វៀតណាមមានស្ថានីយ៍សាកឡានអគ្គិសនី១៥ម៉ឺនកន្លែង នៅតែមានកម្រិត

បរទេស ៖ ផ្អែកតាមការចុះផ្សាយរបស់កាសែត VNepxress កាលពីថ្ងៃសៅរ៍ របាយការណ៍ធនាគារពិភពលោកបានឲ្យដឹងថា បច្ចុប្បន្ននេះ ប្រទេសវៀតណាមមានទីកន្លែងសាកថ្មឡានអគ្គិសនី ឬ EV ចំនួន១៥ម៉ឺនកន្លែង ប៉ុន្តែ នៅតែមិនទាន់បំពេញតម្រូវការ ដែលទាមទារឲ្យបង្កើនបន្ថែម។

ធនាគារ World Bank បាននិយាយ ថ្មីៗនេះថា ទីតាំងសាក EV ចំនួន១៥០,០០០ របស់ប្រទេសវៀតណាមឥឡូវនេះ មានច្រើន ក្នុងអគារផ្ទះល្វែង, ផ្សារទំនើប, ចំណតរថយន្ត និងស្ថានីយ៍ប្រេងឥន្ធនៈ ប៉ុន្តែ ហេដ្ឋារចនាសម្ព័ន្ធសាកថ្ម តាមបណ្តោយផ្លូវហាយវេ មានកម្រិតនៅឡើយ។

ធនាគារបាននិយាយថា ការបង្កើនការវិនិយោគបង្កើតស្ថានីយ៍សាកថ្ម នឹងផ្តល់នូវការធានាកាន់តែច្រើនដល់អ្នកប្រើប្រាស់ ដែលកំពុងពិចារណា ប្រើ EV ជាមធ្យោបាយដឹកជញ្ជូនចម្បង របស់ពួកគេ។

វៀតណាមត្រូវការ ៩ពាន់លានដុល្លារ ត្រឹមឆ្នាំ២០៣០ ដើម្បីបង្កើនផលិតកម្មថាមពល និង ២,២ ពាន់លានដុល្លារទៀត ដើម្បីបង្កើតបណ្តាញសាកថ្ម សម្រាប់រថយន្តអគ្គិសនី នេះបើយោងតាមការប៉ាន់ស្មាន របស់ធនាគារពិភពលោក។

ប្រទេសវៀតណាមបានកំណត់គោលដៅ បង្កើនចំណែកនៃយានជំនិះ លើផ្លូវថ្នល់ ទាំងអស់ ដែលដំណើរការដោយអគ្គិសនី ឬ ថាមពលបៃតង រហូតដល់១០០% នៅឆ្នាំ២០៥០។ លោក Bowen Wang អ្នកឯកទេសផ្នែកដឹកជញ្ជូនប្រកបដោយនិរន្តរភាពនៃធនាគារ World Bank បានប៉ាន់ប្រមាណថា ប្រទេសវៀតណាមនឹងត្រូវការ ម៉ូតូអគ្គិសនីចំនួន ១២លានគ្រឿង និងរថយន្តអគ្គិសនី ចំនួន៤លានគ្រឿង នៅចន្លោះឆ្នាំ ២០២៤ ដល់ឆ្នាំ ២០៣៥ ។ លោកបាននិយាយទៀតថា ចន្លោះឆ្នាំ២០៣៦ ទៅ ២០៥០ តម្រូវការរថយន្តអគ្គិសនី នឹងកើនឡើងដល់ ៥១លានគ្រឿង៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner