្សាយព័ត៌មានមិនពិត និងការដាក់ទណ្ឌកម្មជាឯកតោភាគី លើប្រទេសដែលមិនគោរពតាមរបៀបវារៈភូមិសាស្រ្តនយោបាយ មិនគួរក្លាយជាទំនៀមដែលអន្តរជាតិ ទទួលស្គាល់នោះទេ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ