អនុរដ្ឋមន្ត្រីការបរទេសន័រវែស ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការន័រវែស-កម្ពុជា ឱ្យកាន់តែល្អថែមទៀត

(សៀមរាប)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជា​ណាចក្រកម្ពុជា បានអនុញ្ញាត ឯកឧត្តម Andreas Motzfeldt Kravik អនុរដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសន័រវែស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

ក្នុងឱកាសនៃជំនួប ឯកឧត្តមអនុរដ្ឋមន្ត្រីការបរទេសន័រវែសបានសម្ដែង​នូវការ​អបអរសាទរចំពោះកម្ពុជា ដែលបានរៀបចំយ៉ាងល្អនូវកិច្ចប្រជុំ​កំពូល​សៀម​រាប-អង្គរ ស្តីពី “ពិភពលោកមួយដែលគ្មានមីន” ព្រមទាំងបានកោតសរសើរ​ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ជាពិ​សេស​ការសម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់លើវិស័យបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលជាបទពិសោធន៍ដ៏ល្អសម្រាប់បណ្ដាប្រទេស​លើពិភពលោក។

ឯកឧត្តមបានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកទំនាក់​ទំនង​ និងកិច្ចសហប្រតិបត្តិការរវាងន័រវែស-កម្ពុជាឱ្យកាន់តែល្អថែមទៀត ជាពិសេស ការជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេស​ទាំងពីរ។

ជាការឆ្លើយតប សម្ដេចបវរធិបតី បានថ្លែងអរគុណឯកឧត្តមអនុរដ្ឋមន្ត្រី និង គណៈប្រតិភូដែលបានចូលរួមកិច្ចប្រជុំកំពូល និងបានថ្លែងអំណរគុណ​ចំពោះ​ប្រជាជន និងរដ្ឋាភិបាលន័រវែសដែលបានចូលរួមចំណែកដល់ ការអភិវឌ្ឍ​សង្គម-សេដ្ឋកិច្ចកម្ពុជា, សកម្មភាពភាពបោសសម្អាតមីននៅកម្ពុជា និងការជួយគាំទ្រដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។

សម្ដេចបវរធិបតីក៏បានសម្ដែងនូវការរីករាយចំពោះទំនាក់ទំនង និងកិច្ចសហ ប្រតិបត្តិការរវាងកម្ពុជា-ន័រវែស និងស្វាគមន៍ចំពោះការប្ដេជ្ញាចិត្តរបស់ ឯកឧត្តមអនុរដ្ឋមន្ត្រីក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-ន័រវេស ពិសេសលើវិស័យវិនិយោគ និងពាណិជ្ជកម្ម។

សម្ដេចបវរធិបតី និងឯកឧត្តមអនុរដ្ឋមន្ត្រីក៏បានពិភាក្សាគ្នាអំពីបញ្ហាមួយចំនួន ក្នុងតំបន់ និងសកលលោក ផងដែរ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner