សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា លើកឡើងពីបញ្ហាសំខាន់ៗ ដែលជាមូលដ្ឋានគ្រឹះ នៃសន្តិភាព និងការផ្សះផ្សា

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីបញ្ហាសំ​ខាន់ៗ ដែលជាមូលដ្ឋានគ្រឹះ នៃការរក្សាសន្តិភាព និងបណ្តុះបរិយាកាសនៃការ​ផ្សះ​ផ្សា, ការកសាងសាមគ្គីភាព តាមរយៈការជំរុញ ឱ្យមានការយល់ដឹងរួម មាន​សារៈសំខាន់ជាងពេលណាៗទាំងអស់ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី និងថ្លែង​សុន្ទរកថា​គន្លឹះ ក្នុងពិធីបើកមហាសន្និបាត ICAPP លើកទី១២ ក្រោមប្រធានបទ «ការ​ស្វែង​រកសន្តិភាព និងការផ្សះផ្សា» នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធាន​កិត្តិ​យស ICAPP គណៈប្រតិភូជាន់ខ្ពស់ ICAPP តំណាងគណបក្សនយោ​បាយ ៥២ប្រទេស ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប ។

សម្តេចធិបតី បានមានប្រសាសន៍ថា ដើម្បីរក្សាសន្តិភាព និងបណ្តុះបរិយា​កាស​នៃការ​ផ្សះផ្សា, ការកសាងសាមគ្គីភាព តាមរយៈការជំរុញ​ឱ្យមាន​ការ​យល់​ដឹងរួម មានសារៈសំខាន់ជាងពេលណាៗទាំងអស់ លើបញ្ហាសំខាន់ៗ ដែលជាមូលដ្ឋានគ្រឹះ នៃសន្តិភាព និងរផ្សះផ្សា ពោល គឺ ការប្ដេជ្ញាចិត្ត​របស់​យើងចំពោះគោលការណ៍ និងគោលបំណងនៃធម្មនុញ្ញអង្គការ​សហ​ប្រជាជាតិ ដោយសង្កត់ធ្ងន់លើការមិនជ្រៀតជ្រែក,អធិបតេយ្យភាព, សមភាព និងការគោ​រពគ្នាទៅវិញទៅមក, ការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសន្ទនាអន្តរជំនឿ ដើម្បី​លើកកម្ពស់ការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដោយចងចាំ​ក្នុង​ចិត្តថា ការជឿទុកចិត្តផ្នែកនយោបាយ គឺជាមូលដ្ឋានគ្រឹះ សម្រាប់សន្តិភាព, ការផ្សះផ្សា និង កិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ទំនាក់ទំនងអន្តរជំនាន់ និងការកាត់បន្ថយការបែងចែកមនោគមវិជ្ជា តាមរយៈការសន្ទនា និងការគោរព ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ខ្ញុំមិនអាចបញ្ជាក់ឱ្យអស់សេចក្ដី​ទេថា ការទទួលបានសន្តិភាព ទាមទារឱ្យមានការផ្សះផ្សាភាពខុសគ្នា។ សន្តិភាព អាចសម្រេចបានតែតាមរយៈការដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកលើការសន្ទនា, ការពិគ្រោះយោបល់ និងអភិក្រមឈ្នះឈ្នះ ពិត​ណាស់​ថា ការពង្រឹងការការពារជាតិ គឺជាសិទ្ធិ និងធិបតេយ្យភាពរបស់យើង ប៉ុន្តែកិច្ចការនេះ មិនគួរធ្វើឱ្យបាត់តម្លៃនៃការប្តេជ្ញាចិត្តរបស់យើង ក្នុងការ​សន្ទនា និងការដោះស្រាយបញ្ហាដោយសន្តិវិធីនោះទេ ។

សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបន្ដថា ដើម្បីរក្សាសន្តិភាពដែលយើង​កំពុងទទួលអំណរសាទរ ឱ្យមានចីរភាព ទាមទារឱ្យមានការ​ថែទាំសន្តិភាព​ជារៀងរាល់ថ្ងៃ ។ សម្ដេច បានសូមបញ្ចប់សុន្ទរកថា ដោយសង្កត់ធ្ងន់ថា ការ​ផ្សះ​ផ្សាជាមួយគូសត្រូវ ដូចអ្វីដែលសម្ដេចតេជោ បានបង្ហាញតាម​សក្ខីភាព​ជាក់​ស្ដែង គឺជាកម្លាំង មិនមែនជាចំណុចខ្សោយនោះទេ។ ការផ្សះផ្សា មិនមែន​សម្រាប់អ្នកចុះចាញ់ឡើយ ប៉ុន្តែសម្រាប់អ្នកដែលមានបញ្ញាញាណ នៅក្នុងការ​មើលឃើញដំណោះស្រាយឈ្នះ-ឈ្នះ ពីក្នុងសង្គ្រាម ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner