សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយបណ្ដាប្រធានគណ:ប្រតិភូ នៃកិច្ចប្រជុំពេញអង្គសភាអន្តរជាតិ ដើម្បីការអត់ឱន និងសន្តិភាព លើកទី១១

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយបណ្ដាប្រធានគណ:ប្រតិភូ នៃកិច្ចប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព នៅមុនកិច្ចប្រជុំ លើកទី១១ (IPTP 11) ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ផងដែរ ។

សូមជម្រាបថា ពិធីបើកច្ចប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១ ជាផ្លូវការ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រួមជាមួយឥស្សរជនជាប្រធានស្ថាប័នសភាអន្តរជាតិមួយចំនួនទៀត ។

ក្នុងពិធីបើកសម័យប្រជុំនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងថ្លែងបទបាឋកថា ពិសេសស្តីពីដំណើរការកសាងសន្តិភាព តាមរយៈការអនុវត្តនយោបាយឈ្នះ-ឈ្នះ។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីកៀរគរការចូលរួមពីបណ្តាប្រទេសនានាលើពិភពលោក ជួយជំរុញលើកកម្ពស់សន្តិភាព ការអត់ឱន និងការអភិវឌ្ឍ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដោយសហការជាមួយភាគីពាក់ព័ន្ធ ។

សម័យប្រជុំនឹងដំណើរការទៅដោយចែកចេញជា២វគ្គ មាន-១៖ ពិភាក្សាអំពីការជំរុញ និម្មាបនកម្មសកល ដើម្បីសន្តិភាព ការកសាងសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន និងសម្រាប់កិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាល សភា និងសង្គមស៊ីវិល , ២៖ ពិភាក្សាអំពី ការពង្រឹងពហុភាគីនិយមកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូសម្រាប់សន្តិសហវិជ្ជមាន និងការតភ្ជាប់ប្រកបដោយបរិយាបន្ន។

ទន្ទឹមនឹងនេះ IPTP គ្រោងនឹងដាក់ចេញសេចក្តីប្រកាសទីក្រុងភ្នំពេញ និងធម្មនុញ្ញសន្តិភាព សម្រាប់មនុស្សជាតិ និងភពផែនដី ដែលផ្តោតទៅលើគន្លឹះសំខាន់ៗចំនួន៥ ជាអាទិ៍ ១. ការទប់ស្កាត់ជម្លោះ ២. ការកសាងសន្តិភាព ៣. យុត្តិធម៌អន្តរកាល ៤. ការកសាងប្រទេសឡើងវិញក្រោយជម្លោះ ដើម្បីឆ្លើយតបទៅនឹងបញ្ហាមនុស្សធម៌ និងគ្រោះមហន្តរាយ និង ៥.សន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងបរិបថនៃការប្រែប្រួលអាកាសធាតុ ។

ក្នុងអំឡុងពេលសម័យប្រជុំនេះ ក៏នឹងមានកិច្ចប្រជុំគណៈកម្មាធិការជំនាញចំនួន៥ផងដែរ ក្នុងនោះរួមមាន៖ ១. កិច្ចប្រជុំគណៈកម្មាធិការសន្តិភាពនិងការផ្សះផ្សា ២. កិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការអន្តរជាតិ ៣. កិច្ចប្រជុំ គណៈកម្មាធិការសន្តិសុខ ស្បៀងអាហារ-ថាមពល-ទឹកនិងបរិស្ថាន ៤. កិច្ចប្រជុំគណៈកម្មាធិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ៥. កិច្ចប្រជុំគណៈកម្មាធិការច្បាប់ និងយុត្តិធម៌។

ជាមួយគ្នានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏មានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារទ្វេភាគី ជាមួយប្រធានស្ថាប័នអន្តរសភាអន្តរជាតិ ប្រធានសភា និងប្រធានគណៈប្រតិភូសភានៃបណ្តាប្រទេសជា សមាជិក អាយភីធីភី មួយចំនួនផងដែរ។

សូមបញ្ជាក់ថា IPTP គឺជាស្ថាប័ននីតិប្បញ្ញត្តិនៃក្រុមប្រឹក្សាសកលសម្រាប់ការអត់ឱន និងសន្តិភាព (GCTP) ដែលជាអង្គការអន្តរជាតិមួយ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧។ IPTP គឺជាវេទិកាសម្រាប់សមាជិកសភា ពិភាក្សាលើបញ្ហានៃសន្តិភាពពិភពលោក។ សម័យប្រជុំនីតិវិធីដំបូងរបស់ IPTP ត្រូវបានប្រារព្ធឡើងនៅក្នុងសភានៃប្រទេសម៉ាល់តា នៅក្នុងឆ្នាំ២០១៨ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner