វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្វាយរៀងបន្តធ្វើនៅក្រុងបាវិត
ស្វាយរៀង៖ឯកឧត្តម សំ ប៊ុណ្ណារិន សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀងតំណាងឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ែន អេង អភិបាលរងខេត្តតំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តកាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤បានអញ្ជើញចូលរួមវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្វាយរៀងអាណត្តិទី៤ ឆ្នាំ២០២៤ស្ថិតនៅសាលាសង្កាត់បាវិត ក្រុងបាវិត។
ក្នុងឱកាសនេះឯកឧត្តម សំ ប៊ុណ្ណារិន សមាជិកក្រុមប្រឹក្សាខេត្តបានថ្លែងថា វេទិកានាថ្ងៃនេះដើម្បីប្រមូលមតិយោបល់ បញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជាពលរដ្ឋ យកមកពិភាក្សាស្រាយបំភ្លឺ និងធ្វើការដោះស្រាយឱ្យចំគោលដៅ ប្រកបដោយប្រសិទ្ធិភាព និងទាន់ពេលវេលា។ឯកឧត្តមបន្តថា រាល់ការលើកឡើងក្នុងវេទិកានាថ្ងៃនេះក្នុងករណីដោះស្រាយ បានភ្លាមៗ អាជ្ញាធរក៏ដូចជាក្រុមប្រឹក្សា គណៈអភិបាល មន្ទីរពាក់ព័ន្ធ នឹងធ្វើការដោះស្រាយជូនភ្លាមៗ។ចំពោះករណី មិនអាចដោះស្រាយបានភ្លាមៗ នឹងលើកយកទៅពិភាក្សារកដំណោះស្រាយជូននៅពេលក្រោយដោយមិនទុកបញ្ហា និងសំណូមពរចោល ឬគេចវេសពីបញ្ហាដែលបានលើកឡើងក្នុងវេទិកានេះឡើយ។
ចំណែកលោកអភិបាលរងខេត្តបានលើកឡើងថា តាមរយៈវេទិកានេះនឹងផ្ដល់ឱកាសដល់អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់មានសិទ្ធស្មើគ្នា ក្នុងការចូលរួមទទួលព័ត៌មានអំពីសមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបាន និងអាចលើកឡើងអំពីបញ្ហាប្រឈម និងសំណូមពរនានា ដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួនមកកាន់អាជ្ញាធរ ក៏ដូចជាក្រុមប្រឹក្សានិងគណៈអភិបាលខេត្តដើម្បីធ្វើការពិនិត្យដោះស្រាយជូនឱ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕
ដោយ៖ នុត នាង