កម្ពុជា និងចិន រៀបចំសន្និសីទស្តីពីស្តង់ដារភេសជ្ជៈប្រពៃណីមានជាតិអាល់កុល

ភ្នំពេញ ៖ ឯកឧត្តម កែ គី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា វិទ្យាស្ថានស្តង់ដារកម្ពុជាថ្មីៗនេះ បានសិក្សា និងរៀបចំជាស្តង់ដារជាតិសម្រាប់ផលិតផលស្រាអង្ករ និងបានកំណត់ជាបទប្បញ្ញត្តិបច្ចេកទេសទៅលើបរិមាណមេតាណុលក្នុងកម្រិតអនុញ្ញាត ដើម្បីជាប្រយោជន៍ដល់សុខុមាលភាពសាធារណៈ។

ឯកឧត្តម កែ គី បានថ្លែងបែបនេះ ក្នុងឱកាសចូលរួមជាអធិបតីបើកសន្និសីទកម្ពុជា-ចិនស្តីពី «ស្តង់ដារភេសជ្ជៈប្រពៃណីមានជាតិអាល់កុល» ក្រោមកិច្ចសហការរៀបចំឡើងដោយវិទ្យាស្ថានស្តង់ដារកម្ពុជា (ISC) និងវិទ្យាស្ថានស្រាវជ្រាវជាតិចិនផ្នែកឧស្សាហកម្មម្ហូបអាហារ និងបន្ទុំ (China National Research Institute of Food & Fermentation Industries – CNRIFFI) នៅសណ្ឋាគារសុខា នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។

តាងនាមតំណាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តម កែ គី បានកោតសរសើរ និងថ្លែងអំណរគុណចំពោះវិទ្យាស្ថានស្រាវជ្រាវជាតិចិន ផ្នែកឧស្សាហកម្មម្ហូបអាហារ និងបន្ទុំ ដែលបានផ្តួចផ្តើមធ្វើកិច្ចសហការជាមួយវិទ្យាស្ថានស្តង់ដារកម្ពុជា (ISC) ធ្វើការសិក្សាស្រាវជ្រាវ និងរៀបចំជាយន្តការ ដើម្បីធ្វើឲ្យផលិតផលស្រា ឬភេសជ្ជៈមានជាតិអាល់កុល មានគុណភាព និងសុវត្ថិភាពដែលអាចចរាចរបាននៅលើទីផ្សារ និងបានស្នើដល់វិទ្យាស្ថានស្រាវជ្រាវជាតិចិនផ្នែកឧស្សាហកម្មម្ហូបអាហារនិងបន្ទុំ ជួយឧបត្ថម្ភគំាទ្រទំាងផ្នែកបច្ចេកទេស និងធនធានចំាបាច់នានាដល់កម្ពុជា ដើម្បីឱ្យកិច្ចសហប្រតិបត្តិការនេះអាចប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាពជោគជ័យ និងសម្រេចបានទៅតាមគោលដៅដែលបានគ្រោងទុក។

ឯកឧត្តម កែ គី ក៏បានគូសបញ្ជាក់ថា ប្រជាជនខ្មែរមានដើមកំណើត និងតំាងទីលំនៅនៅលើទឹកដីសុវណ្ណភូមិនេះ តំាងពីរាប់ពាន់ឆ្នំាមកហើយ និងមានអរិយធម៌ វប្បធម៌ ប្រពៃណី និងទំនៀមទំលាប់ដ៏រុងរឿង របស់ខ្លួនតំាង ពីយូរលង់ណាស់មកហើយដែរ ជាពិសេសក្នុងសម័យអង្គរ។ ស្របជាមួយនឹងវត្តមាននៃអរិយធម៌ វប្បធម៌ ប្រពៃណី និងទំនៀមទំលាប់ដ៏ល្អប្រសើររបស់ខ្លួនប្រជាជនខ្មែរក៏មានមុខម្ហូប និងស្រា ប្រពៃណីផងដែរ។ ស្រា ឬសុរា ត្រូវបានប្រជាជនខ្មែរផលិតចេញពីអង្ករស អង្ករដំណើបស អង្ករដំណើបខ្មៅ និងផ្លែឈើច្រើនប្រភេទទៀត ទៅតាមចំណង់ចំណូលចិត្ត និងទៅតាមតម្រូវការនៃទីផ្សារនាពេលនោះ។

ឯកឧត្តម កែ គី បន្ថែមថា ជាការកត់សម្គាល់ចំណេះដឹងនៃការផលិតស្រាក្នុងសង្គមខ្មែរពីអតីតកាល ត្រូវបានផ្ទេរពីឪពុកម្តាយទៅកូនឬទៅចៅ ជាលក្ខណៈ ខ្សែស្រឡាយក្នុងគ្រួសារ ហើយការកត់ត្រា ពីរបៀបនៃការផលិតស្រាតាមលក្ខណៈគ្រួសារនេះ ត្រូវបានធ្វើទៅតាមគ្រួសារនីមួយៗ និងមិនបានប្រើប្រាស់ឲ្យបានទូលំទូលាយក្នុងសង្គមខ្មែរទាំងមូលនាពេលនោះទេ។ ក្រោយមកទៀត ទើបមានការ ផលិត ស្រាជាលក្ខណៈសិប្បកម្មខ្នាតតូច និងមធ្យម និងមានរោងចក្រមួយចំនួនតូចផងដែរ។ ប៉ុន្តែដោយសារការកើតមានសង្គ្រាមរុំារ៉ៃប៉ុន្មានទសវត្សរ៍កន្លងទៅនេះ ជាពិសេសក្នុងរបប៣ឆ្នាំ៨ខែ និង២០ថ្ងៃ រាល់កំណត់ត្រានិងឯកសារបច្ចេកទេសនិងបច្ចេកវិទ្យាផលិតស្រាត្រូវបានបំផ្លាញចោលទាំងស្រុង។

ឯកឧត្តមរដ្ឋលេខាធិការបន្ថែមទៀតថា ថ្មីៗនេះវិទ្យាស្ថានស្តង់ដារកម្ពុជា ក៏បានសិក្សានិងរៀបចំជាស្តង់ដារជាតិសម្រាប់ផលិតផលស្រាអង្ករ និងបានកំណត់ជាបទប្បញ្ញត្តិបច្ចេកទេសទៅលើបរិមាណមេតាណុល ក្នុងកម្រិតអនុញ្ញាត ដើម្បីជាប្រយោជន៍ ដល់សុខុមាលភាពសាធារណៈផងដែរ។ លោក GUO XINGUANG ប្រធានវិទ្យាស្ថានស្រាវជ្រាវជាតិចិន ផ្នែកឧស្សាហកម្មម្ហូបអាហារនិងបន្ទុំ បានឱ្យដឹងថា សន្និសីទកម្ពុជា-ចិនស្តីពី «ស្តង់ដារភេសជ្ជៈប្រពៃណីមានជាតិអាល់កុល» គឺជាវេទិកានៃការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការវាងភាគីចិន និងភាគីកម្ពុជា។

លោកបានបង្ហាញភាពជឿជាក់ថា ឆ្លងកាត់ការស្រាវជ្រាវ និងការផ្លាស់ប្តូយោបល់ជាមួយគ្នា កម្ពុជា-ចិន និងអាចជំរុញការផ្លាស់ប្តូរ និងការគោរពគ្នាទៅវិញទៅមកនៃវប្បធម៍ស្រា របស់ភាគីនីមួយៗ និងជួយជំរុញឱ្យមានស្តង់ដារមួយជាមួយគ្នា និងមានការឯកភាពគ្នាក្នុងការជំរុញឧស្សាហកម្មស្រា រវាងភាគីទាំងពីរ ឱ្យទទួលបានការអភិវឌ្ឍ និងលើកកម្ពស់គុណភាពផលិតផលស្រាឱ្យមានបស្តង់ដារគតិយុទ្ធ។

លោក GUO XINGUANG បានឱ្យដឹងទៀតថា ប្រទេសចិន និងកម្ពុជា គឺជាប្រទេសដែលមានអរិយធម៍ និងវប្បធម៍ដ៏យូលង់ណាស់មកហើយ ហើយវប្បធម៍ស្រា គឺជាសម្បត្តិដ៏សំបូរបែបដែលមានដូចគ្នា ផងដែរ តាំងពីស្រា ស របស់ប្រទេសចិន រហូតមកដល់ស្រាអង្ករ របស់ប្រទេសកម្ពុជា ដែលបានបង្ហាញពីញើសសឈាម និងភាពវ័យឆ្លាតនៃអ្នកបិទស្រានីមួយៗ ដែលបានបង្ហាញពីជីវភាព និងការស្វែងរកវប្បធម៍នៃគុណភាពជីវិតរបស់ពួកគេផងដែរ៕ អត្ថបទ ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner