ឯកឧត្តម ហ៊ុន ម៉ានិត អញ្ជើញសម្ពោធអគារសិក្សា និងទីចាត់ការនៅអនុវិទ្យាល័យ មាឃបី ស្រុកស្ទឹងត្រង់
កំពង់ចាម៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវ ចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក និង ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញសម្ពោធអគារសិក្សាមួយខ្នង ប្រាំមួយបន្ទប់ និងទីចាត់ការមួយខ្នង នៅអនុវិទ្យាល័យ មាឃបី នៃភូមិមាឃបី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
មានប្រសាសន៍ក្នុងឱកាសនេះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានលើកឡើងថា ជាគោលការណ៍របស់រដ្ឋាភិបាលមកដល់ពេលនេះ ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសជាតិ ថ្នាក់ដឹកនាំ ប្រធានក្រុមការងា គ្រប់លំដាប់ថ្នាក់ ត្រូវតែខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួន អស់ពីសមត្ថភាព លទ្ធភាព ដើម្បីនាំមកនូវ ការរីកចម្រើនលើគ្រប់វិស័យ និងផ្តល់សេចក្តីសុខភាពសម្បូររុងរឿង ជូនប្រជាពលរដ្ឋ ។
ឯកឧត្តមឧត្តមសេនីយ៍ឯក បានបន្ថែមថា ក្នុងអាណត្តិនេះ សេដ្ឋកិច្ចគឺជាអាទិភាព។ប្រសិនបើសេដ្ឋកិច្ចដើរល្អ ជីវភាពរបស់ប្រជាពលរដ្ឋក៏កាន់តែប្រសើរឡើង ។ ប៉ុន្តែដើម្បីឱ្យសេដ្ឋកិច្ចមានដំណើរការល្អ យើងត្រូវការគិតគូរអំពីសន្តិភាពជាមុនសិន។ ផ្ទុយទៅវិញ ប្រសិនបើប្រទេសពុំមានសន្តិភាពទេនោះ អ្វីៗក៏ពិបាកនឹងកសាងផងដែរ។ ជាពិសេសការប្រកបរបបផ្សេងៗ និងការសិក្សារៀនសូត្ររបស់សិស្សជាដើម ។
ឯកឧត្តមបន្តថា ដូច្នេះហើយយើងទាំងអស់គ្នា ទោះជាមន្ត្រីជួររដ្ឋាភិបាល ជានិស្សិត ជាប្រជាពលរដ្ឋក៏ដោយ គឺត្រូវការចូលរួមទាំងអស់គ្នា ដើម្បីថែរក្សាសុខសន្តិភាព ឱ្យបានគង់វង្ស ដើម្បីធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍលើកគ្រប់វិស័យបន្ថែមទៀត ៕
ដោយ៖លី ពៅ