សហព័ន្ធកីឡាវាយកូនគោលកម្ពុជា ប្រកាសការប្រកួតវាយកូនគោលជ្រើសរើសថ្នាក់ជាតិប្រចាំឆ្នាំ២០២៤
(ភ្នំពេញ)៖ យោងតាមសេចក្តីជូនដំណឹងដែលប្រកាសចេញដោយសហព័ន្ធកីឡាវាយកូនគោលកម្ពុជា ដែលបានប្រកាសជាផ្លូវការ នៅក្នុងហ្វេសបុកផេក និងប្រព័ន្ធតេឡាក្រាមរបស់សហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានឱ្យដឹងថា តាមការណែនាំរបស់ក្រសួងអប់រំយុវជននិងកីឡា សហព័ន្ធនឹងរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣.២៤និង២៥ ខែ វិច្ឆិកា នៅលើទីលានកីឡាវាយកូនគោលហ្គ្រែន ភ្នំពេញ ។
សេចក្តីជូនដំណឹងខាងលើ បានលម្អិតថា កីឡាករកីឡាការិនី ដែលអាចដាក់ពាក្យចូលរួមប្រកួតបាន ត្រូវមានលក្ខខណ្ឌដូចខាងក្រោម ១. កីឡាករកីឡាការិនីមានសញ្ជាតិខ្មែរ ២. ត្រូវមានពេលវេលាគ្រប់គ្រាន់ក្នុងការហ្វឹកហាត់ ៣.ត្រូវចេះច្បាប់កីឡាកូនគោល ៤.ត្រូវមានវិន័យឱ្យបានខ្ជាប់ខ្ជួនក្នុងការហ្វឹកហាត់ សេចក្តីថ្លៃថ្នូរ និងមានក្រមសិលធម៌ខ្ពស់ ៥. រក្សាសាមគ្គីភាពផ្ទៃក្នុងរបស់ក្រុម ៦.ត្រូវគោរពបទបញ្ជាផ្ទៃក្នុងរបស់សហព័ន្ធកីឡាវាយកូនគោលកម្ពុជា ៧.ត្រូវគោរពតាមការណែនាំរបស់គ្រូបង្វឹក និងគ្រូជំនួយ ៨.កីឡាករត្រូវមានCGF-HDC INdix មិនលើស៩.០ . ៩.កីឡាការិនីត្រូវមាន CGF-HDC INdix មិនលើស១៥.០។
កីឡាករកីឡាការិនី ដែលដាក់ពាក្យចូលរួមប្រកួតត្រូវបង់ថវិកាចំនួន ១៨០ដុល្លារអាមេរិក ប្រកួតក្នុងរយៈពេល៣ថ្ងៃ ។ សម្រាប់កីឡាករកីឡាការិនីដែលមានចំណាប់អារម្មណ៍ចង់ដាក់ពាក្យប្រកួត ដើម្បីក្លាយជាកីឡាករកីឡាការិនីជម្រើសជាតិ អាចទំនាក់ទំនងបំពេញពាក្យស្នើសុំចូលរួមប្រកួត មកកញ្ញា មួង សិលា តាមលេខទូរស័ព្ទ ០១៥ ៣៧៥ ៣៣៣៕






ដោយ ៖ ជាវ ចន្ធូ