បន្លែ,ផ្លែឈើវៀតណាមនាំចេញកើនឡើងខ្លាំង
ហាណូយ៖ កាសែត VNexpress បានចេញផ្សាយថា ការនាំចេញផ្លែឈើ និងបន្លែ វៀតណាម មានតម្លៃប្រមាណ ៦,៦ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល១១ខែដំបូង នៃឆ្នាំ២០២៤ ពោលគឺកើនឡើង ២៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
សមាគមន៍បន្លែ និងផ្លែឈើវៀតណាមបានប៉ាន់ស្មាន ដោយផ្អែកលើទិន្នន័យគយ បង្ហាញពីការនាំចេញ ទៅកាន់ទីផ្សារធំៗ ដែលកំពុងកើនឡើង ក្នុងអត្រាពីរខ្ទង់។ លោក Dang Phuc Nguyen អគ្គលេខាធិការរបស់សមាគម បានមានប្រសាសន៍ថា ប្រទេសចិនមានតម្រូវការខ្ពស់សម្រាប់បន្លែ និងផ្លែឈើ ជាពិសេស ធូរេនវៀតណាម។ លោកបានបន្តថា ប្រសិនបើការនាំចេញទៅប្រទេសនេះ បន្តកើនឡើង ក្នុងអត្រាដូចពេលបច្ចុប្បន្ន វៀតណាមអាចនឹងវ៉ាដាច់ប្រទេសថៃ ក្នុងនាមជាអ្នកផ្គត់ផ្គង់ទុរេនកំពូល របស់ប្រទេសចិន ក្នុងរយៈពេល១ ឬ ២ឆ្នាំទៀត។
ផ្លែដូង ផ្លែបឺរ និងផលិតផលកសិកម្មមួយចំនួនទៀត កំពុងពេញនិយម នៅក្នុងសហរដ្ឋអាមេរិក ខណៈដែលប្រទេសថៃក៏បានបង្កើនការនាំចូលផ្លែឈើ ពីប្រទេសវៀតណាម នៅឆ្នាំនេះ ដោយសារផលិតកម្មរបស់ខ្លួន ត្រូវបានរងផលប៉ះពាល់ ដោយសារតែអាកាសធាតុ មិនអំណោយផល។
លោកអគ្គលេខាធិការសមាគមន៍បានថ្លែងរំពឹងថា ការនាំចេញបន្លែ និងផ្លែឈើនឹងកើនដល់ ៧ពាន់លានដុល្លារ ក្នុងឆ្នាំនេះ៕
ប្រភព៖VNepxress ប្រែសម្រួល៖ សារ៉ាត