អ្នកវិទ្យាសាស្ត្ររកឃើញដានភពអ៊ុយរ៉ានុសអាចឱ្យមនុស្សរស់នៅបាន

វ៉ាស៊ីនតោន ៖ ព្រះចន្ទធំៗចំនួន៥ នៅក្នុងភពអ៊ុយរ៉ានុស ដែលជាភពស្ថិតនៅលេខរៀងទី៧ បន្ទាប់ពីព្រះអាទិត្យ ទំនងជាមិនមែនជាពិភពគ្មានជីវិត ដូចដែលក្រុមអ្នកវិទ្យាសាស្ត្របានគិតជាយូរមកហើយនោះទេ។

ផ្ទុយទៅវិញ ព្រះចន្ទទាំងនោះ ប្រហែលជាមានមហាសមុទ្រ ហើយក៏ប្រហែលជាអាចមានលទ្ធភាពទ្រទ្រង់ជីវិតបានផងដែរ។ នេះបើយោងតាមការសិក្សារបស់ក្រុមអ្នកវិទ្យាសាស្រ្ត ដែលត្រូវបានដកស្រង់ចេញផ្សាយដោយសារព័ត៌មាន BBC។

លោកបណ្ឌិត William Dunn មកពីសាកលវិទ្យាល័យ College នៃទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស បាននិយាយថា លទ្ធផលសិក្សាថ្មីនេះកំពុងបង្ហាញយើងថា ប្រព័ន្ធភពអ៊ុយរ៉ានុសអាចមានអ្វីដ៏គួរឲ្យរំភើប ជាងការគិតរបស់យើងពីមុនទៅទៀត។

ព្រះចន្ទនៃភពអ៊ុយរ៉ានុសទាំងនោះ ទំនងជាកំពុងមានលក្ខខណ្ឌសមស្របសម្រាប់ឲ្យជីវិតកកើត ឬពួកវាអាចកំពុងលាក់មហាសមុទ្រនៅក្រោមសំបក ដែលសមុទ្រទាំងនោះក៏អាចពោពេញដោយហ្វូងត្រីផងដែរ។

លទ្ធផលសិក្សាថ្មីខាងលើនេះ គឺទទួលបានពីការសង្កេតលើទិន្នន័យចាស់ ដែលយានអវកាស Voyager-2 របស់អង្គការ NASA បានប្រមូលទុក ពោលគឺបន្ទាប់ពីការហោះឆ្វែលប្រព័ន្ធភពអ៊ុយរ៉ានុសកាលពីឆ្នាំ១៩៨៦។

ក្រុមអ្នកវិទ្យាសាស្ត្រមានការរំភើបជាខ្លាំង ព្រោះបើទោះបីជាជិត ៤០ឆ្នាំបានកន្លងផុតទៅហើយក្តី ក៏ពួកគេនៅតែអាចរកឃើញកំនប់ពីក្នុងទិន្នន័យចាស់ ដែលក្រុមអ្នកវិទ្យាសាស្ត្រជំនាន់មុនមិនបានចាប់អារម្មណ៍។

អង្គការ NASA កំពុងសិក្សាលើយានថ្មីឈ្មោះ Uranus Orbiter and Probe (UOP) ដែលនឹងបញ្ជូនចេញពីផែនដីនៅឆ្នាំ ២០៣២ ហើយនឹងទៅដល់ភពអ៊ុយរ៉ានុសនៅឆ្នាំ ២០៤៥ ផងដែរ ប៉ុន្តែគ្រប់យ៉ាងគឺអាស្រ័យលើការអនុម័តថវិកាពីសភាអាមេរិក៕

ប្រភព ៖ BBC ប្រែសម្រួល៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner