សេអ៊ូលរងការវាយប្រហារពីព្យុះព្រិលដ៏អាក្រក់បំផុត មិនធ្លាប់មានក្នុងពេល៥០ឆ្នាំ

បរទេស៖ កាសែត Economic Times បានចុះផ្សាយថា មិនធ្លាប់មាន ក្នុងរយៈពេលកន្លះសតវត្សរ៍ ព្យុះព្រិលដ៏ធ្ងន់ធ្ងរបំផុត នៅខែវិច្ឆិកានេះ ដោយបានបោកបក់ ទៅលើរដ្ឋធានីសេអ៊ូល របស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃពុធនេះ នាំឲ្យបញ្ឈប់ជើងហោះហើរយន្តហោះ រាប់រយលើក និងប៉ះពាល់ដល់ការធ្វើចរាចរណ៍ របស់អ្នកដំណើរ នៅតាមដងផ្លូវនានា។

ទីភ្នាក់ងារអាកាសធាតុកូរ៉េខាងត្បូងបាននិយាយថា ព្រិលធ្លាក់កម្រិត ២០សង់ទីម៉ែត្របានធ្លាក់ នៅតំបន់ភាគខាងជើង នៃទីក្រុងសេអ៊ូល និងតំបន់ក្បែរនោះ។ ទីភ្នាក់ងារមួយនេះបាននិយាយថា វាគឺជាព្យុះព្រិលដ៏ខ្លាំងបំផុត ដែលទីក្រុងសេអ៊ូលបានជួបប្រទះ ក្នុងរយៈពេល ៥២ឆ្នាំ។ ទីក្រុង សេអ៊ូល ធ្លាប់រងគ្រោះពីព្យុះដ៏ក្រក់ ស្រដៀងគ្នានេះ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ១៩៧២ ដោយពេលធ្លាក់ព្រិល កម្ពស់កម្រាស់ ១២សង់ទីម៉ែត្រ នៅក្នុងរដ្ឋធានីសេអ៊ូល។

ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ របស់កូរ៉េខាងត្បូង បាននិយាយថា មនុស្សម្នាក់បានស្លាប់ និងបួននាក់ផ្សេងទៀត បានរងរបួស អំឡុងគ្រោះថ្នាក់ចរាចរណ៍ ចំនួន៦លើក នៅក្នុងទីក្រុង Hongcheon ភាគខាងកើត ប្រទេសកូរ៉េខាងត្បូង។

ព្យុះនេះបានគ្របដណ្តប់ប្រទេស ជាច្រើនកន្លែង មាននៅ តំបន់កណ្តាល ភាគខាងកើត និងភាគនិរតី មានព្រិលធ្លាក់ ប្រហែលពី ១០ ទៅ ២៣ សង់ទីម៉ែត្រ។

យ៉ាងហោចណាស់ ជើងហោះហើរចំនួន ២២០លើក ត្រូវបានលុបចោល ឬ ពន្យារពេល នៅតាមអាកាសយានដ្ឋាន ទូទាំងប្រទេស ខណៈដែលអាជ្ញាធរបានបញ្ជាឱ្យសាឡាងចម្លង ប្រហែល៩០គ្រឿង កុំចាកចេញពីកំពង់ផែ។ ពួកគេក៏បានបិទផ្លូវដើរ រាប់រយកន្លែង ទៀតផង។ បុគ្គលិកសង្គ្រោះបន្ទាន់ទូទាំងប្រទេសបានចេញប្រតិបត្តិការឆ្លើយតប ទៅនឹងករណីដើមឈើ, ស្លាកសញ្ញា និងហានិភ័យសុវត្ថិភាព ផ្សេងៗ ទៀត។

ទីភ្នាក់ងារអាកាសធាតុកូរ៉េខាងត្បូង បានអះអាងថា ព្រិលនឹងបន្តធ្លាក់ នៅផ្នែកភាគច្រើន នៃប្រទេស រហូតដល់ថ្ងៃត្រង់ ថ្ងៃព្រហស្បតិ៍៕

ប្រភព៖ Economic Times, ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner