សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ត្រៀមបញ្ជូន អត្តពលិករបស់ខ្លួន ៣១វិញ្ញាសា ការប្រកួតជើងឯកអាស៊ី
(ភ្នំពេញ)៖ ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាគូសបញ្ជាក់ ថា សហព័ន្ធកំពុងត្រៀមបញ្ជូនកីឡាករ កីឡាការិនីជម្រើសជាតិចូលរួមប្រកួតកីឡាវ៉ូវីណាម ជើងឯកអាស៊ី នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី ឆ្នាំ២០២៤ ។
សហព័ន្ធទើបទទួលបានព័ត៌មាននៅដើមខែវិច្ឆិកានេះប៉ុណ្ណោះ តាមរយៈសហព័ន្ធកីឡាវ៉ូវីណាមពិភពលោក ដោយការប្រកួតជើងឯកអាស៊ី នេះមាន ៣១វិញ្ញាសា ក្នុងនោះមេគុនសម្តែង មាន២២វិញ្ញាសា និងវិញ្ញាសាប្រយុទ្ធ មាន៩វិញ្ញាសា ក្នុងនោះមាន៥ប្រភេទទម្ងន់បុរស និង៤ប្រភេទទម្ងន់នារី។ ចំពោះសហព័ន្ធវ៉ូវីណាមកម្ពុជាបានត្រៀមកីឡាករ កីឡាការិនីសរុប ១៨នាក់ និងគ្រូបង្វឹក ៤នាក់។
ឯកឧត្តម អ៊ូ រតនា សង្កត់ធ្ងន់ថា ចំពោះក្តីសង្ឃឹមក្នុងការប្រជែងមេដាយជូនជាតិនោះ គឺមិនទាន់ហ៊ានដាក់សង្ឃឹមខ្ពស់ពេកទេ ដោយសារក្រោយចប់ស៊ីហ្គេម ២០២៣ ក្រុមជម្រើសជាតិវ៉ូវីណាមកម្ពុជាត្រូវបានកាត់បន្ថយរហូតដល់ជិតពាក់កណ្តាល ដោយនៅសល់ត្រឹម១៦នាក់ប៉ុណ្ណោះ។
ប្រធានសហព័ន្ធក៏បានស្នើសុំដល់ក្រសួងអប់រំ យុវជន និងកីឡាអនុញ្ញាតឱ្យប្រភេទកីឡាវ៉ូវីណាមកម្ពុជាបានប្រមូលផ្តុំហ្វឹកហាត់ឱ្យបានជាប់ជាប្រចាំ ដើម្បីត្រៀមការប្រកួតអន្តរជាតិកម្រិតអាស៊ាន អាស៊ី និងពិភពលោក ជាដើម បើទោះបីជាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ឆ្នាំ២០២៥ខាងមុខមិនមានប្រភេទកីឡាវ៉ូវីណាមក្តី៕








ដោយ ៖ ជាវ ចន្ធូ