រដ្ឋមន្រ្តីក្រសួងសុខាភិបាលណែនាំឲ្យសមាគមសម្ភព និងរោគស្រ្តីកម្ពុជា រួមគ្នាយកចិត្តទុកដាក់ក្នុងការពង្រឹងការលើកកម្ពស់សុខភាពមាតា ទារក និងកុមារនៅកម្ពុជា
(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២២ ខែវិចិ្ឆកា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីពិធីបើកទិវាលើកទី២៣ នៃសមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា ក្រោមប្រធានបទ “រួមគ្នាដើម្បីលើកកម្ពស់សុខភាពស្ត្រី”។
នាពិធីបើកទិវាវិទ្យាសាស្ត្រនោះផងដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានគូសរំលេចអំពីការដែលក្រសួងសុខាភិបាលបានប្រកាសដាក់ចូល នាពេលថ្មីៗ កាលពីថ្ងៃទី០៥ តុលា ២០២៣ កន្លងទៅ នូវ«ការចាក់ថ្នាំបង្ការ ជំងឺមហារីកមាត់ស្បូនលើកុមារីអាយុ៩ឆ្នាំ និងដាក់ចូលក្នុងកម្មវិធីចាក់ថ្នាំបង្ការថ្នាក់ជាតិ» សំដៅលើកកម្ពស់សុខភាពសុខុមាលភាពកុមារ ដែលជាអនាគតមិនអាចខ្វះបានសម្រាប់ប្រទេសជាតិ សំដៅរក្សា និងកសាងមូលធនមនុស្សរឹងមាំ ដែលជាការចូលរួមចំណែកក្នុងគោលដៅលុបបំបាត់ជំងឺមហារីកមាត់ស្បូននាឆ្នាំ២០៣០ របស់អង្គការសុខភាពពិភពលោក (WHO)ផងដែរ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ទិវាលើកទី២៣ របស់សមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា នាពេលនេះ នឹងផ្តល់ឱកាស និងចែករំលែកចំណេះដឹង បន្ថែមជាច្រើន ដល់សមាជិក សមាជិកាសមាគម ក៏ដូចជាអ្នកចូលរួម ទទួលបានចំណេះដឹង បទពិសោធន៍ និងរបកគំហើញថ្មីៗ នៅក្នុងសកលលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជាផ្ទាល់។
ឯកឧត្តមសាស្ត្រាចារ្យ ជម្រុញអោយសមាគមនឹងបន្តរៀបចំឱ្យមានទិវាសន្និបាតវិទ្យាសាស្ត្រទៀងទាត់ ដែលបញ្ជាក់ឱ្យឃើញនូវស្មារតីរឹងមាំ ក្នុងការធានាបានកម្រឹតសមត្ថភាពជំនាញក្នុងឯកទេសរបស់ខ្លួន និងលើសពីនោះការសាមគ្គីភាពផ្ទៃក្នុងរឹងមាំ សំដៅជំហរស្មារតីទទួលខុសត្រូវ ទាំងកម្រិតបច្ចកទេស និងកហរមសីលធម៌វិជ្ជាជីវវេជ្ជសាស្ត្រ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានអំពាវនាវដល់ថ្នាក់ដឹកនាំសមាគមសម្ភព និងរោគស្រ្តីវិទ្យាកម្ពុជា រួមគ្នាយកចិត្តទុកដាក់ក្នុងការពង្រឹងការលើកកម្ពស់សុខភាពមាតា ទារក និងកុមារនៅកម្ពុជា ទាំងផ្នែកសេវាសាធារណៈ ជាពិសេសសេវាឯកជន ដោយឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជូនអនុសាសន៍គន្លឹះជាអាទិភាព ដល់អង្គពិធីនា ដោយត្រូវយកចិត្តទុកដាក់ទៅលើ៖ ១) ការកសាងសមត្ថភាពតាមរយៈការរៀបចំវគ្គបណ្តុះបណ្តាលបន្ថែម និងបង្កើនចំនួនគ្រូបង្គោល ២) ការគោរពនិយាមក្រមសីលធម៌វិជ្ជាជីវៈ ៣) ការពង្រឹងធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ សម្ភារ និងគោរពតាមនិយាម គោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ៤)ការបង្កើនកិច្ចសហការបច្ចេកទេសជាមួយដៃគូឱ្យបានទូលំទូលាយ ៥)ការពង្រឹងកិច្ចប្រាស្រ័យទាក់ទងឱ្យបានជិតស្និទ្ធ ការផ្សព្វផ្សាយ អប់រំសុខភាព និងជំរុញឱ្យមានការចូលរួមពីសហគមន៍។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណ និងកោតសរសើរដល់ សមាគមសម្ភពនិងរោគស្ត្រីវិទ្យាកម្ពុជា ដែលបានរៀបចំសនិ្នបាតនេះឡើង និងក៏អរគុណយ៉ាងជ្រាលជ្រៅចំពោះវាគ្មិនទាំងជាតិ និងអន្តរជាតិ សម្រាប់ការចែករំលែកបទពិសោធន៍ដ៏មានតម្លៃ ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ