តំណាង ICAPP កោតសរសើរប្រទេសកម្ពុជា ដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព

(ភ្នំពេញ)៖ តំណាង ICAPP កោតសរសើរប្រទេសកម្ពុជាដែលបន្តរក្សាបាន​នូវ​សន្ដិភាព និងស្ថិរភាព ខណៈពេលប្រទេសមួយចំនួនក្នុងតំបន់ និងពិភព​លោក​កំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់ ។ នេះជាការលើកឡើងរបស់ឯកឧត្ដម Chung Eui-Yong ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ និងសមាជិកគណៈ​ប្រតិភូ​នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) នាជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួម​មហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ នៅវិមាន៧មករា នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ បានវាយតម្លៃ​ខ្ពស់ចំពោះការរៀបចំបានយ៉ាងល្អប្រសើរនូវមហាសន្និបាត ICAPP លើកទី​១២ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្តមប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ និងសមាជិកគណៈប្រតិភូបាន​កោត​​សរសើរប្រទេសកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ដែល​ជា​មូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ខណៈប្រទេស​មួយ​ចំនួន​ក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់។

ឯកឧត្តមប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ និងសមាជិកគណៈប្រតិភូបាន​បាន​ចាត់​ទុកបទពិសោធន៍អំពីដំណើរការស្វែងរកសន្តិភាព និងការផ្សះផ្សាជាតិ នៅ​កម្ពុជា គឺជាករណីសិក្សាដ៏ជោគជ័យមួយ ដែលគួរត្រូវចែករំលែកដល់​ពិភព​លោក​ទាំងមូល។

ជាការឆ្លើយតប សម្ដេចបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះ ICAPP ដែលជា​អង្គការ​គណបក្សនយោបាយតំបន់មួយ និងគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់​របស់ ICAPP នៅក្នុងការតភ្ជាប់ និងកសាងទំនាក់ទំនង ព្រមទាំងកិច្ចសន្ទនា បំពេញបន្ថែមលើយន្តការរដ្ឋាភិបាល ដើម្បីរួមចំណែកដោះស្រាយបញ្ហា​សាកល ។

សម្ដេចបវរធិបតីបានសង្កត់ធ្ងន់លើតម្លៃនៃសន្ដិភាព និងការផ្សះផ្សាជាតិ ដែល​មានសារសំខាន់សម្រាប់ប្រទេសជាតិនីមួយៗ, តំបន់, និងសកលលោក។ ក្នុង​ន័យនេះ សម្ដេចបវរធិបតី បានចែករំលែកបន្ថែមអំពីបទពិសោធន៍ នៃដំណើរ​ស្វែង​រកសន្តិភាព និងការផ្សះផ្សាជាតិ នៅកម្ពុជា តាមរយៈនយោបាយ “ឈ្នះ ឈ្នះ” របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបាននាំមកនូវ​សន្តិភាព​ពេញលេញ និងផ្ដល់លទ្ធភាពឱ្យកម្ពុជាមានការអភិវឌ្ឍប្រទេស​លើ​គ្រប់វិស័យ។

សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ថា ភាពជាអ្នកដឹកនាំ និងការកសាងភាព​ជឿទុកចិត្ត គឺជាយន្តការគន្លឹះដ៏សំខាន់ ក្នុងការរួមចំណែកស្វែង​រកសន្តិភាព​ពេញលេញ នៅកម្ពុជា។

សម្ដេចបវរធិបតី និងឯកឧត្តមប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP និង​សមាជិកគណៈប្រតិភូ ក៏បានពិភាក្សាផងដែរ អំពីបញ្ហាតំបន់ និងអន្តរជាតិ​មួយ​ចំនួន ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner