លោក សោម សុទ្ធ ៖ ការផ្សព្វផ្សាយគុណតម្លៃកីឡាអូឡាំពិកនៅក្នុងសាលារៀន ជាផ្នែកមួយជំរុញឱ្យសិស្សស្រលាញ់កីឡានិងស្រលាញ់សុខភាព
(ភ្នំពេញ)៖ លោក សោម សុទ្ធ នាយកអនុវិទ្យាល័យវត្តដំបូកខ្ពស់ បានចាត់ទុកយុទ្ធនាការផ្សព្វផ្សាយគុណតម្លៃកីឡាអូឡាំពិក នៅក្នុងសាលារៀន គឺជាចលនាបំផុសមួយដ៏មានសារៈសំខាន់ ជួយជំរុញឱ្យសិស្សានុសិស្សស្រលាញ់កីឡា និងចាប់យកការលេងកីឡា ទទួលបាននូវសុខភាពល្អ ប្រាជ្ញាឈ្លាសវៃ ។
លោក ថា ការផ្សព្វផ្សាយបំផុសចលនាកីឡាចូលមកក្នុងសាលារៀននេះ បានទាក់ទាញឱ្យសិស្សចូលរួមលេងកីឡាបានកាន់តែច្រើនទៅតាមប្រភេទកីឡាចំណងចំណូលចិត្ត ព្រោះការលេងកីឡាកាន់តែច្រើន ធ្វើឱ្យសុខភាពមានសុខភាពល្អរឹងមាំ ហើយ ក៏ជួយឱ្យការសិក្សារៀនសូត្របានកាន់តែពូកែផងដែរ។ ទន្ទឹមនិងនេះ លោក នាយក បានចាត់ទុកកីឡា ជួយកសាងមនុស្សឱ្យក្លាយជាមនុស្សល្អនៅក្នុងសង្គម មានន័យថា លេងកីឡាជួយឱ្យសិស្សជៀសឆ្ងាញអំពើរឧបាយមុខ និងគ្រឿងញាន ។

ដោយឡែក សិស្សស្រី យឹម លីវយី សិស្សថ្នាក់ទី៧ B1 បានបង្ហាញចំណាប់អារម្មណ៍ថា ការផ្សព្វផ្សាយកម្មវិធីអប់រំគុណតម្លៃកីឡាអូឡាំពិកនេះ ពិតជាបានបញ្ជាបឱ្យនាងបានយល់កាន់តែច្បាស់ អំពីអត្ថប្រយោជន៍ដែលទទួលបានពីការលេងកីឡា ព្រោះកីឡាបានកសាងនូវមិត្តភាព សាមគ្គីភាព និងជួយឱ្យមានភាពក្លាហានក្នុងការសម្រចចិត្តជាងមុន។
សម្រាប់យុទ្ធនាការផ្សព្វផ្សាយកម្មវិធីគុណតម្លៃកីឡាអូឡាំពិក របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឆ្នាំ២០២៤នេះ បានធ្វើឡើង ក្រោមប្រធានបទ OVEP’s Learn and Play ដោយប្រែជាភាសាខ្មែរថា កម្មវិធីអប់រំគុណតម្លៃអូឡាំពិក រៀននិងលេង ។
នៅក្នុងយុទ្ធនាការផ្សព្វផ្សាយនោះក៏បានរំលេចនូវគោលបំណង ២សំខាន់ ទី១ រំលេចផ្សព្វផ្សាយអំពីប្រវត្តនិងទស្សនៈវិជ្ជានៃគុណតម្លៃអូឡាំពិក និង ទី២ ផ្សព្វផ្សាយយុទ្ធនាការកីឡាឆ្ពោះទៅកីឡាយុវជនអាស៊ីលើកទី៤ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៩ ជាចលនា ឱ្យសិស្សចូលរួមគាំទ្រ សកម្មភាពកីឡា និង តាមរយៈការចូលរួមជាយុវជនស័គ្រចិត្តជាដើម។យុទ្ធនាការអប់រំផ្សព្វផ្សាយពីគុណតម្លៃកីឡាអូឡាំពិក ២០២៤ ជ្រើសរើសយកសាលារដ្ឋគោលដៅចំនួន១០នៅទូទាំងប្រទេស គឺនៅរាជធានីភ្នំពេញ មានសាលាចំនួន៤ និងតាមបណ្តាខេត្តចំនួន៦៕




ថតដោយ ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ