សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ី CT Corp ស្វែងរកឱកាសវិនិយោគលើវិស័យជាច្រើននៅកម្ពុជា
ភ្នំពេញ៖ប្រមុខសម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ី CT Corp បានបង្ហាញពីចំណាប់អារម្មណ៍វិនិយោគលើវិស័យហិរញ្ញវត្ថុ, សួនកំសាន្ត, អចលនទ្រព្យ,សណ្ឋាគារនិងផ្សារទំនើបនៅកម្ពុជា ។
នៅវិមានសន្តិភាពកាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកបណ្ឌិត Chairul Tanjung ប្រធានសម្ព័ន្ធក្រុមហ៊ុន CT Corp បានអញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ក្នុងឱកាសនេះលោកប្រធានសម្ព័ន្ធក្រុមហ៊ុនបានជម្រាបជូនសម្ដេចបវរធិបតីអំពីCT Corp គឺជាសម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំមួយដែលមានប្រតិបត្តិការអាជីវកម្មចម្រុះជាច្រើន ជាពិសេសលើវិស័យហិរញ្ញវត្ថុ, សួនកំសាន្ត,អចលនទ្រព្យ,សណ្ឋាគារនិងផ្សារទំនើប។លោកបានកោតសរសើរការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា និងគូសបញ្ជាក់អំពីចំណាប់អារម្មណ៍របស់សម្ព័ន្ធក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។
បញ្ជាក់ជូនភ្ញៀវសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាស វិនិយោគនៅកម្ពុជា និងបានបញ្ជាក់ថា កម្ពុជាមានវិស័យសក្តានុពល និងកាលានុវត្តភាពជាច្រើនសម្រាប់ក្រុមហ៊ុនក្នុងទីផ្សារនាំ ចេញ និងទីផ្សារក្នុងស្រុក។សម្ដេចបវរធិបតី បានចែករំលែកអំពីគោលនយោបាយ វិធានការនិងគំនិតផ្តួចផ្តើមសំខាន់ៗរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកទឹកចិត្ត និងធានាបរិស្ថានធុរកិច្ច ការវិនិយោគ និងភាពប្រកួតប្រជែងរបស់កម្ពុជា។
សម្ដេចបវរធិបតី និងលោកប្រធានសម្ព័ន្ធក្រុមហ៊ុនបានផ្លាស់ប្តូរយោបល់គ្នាលើកាលានុវត្តភាព និងវិស័យសក្តានុពលមួយចំនួន រួមមាន៖ វិស័យហិរញ្ញវត្ថុ, អចលនទ្រព្យ, កសិកម្ម និងកសិ-ឧស្សាហកម្ម, អប់រំ,បច្ចេកវិទ្យា, ទេសចរណ៍, សួនកំសាន្ត, សណ្ឋាគារ, ផ្សារទំនើបជាដើម ។
សម្ដេចបវរធិបតី បានបញ្ជាក់ថា កម្ពុជាមានការតភ្ជាប់ទីផ្សារយ៉ាងទូលំទូលាយក្នុងតំបន់ និងពិភពលោក ជាពិសេស តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាច្រើន។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ក៏ដូចជាដៃគូអាជីវកម្មក្នុងស្រុក ដើម្បីចាប់យកឱកាសវិនិយោគនៅកម្ពុជា៕
ដោយ៖វណ្ណលុក