អាមេរិកឲ្យហុងកុងកំពុងក្លាយជាទីតាំងលាងលុយកខ្វក់ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ

វ៉ាស៊ីនតោន ៖ សមាជិកសភាអាមេរិកបានព្រមានថា ទីក្រុងហុងកុងបានក្លាយជាមជ្ឈមណ្ឌលលាងលុយកខ្វក់ និងជាជំរំឧក្រិដ្ឋកម្មហិរញ្ញវត្ថុ ដែលជួយជ្រោមជ្រែងប្រទេសផ្សេងៗឲ្យគេចផុតពីទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN។

គណៈកម្មាធិការសភាអាមេរិក ដែលប្រមូលផ្តុំដោយសមាជិកសភាអាមេរិក ទាំងបក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យ បានគូសបញ្ជាក់ថា ហុងកុងត្រូវបានចាត់ទុកថា ជាទីក្រុងហិរញ្ញវត្ថុដើរតួនាទីដ៏សំខាន់នៅក្នុងតំបន់អាស៊ី។ តែពេលនេះ ហុងកុងក៏កំពុងដើរតួនាទីចម្បង នៅក្នុងបទល្មើសលាងលុយកខ្វក់ និងជួយដល់ការជូញដូរពាណិជ្ជកម្មឲ្យគេចផុតពីទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក ហើយនឹងផ្ទេរបច្ចេកវិទ្យាហាមឃាត់ទៅឲ្យរុស្ស៊ី។

គណៈកម្មាធិការសភាអាមេរិកបានចោទប្រកាន់ថា ចាប់តាំងពីរដ្ឋបាលទីក្រុងហុងកុងអនុម័តច្បាប់សន្តិសុខជាតិ ក្រោមខ្សែញាក់របស់ប្រទេសចិនកាលពីឆ្នាំ២០២០មក ហុងកុងដែលធ្លាប់មានកេរ្តិ៍ឈ្មោះជាទីក្រុងហិរញ្ញវត្ថុដ៏គួរឲ្យទុកចិត្ត បានប្រែក្លាយទៅជាទីក្រុងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ ក្រោមការបង្គាប់បញ្ជារបស់ចិន នៅក្នុងការរកស៊ីជួយដូរខុសច្បាប់ ជាមួយគូសត្រូវអាមេរិក មានដូចជាអ៊ីរ៉ង់ កូរ៉េខាងជើង និងរុស្ស៊ី។

អំពើខុសច្បាប់ទាំងនោះ រួមមានការសម្របសម្រួលផ្ទេរបន្តបច្ចេកវិទ្យាហាមឃាត់ទៅឲ្យរុស្ស៊ី, ជួញដូរមាសរបស់រុស្ស៊ី, បង្កើតក្រុមហ៊ុនទិញ និងលក់ប្រេងរបស់រុស្ស៊ី និងអ៊ីរ៉ង់ ក៏ដូចជាជួយគ្រប់គ្រងចាត់ចែងនាវាដឹកទំនិញហាមឃាត់របស់កូរ៉េខាងជើង។ គណៈកម្មាធិការដដែលបន្ថែមថា ក្នុងឆ្នាំ២០២៣ ហុងកុងក៏បានជួយបញ្ជូនទំនិញពាណិជ្ជកម្មខុសច្បាប់តាមផ្លូវសមុទ្រប្រមាណ៤០% ចេញពីកំពង់ផែកូរ៉េខាងជើងទៅរុស្ស៊ីផងដែរ។

ការចោទប្រកាន់នេះកើតឡើងស្របពេលដែលគណៈកម្មាធិការសភាអាមេរិក បានផ្ញើលិខិតផ្លូវការមួយទៅកាន់រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោកស្រី Janet Yellen ឲ្យធ្វើការពិចារណាឡើងវិញ ចំពោះទាក់ទងពិសេសរវាងអាមេរិក និងទី ក្រុងហុកកុង ជាពិសេសវិស័យធនាគារ៕

ប្រភព ៖ CNN ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner