លោក ហេង សំណាង៖ ទណ្ឌិតក្បត់ជាតិ៣ជំនាន់ជ្រុលនិយម សម រង្ស៊ី និងបក្ខពួកកំពុងបំផុសបំផុលចរិត«ភេរវកម្ម» នៅកម្ពុជា
ភ្នំពេញ៖ លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល បានលើកឡើងថា ទណ្ឌិតក្បត់ជាតិ៣ជំនាន់ជ្រុលនិយម សម រង្ស៊ី និងបក្ខពួកមួយក្តាប់តូចរបស់ខ្លួនកំពុងធ្វើសកម្មភាព «ភេរវកម្ម» នៅកម្ពុជា បន្ទាប់ពីក្រុមជ្រុលនិយមក្រៅច្បាប់ទាំងនេះ បានចាប់ផ្តើមប្រើរូបភាពនានា ពិសេសការប៉ុនបង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ម្តងហើយម្តងទៀត។
លោក ហេង សំណាង ថ្លែងថា «ម្តងហើយម្តងទៀត ក្រុមជ្រុលនិយម ពិសេសទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី តែងតែបំផុសបំផុល ញុះញង់ ប្រឌិតរឿង បង្កើតជាបញ្ហា ជាច្រើនឆាំ្ន អស់ពីរឿងមួយចូលរឿងមួយមិនចេះដាច់ ដោយប្រើវិធីសាស្រ្តទុច្ចរិត ដោយទណ្ឌិតរូបនេះ មិនដែលគិតថាសុខទុក្ខប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរនោះទេ ដោយសារតែមហិច្ឆិតាផ្ទាល់ខ្លួន។ សូម្បីតែសកម្មជនរបស់គេក៏បោកបញ្ឆោត ហើយធ្លាក់ខ្លួនជាជនរងគ្រោះ»។ បើតាម លោក ហេង សំណាង ថ្មីៗនេះទណ្ឌិតក្បត់ជាតិ សម រង្ស៊ី តែងតែបំផុសចលនាខុសច្បាប់ តាមបណ្តាញសង្គមរបស់គេ និងបក្សពួកមួយក្តាប់តូច ឱ្យប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរ។ ទង្វើនេះ ជាសកម្មភាពភេរវកម្មសុទ្ធសាត និងមិនអាចប្រកែកបានជាដាច់ខាត។
ក្នុងនាមជាយុវជន លោក ហេង សំណាង បានសម្តែងការសោកស្តាយ និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះជនអគតិជ្រុលនិយមមួយក្តាប់តូចទាំងនោះ ពិសេសទណ្ឌិតក្បត់ជាតិដែលរត់ភៀសខ្លួននៅក្រៅប្រទេស។ ដូច្នេះរាល់ការធ្វើសកម្មភាព អំពាវនាវ និងបំផុសបំផុល ញុះញង់ និងតែងតែប្រឌិត បង្កើតព័ត៌មានក្លែងក្លាយពីសំណាក់ជនអគ្គតិទាំងនេះ ដែលធ្វើឱ្យពលរដ្ឋខ្មែរមានការភ័ន្តច្រឡំ គឺ លោកប្រកាស ប្រឆាំងដាច់ខាត។ ជាមួយគ្នានេះ លោក សូមអំពាវនាវដល់មហាជនខ្មែរ រួមសាមគ្គីគ្នា បណ្តុះមនសិការ ស្នេហាជាតិឱ្យកាន់តែរឹងមាំ ‹‹រួមគ្នាកម្ចាត់មនោគមវិជ្ជានយោបាយខ្មៅកខ្វក់របស់ក្រុមជ្រុលនិយមឱ្យអស់ចេញពីកម្ពុជា›› និងសូមក្រើនរម្លឹកដល់បងប្អូនយុវជន សកម្មជនប្រឆាំង ឬបងប្អូនអ្នកគាំទ្រក្រុមជ្រុលនិយម សូមកុំចាញ់កល់ចូលសូង ពាក់ព័ន្ធ ជាមួយក្រុមជ្រុលនិយមជាឧទ្ទាមក្រៅច្បាប់ ដែលមានចរិតជាភេរវកម្ម។ ពិសេសលោក សូមអំពាវនាវដល់អាជ្ញាធរមានសម្ថតកិច្ច មេត្តាចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនទាំងឡាយណាដែលប្រឌិតនិងបង្កើតព័ត៌មានក្លែងក្លាយកេងចំណេញនយោបាយចង់ធ្វើឲ្យប្រទេសកម្ពុជាមានភាពវឹកវរ៕
ដោយ៖ពលជ័យ