សេដ្ឋកិច្ចតាមអ៊ីនធឺណិតវៀតណាម អាចកើនដល់៣៦ពាន់លានដុល្លារក្នុងឆ្នាំនេះ

បរទេស៖ សេដ្ឋកិច្ចតាមអ៊ីនធឺណិត របស់ប្រទេសវៀតណាមត្រូវបានគេរំពឹងថា នឹងកើនដល់ ៣៦ពាន់លានដុល្លារ នៅឆ្នាំ២០២៤នេះ ដែលនឹងមានអត្រាកំណើន ១៦ភាគរយ បើធៀបនឹងឆ្នាំ២០២៣។

យោងតាមរបាយការណ៍ លើកទី៩ នៃវេទិកា e-Conomy Southeast Asia ចេញផ្សាយដោយ Google, Temasek, និង Bain & Company នៅថ្ងៃទី ៥ ខែវិច្ឆិកា បានចង្អុលបង្ហាញថា ពាណិជ្ជកម្មតាមអេឡិចត្រូនិក បន្តជាសសរស្តម្ភសំខាន់ នៃសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសវៀតណាម ដោយបានរួមចំណែក ២២ពាន់លានដុល្លារ ដល់ GDP របស់ប្រទេសនេះ។

របាយការណ៍បាននិយាយថា អត្រាកំណើនខ្ពស់របស់វៀតណាមត្រូវបានគេរំពឹងថា នឹងនៅតែមានស្ថិរភាព ដែលជំរុញដោយការផលិត ការកែច្នៃ និងការនាំចេញរបស់ខ្លួន។ នៅឆ្នាំ២០៣០ តម្លៃទំនិញសរុប ឬ GMV ត្រូវបានគេព្យាករណ៍ថា នឹងមានចាប់ពី៩០ពាន់លានដុល្លារ ដល់ ២០០ពាន់លានដុល្លារ ឆ្លុះបញ្ចាំងពីការពង្រីក ដែលកំពុងបន្ត នៃសេដ្ឋកិច្ចឌីជីថល និងទីផ្សារអេឡិចត្រូនិច របស់វៀតណាម។

នៅឆ្នាំ២០២៤ និងប៉ុន្មានឆ្នាំខាងមុខ ជាមួយនឹងកំណើនដ៏រឹងមាំ បែបនេះ ពាណិជ្ជកម្មអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថលរបស់វៀតណាម បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការអភិវឌ្ឍន៍កាន់តែខ្លាំង ដែលក្លាយជាកត្តាជំរុញដ៏សំខាន់មួយ នៃកំណើនសេដ្ឋកិច្ច។

នាយកដ្ឋានសេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល នៃក្រសួងព័ត៌មាន និងទំនាក់ទំនង បានលើកឡើងថា ដោយមានទីផ្សារចំនួន ១០០លាននាក់ ស្មើនឹង ១.២៣% នៃចំនួនប្រជាជនពិភពលោក សក្ដានុពលនៃការអភិវឌ្ឍន៍ e-commerce របស់វៀតណាម នៅតែមានទំហំធំ៕

ប្រភព៖ VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner