ប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ចាប់ផ្តើមព្រឹកនេះ

(ភ្នំពេញ)៖ តាមការគ្រោងទុក នៅម៉ោង ៨:០០នាទីព្រឹក បេក្ខជនចំនួន ២,៧២៥នាក់ (ស្រី ១,០៧៦នាក់) ត្រូវចូលរួមប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល។ ដើម្បីជាសក្ខីភាពនៃការចាប់ផ្តើមនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវិញ្ញាសាជានិមិត្តរូប ដោយមានការចូលរួមពីក្រុមប្រឹក្សាភិបាលសាលាភូមិន្ទរដ្ឋបាល តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងអ្នកសង្កេតការណ៍មហាជន និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ជាច្រើនរូបទៀត។

សូមជម្រាបជូនថា បេក្ខជនដែលចូលរួមប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ត្រូវឆ្លងកាត់ការប្រឡងលើវិញ្ញាសាចំនួន ២ប្រភេទ៖ (១) វិញ្ញាសាសរសេរភាសាអង់គ្លេស ឬភាសាបារាំង និង (២)វិញ្ញសាពហុចម្លើយពាក់ព័ន្ធនឹងមុខងារសាធារណៈ, ក្រមសីលធម៌វិជ្ជាជីវៈ, គោលនយោបាយរបស់រាជរដ្ឋាភិបាល, រដ្ឋបាលសាធារណៈ, វប្បធម៌ទូទៅ, ពលរដ្ឋវិទ្យា, ប្រវត្តិវិទ្យា, ភូមិសាស្ត្រកម្ពុជា, អាស៊ាន និងសេដ្ឋកិច្ច។

ដោយឡែក ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ ចែកចេញជាពីរវេន៖ វេនទី១ ចាប់ផ្តើមនៅម៉ោង ១៤:០០នាទី ដល់ម៉ោង ១៥:៣០នាទី និងវេនទី២ ចាប់ផ្តើមនៅម៉ោង ១៦:៣០នាទី ដល់ម៉ោង ១៨:០០នាទី ដោយប្រឡងលើវិញ្ញាសាពហុចម្លើយចំណេះដឹងទូទៅ ។

គូបញ្ជាក់ថា ក្នុងដំណើការប្រឡង និងដំណាក់កាលកំណែ ក្រោយការប្រឡង គឺមានការចូលរួមសង្កេតការណ៍ជាប្រចាំពី អង្គភាពប្រឆាំងអំពើពុករលួយ (២៤១នាក់), សហភាពសហព័ន្ធយុវជនកម្ពុជា (ចំនួន ២០នាក់), តំណាងសាកលវិទ្យាល័យ (ចំនួន ១០នាក់), តំណាងមហាជន (១០នាក់ក្នុងមួយមណ្ឌល), អ្នកសារព័ត៌មាន(១០ ស្ថាប័ន) និងយន្តការផ្ទៃក្នុង របស់ គណៈកម្មការប្រឡង គឺអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ ជឹម ភារ៉ា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner