សម្ដេចតេជោ ហ៊ុន សែន រំលឹកពីកម្ពុជា បានប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាម​ស៊ីវិល​ដោយខ្លួនឯង ក្រោយកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ដែលអ៊ុនតាក់ សម្រេចមិនបាន

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា កិច្ចព្រមព្រៀង​ទីក្រុងប៉ារីស ត្រូវបានចុះហត្ថលេខា អ្វីដែលជាកិច្ចជាគោលបំណងធំ នៃ​កិច្ចព្រមព្រៀងទីក្រុងប៉ារីសចង់បាន អ៊ុនតាក់មិនអាចសម្រេចបានទេ ពេល​អ៊ុនតាក់ត្រឡប់ទៅវិញ អ៊ុនតាក់ទុកឲ្យកម្ពុជាមានតំបន់២ ត្រួតត្រា និងតំបន់​រដ្ឋាភិបាល២ បន្តការប្រយុទ្ធគ្នា តទៅទៀត។ ដូច្នេះជម្រើសដែល​នៅសេស​សល់ គឺកម្ពុជាត្រូវធ្វើការងារនេះដោយខ្លួនឯង ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាត ICAPP លើកទី១២ បានលើកឡើង​ដូច្នេះ ក្នុងពិធីបើកមហាសន្និបាត ICAPP លើកទី១២ ក្រោមប្រធានបទ «ការ​ស្វែងរកសន្តិភាព និងការផ្សះផ្សា» នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោម​អធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជា​ប្រធានមហាសន្និបាត ICAPP លើកទី១២ ដោយមានការចូលរួម​ពីសំណាក់​គណៈប្រតិភូជាន់ខ្ពស់ ICAPP តំណាងគណបក្សនយោបាយ ៥២ប្រទេស ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប ។

សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា សម្ដេចខ្លួនឯងផ្ទាល់ ជាតួអង្គដ៏សំ​ខាន់​មួយរូប ដែលបានចូលរួមក្នុងការចរចារស្វែងរកសន្តិភាពរបស់កម្ពុជា ជា​មួយ​ព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ នៅឆ្នាំ១៩៨៧ ការចរចារ​ដ៏តានតឹងបាន ប្រើប្រាស់ពេលវេលាអស់រយៈពេល៤ឆ្នាំ មុនពេលដែល​កិច្ច​ព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីនយោបាយរួមមួយនៅកម្ពុជា ត្រូវបានចុះហត្ថ​លេ​ខា​មួយដោយភាគីជំនួសកម្ពុជាចំនួន៤ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ។

ត្រង់ចំណុចកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ សម្ដេចតេជោ ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា ការសម្រេចនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ និងការសម្រេច​បាននៅការបង្កើតអាជ្ញាធរ បណ្ដោះអាសន្នអង្គការ​សហប្រជាជាតិនៅកម្ពុជា ហៅកាត់ថា អ៊ុនតាក់ ត្រូវបានសហគមន៍អន្តរជាតិសាទរ និងចាត់ទុកថា ជាជោគជ័យដ៏ធំមួយ និងជាចំណុចរបត់មួយនៅក្នុងប្រវត្តិសាស្រ្តនៃកម្ពុជា ឈានទៅបញ្ចប់សង្រ្គាមស៊ីវិលដ៏យូរអង្វែង ដែលបានអូសបន្លាយអស់រយៈ​ពេល​ប្រមាណមួយទស្សវតន៍ និងនាំមកនូវសន្តិភាពដល់កម្ពុជា ។

សម្ដេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស​ត្រូវបានចុះហត្ថលេខា អ្វីដែលជាកិច្ចជាគោលបំណងធំ នៃកិច្ចព្រមព្រៀងទីក្រុ​ងប៉ារីសចង់បាន អ៊ុនតាក់មិនអាចសម្រេចបានទេ ពេលអ៊ុនតាក់ត្រឡប់ទៅវិញ អ៊ុនតាក់ទុកឲ្យកម្ពុជាមានតំបន់២ ត្រួតត្រា និងតំបន់រដ្ឋាភិបាល២ បន្តការប្រ​យុទ្ធគ្នា តទៅទៀត។ ដូច្នេះជម្រើសដែលនៅសេសសល់ គឺកម្ពុជាត្រូវធ្វើ​ការ​ងារ​នេះដោយខ្លួនឯង ។

សម្ដេចតេជោ ហ៊ុន សែន បន្ថែមថា ជាអកុសលកិច្ចការនេះ មិនមែនជា​ជោគ​ជ័យ​ពិតប្រាកដនោះទេ ក្រោយចំណាយទឹកថវិកាអស់ជិត ២០០០លាន​ដុល្លារ​អាមេរិក សម្រាប់បេសកម្មអ៊ុនតាក់ ដែលត្រូវបានបញ្ចប់នៅឆ្នាំ១៩៩៣ ប្រ​ទេ​ស​កម្ពុជានៅតែជាប្រទេសដែលបែកបាក់ និងជាប់ផុកក្នុងសង្គ្រាមស៊ីវិល​នៅ​ឡើយ ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា រហូតដល់ខែធ្នូឆ្នាំ១៩៩៨ តាម​រយៈ​នយោបាយឈ្នះឈ្នះ ដែលសម្ដេចបានតាក់តែងយ៉ាងប្រុងប្រយ័ត្ន ដើម្បី​ធ្វើ​ឲ្យមានតុល្យភាពរវាងសន្តិភាព ការផ្សះផ្សាជាតិ និងយុត្តិធម៌អន្តរកាល ទើប​នាំ​​មកនូវសន្តិភាពពេញលេញ នៅក្នុងប្រទេសកម្ពុជា ជាលើកដំបូងក្នុង​ប្រវត្តិ ៥០០ឆ្នាំ របស់ខ្លួន ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner