អនុប្រធានរដ្ឋឡាវ កោតសរសើរការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា
ភ្នំពេញ៖អនុប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានកោតសរសើរចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័ស លើគ្រប់វិស័យរបស់កម្ពុជាដែលបានធ្វើឱ្យកិត្យានុភាពរបស់កម្ពុជាកាន់តែលេចធ្លោនៅលើឆាកអន្តរជាតិ។
លោកជំទាវ ប៉ានី យ៉ាតធូទូ (Pany Yathotou )បញ្ជាក់ដូច្នេះក្នុងឱកាសជួបពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅវិមាន៧មករាកាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ក្នុងឱកាសអញ្ជើញ ចូលរួមមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ ។កិច្ចពិភាក្សាបានផ្តោតលើការបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យជាច្រើន មានជាអាទិ៍វិស័យ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច, ថាមពល, សន្តិសុខ និងការពារជាតិ, ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន ។
ក្នុងឱកាសនេះដែរលោកជំទាវអនុប្រធានរដ្ឋឡាវបានសម្តែងការអបអរសាទរជូនចំពោះសម្ដេចបវរធិបតីដែលត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីកម្ពុជានិងកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជាដែលបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើងក៏ដូចជាបានធ្វើឱ្យកិត្យានុភាពរបស់កម្ពុជាកាន់តែលេចធ្លោនៅលើឆាកអន្តរជាតិ។
លោកជំទាវបានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះនៃមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ ដោយបានរៀបចំបានយ៉ាងល្អប្រសើរ។លោកជំទាវក៏បានពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងឡាវ និងកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណដល់រាជដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្ដល់នូវការគាំទ្រដល់រដ្ឋាភិបាល និងប្រជាជនឡាវគ្រប់កាលៈទេសៈ។
ចំណែកសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានអរគុណលោកជំទាវអនុប្រធានរដ្ឋ និងគណៈប្រតិភូដែលបានអញ្ជើញចូល រួមនៅក្នុងមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ ។សម្ដេចបានបង្ហាញនូវការពេញចិត្តនិងវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។សម្ដេចបវរធិបតីជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី នឹងកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត ៕
ដោយ៖វណ្ណលុក