អាជ្ញាធរ និងប្រជាពលរដ្ឋជាង ១ម៉ឺននាក់រួមគ្នាធ្វើសកម្មភាពសម្អាតតាមដងផ្លូវជាតិក្នុងយុទ្ធនាការកម្ពុជាស្អាតខ្មែរធ្វើបាន
(ភ្នំពេញ)៖ ដើម្បីរួមគ្នាក្នុងយុទ្ធនាការ”កម្ពុជាស្អាតខ្មែរធ្វើបាន” ដែលដាក់ចេញដោយក្រសួងបរិស្ថាន អាជ្ញាធរ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស បានរួមគ្នាធ្វើសកម្មភាពសម្អាតផ្លូវជាតិនៅតាមបណ្តាឃុំ-សង្កាត់ តាមដងផ្លូវជាតិ លេខ៣ លេខ៤ លេខ៤១ និងលេខ៥១ គិតត្រឹមថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បាននិងកំពុងអនុវត្តជាបណ្តើៗ ។
យុទ្ធនាការកម្ពុជាស្អាតខ្មែរធ្វើបាន គិតត្រឹមថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះមាន ៨១ ឃុំ-សង្កាត់ នៃចំនួន ឃុំ-សង្កាត់ សរុប ១១៩ (៦៨,១%)បានចូលរួម សម្អាតនៅតាមផ្លូវជាតិបានប្រវែង ២៥៤ គ.ម. នៃប្រវែងផ្លូវសរុប ៦៣៦,៦៥ គ.ម. (៣៩,៨%) ដោយក្នុងនោះមានអ្នកចូលរួមសរុប៖ ១២ ០៥៥នាក់ ហើយសំរាម សំណល់ប្លាស្ទិកប្រមូលបានសរុប៖ ២៨ ៧៣២ គ.ក្រ. និងដោយសំអាតតាមគំនរសំរាមអនាធិបតេយ្យបានសម្អាត៖ ២១៦ ទីតាំង ។

គួរបញ្ជាក់ថា យុទ្ធនាការ«កម្ពុជាស្អាតខ្មែរធ្វើបាន» ជាយុទ្ធនាការដាក់ចេញដោយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ផ្អែកតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលជាយុទ្ធសាស្រ្តអនុលោមទៅតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភានិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ ឆ្នាំ ២០២៣-២០២៨ ហើយនឹងស្របតាមលក្ខណសម្បត្តិទី៦នៃកម្មវិធីគោលនយោបាយ ភូមិឃុំមានសុវត្ថិភាពគឺ មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។
យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាននេះបានរៀបចំឡើង ដើម្បីតម្រង់ទិស និងចង្អុលបង្ហាញពីអាទិភាព ការងារក្នុងការលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ និងការអភិវឌ្ឍប្រកបដោយចីរ ភាព ក្នុងមុំចំនួនបី គឺ «ភាពស្អាត» «ភាពបៃតង» និង «ចីរភាព» សំដៅឆ្ពោះទៅសម្រេចការអភិវឌ្ឍ ប្រកបដោយអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០ ៕





ដោយ ៖ ង៉ាន់ ទិត្យ