កម្ពុជា-វៀតណាម ប្តេជ្ញាបន្តជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ
ភ្នំពេញ៖កម្ពុជា-វៀតណាម ប្តេជ្ញាបន្តជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត ។ នេះបើតាមលទ្ធផលនៃជំនួបពិភាក្សាការងាររវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្ដម ជិន ថាញ់មិន (Tran Thanh Man)ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាមនារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ និងចូលរួមមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា ។
ក្នុងឱកាសនៃជំនួបឯកឧត្ដមប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានសម្ដែងនូវការកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំងក្លាប្រកបដោយភាពច្នៃប្រឌិតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភានិងមានជំនឿ ជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុនម៉ាណែត កម្ពុជានឹងមានការអភិវឌ្ឍឥតឈប់ឈរ បន្ថែមទៀត ដែលនឹងសម្រេចបាននូវចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជាជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ ។
ឯកឧត្ដមប្រធានរដ្ឋសភាបានបញ្ជាក់ជូនសម្ដេចបវរធិបតីពីបានប្ដេជ្ញាចិត្តក្នុងការបន្តលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិ ការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរនិងបង្ហាញការគាំទ្រចំពោះការបន្តពង្រឹងនិងពង្រីកទំនាក់ទំនងរវាងក្រសួង-ស្ថាប័ននៃប្រទេសទាំងពីរ។
ជម្រាបជូនភ្ញៀវសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយចំពោះវឌ្ឍនភាពនិងការរីកចម្រើននៃ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក៏ដូចជាទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ។
សម្ដេចបវរធិបតីបានស្វាគមន៍ការប្តេជ្ញាចិត្តក្នុងការបន្តជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី លើគ្រប់វិស័យ ឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត ៕
ដោយ៖វណ្ណលុក