ចារកម្មអ៊ុយក្រែន ៖ កូរ៉េខាងជើងបញ្ជូនមីស៊ីលបាលិស្ទីកជាង ១០០គ្រាប់ឱ្យរុស្ស៊ី

កៀវ ៖ អង្គភាពចារកម្មការពារជាតិអ៊ុយក្រែន នៅថ្ងៃចន្ទនេះ បានរាយការណ៍ថា កូរ៉េខាងជើងបានបញ្ជូនមីស៊ីលផ្លោងបាលិស្ទិកប្រភេទ KN-23 និង KN-24 ជាង ១០០គ្រាប់ដល់រុស្ស៊ី ហើយថែមទាំងបានបញ្ជូនអ្នកជំនាញយោធាទៅរុស្ស៊ី ដើម្បីគាំទ្រដល់សង្គ្រាមរបស់ទីក្រុងមូស្គូប្រឆាំងអ៊ុយក្រែន។

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិអ៊ុយក្រែន បាននិយាយនៅក្នុងរបាយការណ៍មួយថា រុស្ស៊ីដែលជារដ្ឋឈ្លានពានទើបបានទទួលមីស៊ីលរយៈចម្ងាយខ្លីច្រើនជាង ១០០គ្រាប់ពីកូរ៉េខាងជើង។ សត្រូវបានប្រើអាវុធទាំងនេះជាលើកដំបូងនៅក្នុងសង្គ្រាមប្រឆាំងអ៊ុយក្រែនកាលពីចុងឆ្នាំ ២០២៣។

ទីភ្នាក់ងារនេះបន្ថែមថា ក្រៅពីមីស៊ីលបាលិស្ទិក កូរ៉េខាងជើងក៏បានបញ្ជូនអ្នកជំនាញយោធារបស់ខ្លួនទៅកាន់រុស្ស៊ី ដើម្បីទទួលភារកិច្ចបាញ់មីស៊ីល និងចូលរួមក្នុងឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។

អង្គភាពស៊ើបការណ៍បាននិយាយថា មីស៊ីលដែលបណ្តាលឱ្យជនស៊ីវិលស្លាប់ជាច្រើននោះ ត្រូវបានរកឃើញថា មានធាតុផ្សំដែលផលិតឡើងដោយក្រុមហ៊ុនបរទេស មានដូចជាចក្រភពអង់គ្លេស ចិន ជប៉ុន ស្វីស និងសហរដ្ឋអាមេរិក។

KN-23 និង KN-24 គឺជាប្រភេទមីស៊ីលផ្លោងរយៈចម្ងាយខ្លីរបស់កូរ៉េខាងជើង ដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ ដែលគេស្គាល់ថា ជាប្រភេទ Hwasong-11។ ការបញ្ជូនមីស៊ីល និងអ្នកជំនាញយោធានេះ គឺជាសញ្ញាមួយផ្សេងទៀតនៃកិច្ចសហប្រតិបត្តិការយោធាដ៏ស៊ីជម្រៅរវាងកូរ៉េខាងជើង និងរុស្ស៊ី ក្រៅពីការដាក់ពង្រាយទាហានកូរ៉េខាងជើងជាង ១០,០០០នាក់ទៅកាន់ប្រទេសរុស្ស៊ី៕

ប្រភព ៖ យ៉ុនហាប់ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner