មន្រ្តីជំនាញប្រជុំនិយាយពីលទ្ធផលត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

បន្ទាយមានជ័យ៖មន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណការ និងដឹក​ជញ្ជូន​​,មន្ទីរសាធារណការខេត្តបន្ទាយមានជ័យ រួមទាំងមន្រ្តី នគរបាល​ចរាចរណ៍ខេត្តផងបានជួបប្រជុំគ្នា នៅមន្ទីរសាធារណ​ការខេត្តកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ដើម្បីពិនិត្យ លទ្ធផល​នៃការត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស។

តាមរបាយការណ៍មន្ទីរសាធារណការ និងដឹកជញ្ជូន​ខេត្តបាន​ឱ្យដឹងថា រយៈពេល១១ខែឆ្នាំ២០២៤ក្រុមការងារត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្តខេត្តបានចុះអនុវត្តការងារ នៅគោលដៅត្រួតពិនិត្យលើកំណាត់ផ្លូវជាតិលេខ៥និងផ្លូវជាតិ លេខ៦ ក្នុងភូមិសាស្ត្រខេត្ត។ជាលទ្ធផលត្រួតពិនិត្យសរុបចំនួន ៥.៩៣៨ គ្រឿង ក្នុងនោះយានយន្តត្រឹមត្រូវចំនួន ៥.៣៥៤ គ្រឿង និងការត្រួតពិនិត្យបច្ចេកទេស(ឆៀក) ហួសសុពលភាព៦៤គ្រឿង។

ក្នុងកិច្ចប្រជុំខាងលើ ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃ​ខេត្ត​បន្ទាយមានជ័យក៏បានលើកឡើងពីលំបាកមួយចំនួនក្នុងការអនុវត្ត នីតិវិធីច្បាប់។លោក តាំង ពៅ អនុប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវ​គោកនៃក្រសួងសាធារណការនិងដឹកជញ្ជូន បានផ្តល់នូវការណែ
នាំមួយចំនួន ក្នុងនោះក៏មានការធ្វើបច្ចុប្បន្នភាពលើការគ្រប់​គ្រង​យានយន្តកែច្នៃមិនត្រូវតាមបច្ចេកទេសឱ្យងាកមកកែច្នៃត្រូវ តាម​លក្ខណៈ​បច្ចេកទេសវិញ ដើម្បីចៀសវាងការប្រឈមគ្រោះថ្នាក់ និងប៉ះពាល់បរិស្ថានតាមដងផ្លូវ។

ឯកឧត្តម សេង ឈួង រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹក​ជញ្ជូននិងជាប្រធានក្រុមត្រួតពិនិត្យយានយន្តកែច្នៃខុស លក្ខណៈ​បច្ចេកទេសបានជំរុញដល់ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តបន្ទាយមានជ័យឱ្យបន្តទប់ស្កាត់នូវយានយន្តក៏ដូចជាយានដ្ឋានដែលកែច្នៃខុសលក្នណៈបច្ចេកទេសរបស់ក្រសួងបានកំណត់តាមច្បាប់ដែលបានណែនាំរួចមកហើយ។ទន្ទឹម​នេះត្រូវ​ជំរុញដល់ម្ចាស់រថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសត្រូវបង់ការផាកពិន័យ។ម្ចាស់យានដ្ឋាន ប្រើប្រាស់អាជ្ញាបណ្ណហួសកាលកំណត់​ត្រូវ​ទៅ​បន្តសុពលភាព ៕
ដោយ៖ គៀន ច័ន្ទហ៊ីន

ads banner