មេគ្រឿងញៀនម៉ិកស៊ិកបង្កើតព័ត៌មានក្លែងក្លាយថាស្លាប់ ប្តូរឈ្មោះទៅរស់នៅអាមេរិក

បរទេស៖ ក្រសួងយុត្តិធម៌អាមេរិកបានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ថា មេក្រុមជួញដូរគ្រឿងញៀនម៉ិកស៊ិក ដែលបានបង្កើតព័ត៌មានក្លែងក្លាយស្លាប់ និងបានរស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ក្រោមឈ្មោះក្លែងក្លាយ ឥឡូវនេះ កំពុងប្រឈមមុខនឹងការចោទប្រកាន់ របស់តុលាការសហព័ន្ធអាមេរិក បន្ទាប់ពីត្រូវបានចាប់ខ្លួន កាលពីពេលថ្មីៗនេះ។

លោក Cristian Fernando Gutierrez-Ochoa អាយុ ៣៧ ជាសមាជិកនៃក្រុមឧក្រិដ្ឋជន The Jalisco Cartel និងជាកូនប្រសាររបស់មេក្រុម Nemesio “El Mencho” Oseguera Cervantes បានភៀសខ្លួន ទៅកាន់សហរដ្ឋអាមេរិក ដោយបានប្រើអត្តសញ្ញាណក្លែងក្លាយ ហើយប្រើជីវិតដ៏ប្រណីត ក្នុងរដ្ឋកាលីហ្វ័រញ៉ា ប៉ុន្តែ ទើបត្រូវបានចាប់ខ្លួន កាលពីដើមខែវិច្ឆិកា នេះបើតាមអគ្គមេធាវីរង លោកស្រី Lisa Monaco បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍។

បុរសដែលបានក្លែងឈ្មោះថា «Guacho» ត្រូវបានចោទប្រកាន់ពីបទជួញដូរគ្រឿងញៀនអន្តរជាតិ និងការលាងលុយ។ គួរបញ្ជាក់ថា The Jalisco Cartel ជាអង្គការជួញដូរគ្រឿងញៀនដ៏ឃោរឃៅ និងរីកដុះដាលបំផុតមួយ នៅក្នុងពិភពលោក។

រដ្ឋអាជ្ញាបាននិយាយថា មុនពេលចូលទៅលាក់ខ្លួន ជនសង្ស័យរូបនេះ បានរៀបចំការដឹកជញ្ជូន និងចែកចាយថ្នាំញៀន មេតំហ្វេតាមីន ៤០,០០០គីឡូក្រាម និងកូកាអ៊ីន ២,០០០គីឡូក្រាម ពីម៉ិកស៊ិក ទៅកាន់សហរដ្ឋអាមេរិក។ លោកក៏ត្រូវបានគេចោទប្រកាន់ថា បានចាប់ពង្រត់សមាជិកពីរនាក់ រកងទ័ពជើងទឹកម៉ិកស៊ិក ដែលជាផ្នែកមួយនៃការប៉ុនប៉ង ដោះដូរសេរីភាពម្តាយក្មេក បន្ទាប់ពីត្រូវបានអាជ្ញាធរម៉ិកស៊ិកចាប់ខ្លួន ទៀតផង៕

ប្រភពពី CNN, ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner