Nissan នៅថៃនឹងកាត់បន្ថយ ឬផ្ទេរបុគ្គលិក១,០០០នាក់
បាងកក៖ កាសែតថៃ Bangkok Post បានចេញផ្សាយថា ក្រុមហ៊ុន Nissan Motor នឹងកាត់បន្ថយ ឬ ផ្ទេរការងារ បុគ្គលិក ប្រហែល ១,០០០នាក់ នៅក្នុងប្រទេសថៃ ខណៈដែលក្រុមហ៊ុននេះ កាត់បន្ថយផលិតកម្ម នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយជាផ្នែកនៃផែនការកាត់បន្ថយកម្លាំងពលកម្ម ទូទាំងពិភពលោក ដែលទើបតែប្រកាសឲ្យដឹង នេះបើតាមប្រភពដឹងពីបញ្ហានេះ ហើយបានថ្លែងប្រាប់ Reuters នៅថ្ងៃសុក្រនេះ។
ផ្អែកតាមប្រភព ក្រុមហ៊ុន Nissan គ្រោងនឹងបញ្ឈប់ការផលិតមួយផ្នែក នៅរោងចក្រ Thailand Plant No.1 ដែលជារោងចក្រដំឡើងរថយន្តមួយ ក្នុងចំណោមរោងចក្រដំឡើងរថយន្តចំនួនពីរ នៅក្នុងប្រទេស ហើយបង្រួមប្រតិបត្តិការទៅក្នុងរោងចក្រ Plant No.2 នៅខែកញ្ញា ឆ្នាំក្រោយ នេះបើតាមប្រភព ដែលមិនត្រូវបានអនុញ្ញាត ឱ្យនិយាយអំពីបញ្ហានេះ។
អ្នកនាំពាក្យក្រុមហ៊ុន Nissan បានបដិសេធ មិនធ្វើអត្ថាធិប្បាយ លើការកាត់បន្ថយការងារនេះទេ ប៉ុន្តែបាននិយាយថា ការបង្រួបបង្រួមមួយផ្នែកនៃរោងចក្រកំពុងដំណើរការដើម្បីធ្វើឱ្យប្រសើរឡើង ហើយគ្មានរោងចក្រណាមួយ នឹងត្រូវបិទ នៅទីនោះទេ។
ក្រុមហ៊ុនផលិតរថយន្តជប៉ុន ដែលកំពុងជួបការលំបាកមួយនេះ កាលពីដើមខែ បានប្រកាសពីផែនការកាត់បន្ថយការងារចំនួន ៩,០០០នាក់ នៅទូទាំងពិភពលោក បន្ទាប់ពីបានប្រកាសប្រាក់ចំណូលពាក់កណ្តាលឆ្នាំ អាក្រក់ជាងការរំពឹងទុក។ នៅសហរដ្ឋអាមេរិក បុគ្គលិកក្នុងស្រុកប្រហែល ៦% ចាកចេញពីក្រុមហ៊ុន Nissan នៅចុងឆ្នាំនេះ ដោយទទួលយកកញ្ចប់ប្រាក់ចូលនិវត្តន៍ មុនកាលកំណត់។
រោងចក្រថៃទាំងពីរ ស្ថិតនៅខេត្ត សាមុត ប្រាកាន។ ជាអតិបរមា រោងចក្រទី១ មានសមត្ថភាពផលិតប្រហែល ២២ម៉ឺនគ្រឿង ខណៈរោងចក្រទី២ មានសមត្ថភាពផលិតបាន ១៥ម៉ឺនគ្រឿង ដែលធ្វើឱ្យប្រទេសថៃក្លាយជាមជ្ឈមណ្ឌលផលិតកម្មអាស៊ីអាគ្នេយ៍ ដ៏ធំបំផុត របស់ក្រុមហ៊ុន Nissan ។
យ៉ាងណាមិញ ការលក់របស់ក្រុមហ៊ុន Nissan នៅក្នុងប្រទេសថៃ បានធ្លាក់ចុះ ៣០% មកនៅត្រឹមប្រហែល ១៤,០០០ គ្រឿង នៅក្នុងឆ្នាំហិរញ្ញវត្ថុចុងក្រោយ ដែលបានបញ្ចប់ត្រឹមខែមីនា។ ខណៈដែលក្រុមហ៊ុនផលិតរថយន្តជប៉ុននានា រួមទាំង តូយ៉ូតា និងហុងដា បានគ្រប់គ្រងទីផ្សារប្រទេសថៃ អស់រយៈពេលជាច្រើនឆ្នាំ ស្រាប់តែ បច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតរថយន្តចិន ដូចជា BYD និង SAIC កំពុងរីកចម្រើន យ៉ាងឆាប់រហ័ស ជាមួយនឹងជម្រើស រថយន្តអគ្គិសនី ឬ EV នេះបើតាមកាសែត Bangkok Post ដដែល៕
ប្រភព៖ Bangkok Post , ប្រែសម្រួល៖ សារ៉ាត