សម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធនៃការដឹកនាំប្រទេសទៅកាន់សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱននិងសន្តិភាពលើកទី១១

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការចែករំលែកបទពិសោធន៍ នៃការដឹកនាំប្រទេសទៅកាន់សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាពលើកទី១១(IPTP11) ក្នុងឱកាសពិធីបើកសម័យប្រជុំពេញអង្គ IPTP11 នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខា ភ្នំពេញ ។

ក្នុងសុរន្ទកថា និងបាថកថាពិសេស បើកសម័យប្រជុំពេញអង្គសភាអន្តរជាតិ ដើម្បីការអត់ឱន និងសន្តិភាព លើកទី១១ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជាការពិត គឺជាភ័ព្វសំណាងដែលកម្ពុជា មាន សម្តេចព្រះ នរោត្តម សីហនុ ជាព្រះបិតាឯករាជ្យជាតិ ដឹកនាំការតស៊ូ ដើម្បីឯករាជ្យ ៩ វិច្ឆិកា ១៩៥៣ និងដឹកនាំការកសាងប្រទេសរយៈពេល ១៦ ឆ្នាំ ។ ប្រជាជនកម្ពុជា បានទទួលផលជាវិជ្ជមានពីឯករាជ្យ និងការអភិវឌ្ឍ បើទោះមានការរំខាន ដោយពួកឧទ្ទាមប្រដាប់អាវុធ ទាំងក្រុមក្រហម ក្រុមខៀវ និងក្រុម ស ក្តី ។

សម្ដេចតេជោ បានជម្រាបជូនថា នៅគ្រានោះ កម្ពុជា មានសន្តិភាព តែខ្វះស្ថិរភាព ដោយសារក្រុមឧទ្ទាម និងការទម្លាក់គ្រាប់បែកតាមព្រំដែនជាមួយវៀតណាមខាងត្បូង ហើយសន្តិភាពនោះ មានត្រឹមតែរយៈពេល ១៦ ឆ្នាំប៉ុណ្ណោះ កម្ពុជា ក៏ត្រូវបានធ្លាក់ចូលទៅក្នុងភ្លក់ភ្លើងសង្គ្រាមសារជាថ្មីម្តងទៀត ក្រោយរដ្ឋប្រហារ ១៨ មីនា ១៩៧០ ទម្លាក់សម្តេចព្រះ នរោត្ដម សីហនុ និងការចូលឈ្លានពានពីសំណាក់កងទ័ពអាម៉េរិក និងវៀតណាមខាងត្បូង ។

សម្តេចតេជោប្រធានព្រឹទ្ធសភាកម្ពុជា ក៏បានលើកឡើងទៀតថា តាមរយៈការរៀបរាប់ខាងលើ គេអាចដឹងហើយថា អ្នកដែលបានកើតជំនាន់ខ្ញុំ ពុំមានពេលគ្រប់គ្រាន់ទទួលបានឱកាសសិក្សា និងការសប្បាយក្នុង ភាពជាយុវជននោះឡើយ តែផ្ទុយទៅវិញ ពួកយើងបែរជា ក្លាយខ្លួនជាចំណាប់ខ្មាំងនៃសង្គ្រាមម្តងហើយម្តងទៀត ដែលគ្មានផ្លូវផ្សេង សម្រាប់ជ្រើសរើសនោះឡើយ ។

សម្ដេចតេជោ បានអះអាងថា ចំណុចចាប់ផ្ដើម គឺកើតចេញពីរដ្ឋប្រហារទម្លាក់ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ នៅឆ្នាំ១៩៧០ ហើយពេលនោះ សម្ដេច និង យុវជនស្នេហាជាតិរាប់ម៉ឺននាក់ផ្សេងទៀត បានសម្រេចចិត្តចូលរួមជាមួយកម្លាំងតស៊ូក្នុងព្រៃ តាមការអំពាវនាវរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ។ ប៉ុន្តែ សុបិននៃការរំដោះជាតិចេញពីការលូកដៃគ្រប់គ្រងពីបរទេសនៅក្រោមរបប លន់ នល់ នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ១៩៧៥ បានប្តូរជំនួសដោយសោកនាដកម្មបង្ហូរឈាម, ក្រោមការគ្រប់គ្រងដោយមនោគមវិជ្ជា ជ្រុលនិយមរបស់ខ្មែរក្រហម ដែលចង់ប្រែក្លាយកម្ពុជាជាប្រទេសកុម្មុយនីស្តឥតខ្ចោះ ដោយលុបបំបាត់ចោលទាំងស្រុងនូវវណ្ណៈ បានកាប់សម្លាប់អ្នកមានទ្រព្យ អ្នកចេះដឹង និងបំផ្លិចបំផ្លាញរាល់ហេដ្ឋារចនាសម្ព័ន្ធសង្គម និងសេដ្ឋកិច្ច ឱ្យរាបសូន្យ ហើយត្រឹមតែ ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ ខ្មែរក្រហមបានសម្លាប់ប្រជាជនកម្ពុជា ស្លូតត្រង់អស់ជាង ៣ លាននាក់ ។

សម្ដេចតេជោ បន្តថា ដោយសារតែទ្រាំមិនបានចំពោះអំពើព្រៃផ្សៃនៃរបប ប៉ុល ពត និងមិនអាចនៅស្ងៀមមើល ប្រទេសជាតិខ្មែរត្រូវរលំរលាយ, សម្ដេច ដែលគ្រានោះ ជាមេបញ្ជាការកងវរសេនាធំដែលគ្រប់គ្រង បញ្ជាលើកងទ័ពជាង ២០០០ នាក់ បានសម្រេចចិត្តចាកចេញទៅប្រទេសវៀតណាម ផ្សងព្រេងប្រថុយជីវិតជាមួយនឹងជម្រើសចុងក្រោយ ដើម្បីរំដោះជាតិឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩, យើងត្រូវរែកពន់ការកសាងប្រទេសឡើងវិញពីបាតដៃទទេ, ដោយ ដៃម្ខាង យើងត្រូវការពារការវិលត្រឡប់មកវិញនៃរបបខ្មែរក្រហម ការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ និង ម្ខាងទៀត យើងត្រូវខិតខំរកស្បៀងអាហារផ្គត់ផ្គង់ដល់ប្រជាជនដែលកំពុងស្រេកឃ្លាន កសាងស្ថាប័នគ្រប់គ្រងជាតិ និងកសាងសេដ្ឋកិច្ចជាតិឡើងវិញ ជាមួយធនធានមនុស្សរបស់យើងត្រូវបានកាប់សម្លាប់ដល់ឫសគល់ ។

សម្ដេចតេជោ បញ្ជាក់ថា មិនថាស្ថានភាពក្នុងស្រុកមានភាពលំបាកបំផុត, សូម្បីតែស្ថានភាពអន្តរជាតិក៏មិនអំណោយផលដល់យើងដែរ, ដោយយើងត្រូវរងនូវការឡោមព័ន្ធ និងទណ្ឌកម្មយ៉ាងអយុត្តិធម៌ជាទីបំផុត, ទាំងផ្នែកសេដ្ឋកិច្ច នយោបាយ និង ការទូត ។ សហគមន៍អន្តរជាតិ មិនទទួលស្គាល់រដ្ឋាភិបាល ដែលបានរំដោះជាតិនោះទេ ហើយអាសនៈរបស់កម្ពុជា នៅអង្គការសហប្រជាជាតិ ត្រូវបានកាន់កាប់ដោយពួកខ្មែរក្រហមអស់រយៈកាល ១២ ឆ្នាំ ។ ក្នុងឋានៈជារដ្ឋមន្ត្រីការបរទេស ក្នុងវ័យ ២៧ ឆ្នាំ, សម្ដេច ពិតជាមានការឈឺចាប់ និងមិនទាន់ភ្លេចនៅឡើយ ។

សម្តេចតេជោ ហ៊ុន សែន បានរម្លឹកឡើងថា ចំណុចនេះ គួរតែត្រូរំលេចថា គ្មានស្តង់ដារមួយទេ ដែលខ្ញុំ និយាយកាលពីប្រជុំ ICAPP កាលពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ពេលនោះកៅអីនៅអង្គការសហប្រជាជាតិ ត្រូវបានរបប លន់ នល់ គ្រប់គ្រង ដោយគេយហេតុផលថា លន់ នល់ គ្រប់គ្រងរដ្ឋធានី គេបកស្រាយតាមបែបនេះ ដល់ឆ្នាំ១៩៧៩ ដល់១៩៩១ យើងតស៊ូគ្នា ដើម្បីដណ្តើមយកកៅអីអង្គការសហប្រជាជាតិ បែរជាគេបកស្រាយថា រដ្ឋាភិបាលរបស់យើងខុសច្បាប់ កាលពីមុនគេថា អ្នកណាកាន់កាប់រដ្ឋធានី អ្នកណុងកាន់កាប់កៅអីនៅអង្គការសហប្រជាជាតិ តែដល់ក្រោយមកគេថា យើងជាអ្នកខុសច្បាប់ ក្នុងពេលដែលពួក លន់ នល់ ធ្វើរដ្ឋប្រហារខុសច្បាប់ គេថា ជាអ្នកស្របច្បាប់នៅអង្គការសហប្រជាជាតិ ។

ត្រង់ចំណុចនេះ សម្តេចតេជោ បញ្ជាក់ថា នេះគឺជាមេរៀន និងបទពិសោធន៍ ហើយត្រូវតែទាមទារនូវការបកស្រាយជាក់លាក់ ពីព្រោះការបកស្រាយទៅតាមអ្នកខ្លាំង បកស្រាយទៅតាមអ្នកដែលចង់បាន វាមិនមានសុច្ចរិតភាព នៃការបកស្រាយ ឬឥរិយាបថទទួលខុសត្រូវនៃប្រទេសមហាអំណាចនោះទេ។

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានបន្តថា នៅដំណាក់កាលដែលសម្តេចទទួលបានតំណែងជានាយករដ្ឋមន្ត្រីរបស់កម្ពុជា នៅឆ្នាំ១៩៨៥ ដែលឆ្នាំនោះ សម្តេចទើបតែមានអាយុ ៣២ឆ្នាំប៉ុណ្ណោះ ដែលជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុត នៅក្នុងពិភពលោកនាពេលនោះ។ ពេលទទួលបានតំណែង សម្តេចបានប្រកាសថា នៅកម្ពុជា មិនត្រូវមានដំណោះស្រាយតាមយោធានោះឡើយ ចំពោះជម្លាះនៅកម្ពុជា គឺមានតែការចរចា និងដំណោះស្រាយនយោបាយខ្មែរ និងខ្មែរ ប៉ុណ្ណោះដែលអាចនាំមកនូវសន្តិភាពសម្រាប់កម្ពុជា ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner