សាកលវិទ្យាល័យស្វាយរៀងចុះហត្ថលេខាលើអនុស្សរណៈជាមួយក្រុមហ៊ុនកាត់ដេរ លូ ថៃនិង វិទ្យាស្ថានវិជ្ជាជីវៈសានតុង នៃឧស្សាហកម្មធុន​ស្រាល

ស្វាយរៀង៖ ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និងកីឡា ជាប្រធានក្រុមប្រឹក្សាភិបាលនៃ សាកល​វិទ្យាល័យ​ស្វាយរៀង និងឯកឧត្តមសាស្ត្រាចារ្យ ទុំ សារាវុធ សាកល​វិទ្យា​ធិការនៃសាកលវិទ្យាល័យស្វាយរៀង​បានអញ្ជើញ​ចុះហត្ថលេខាលើ​អនុស្សរណៈយោគយល់ រវាងសាកលវិទ្យាល័យស្វាយរៀង ជាមួយក្រុម​ហ៊ុនកាត់ដេរ លូ ថៃនិង វិទ្យាស្ថានវិជ្ជាជីវៈ​សានតុង (Shandong) នៃឧស្សាហកម្មធុនស្រាល។

ពិធីចុះហត្ថលេខាមានការចូលរួមពីលោក លីវ ជីពីន អគ្គនាយក​សម្ព័ន្ធក្រុមហ៊ុន លូ ថៃ គ្រុប និងប្រតិភូ ,លោក សោ ផឹង  តំណាង ក្រុមហ៊ុនកាត់ដេរសំលៀកបំពាក់ផូឡារីស,លោក ហ្វាន គួយជីន  លេខាគណៈកម្មាធិការបក្សនៃវិទ្យាស្ថានវិជ្ជាជីវៈ សាន តុង ឧស្សាហ​កម្មធុនស្រាល,កញ្ញា លី ឈីនអ៊ុង ប្រធានមហាវិទ្យាល័យម៉ូដអន្តរជាតិ និង ជាប្រធាននាយកដ្ឋានវិស្វកម្មវាយនភណ្ឌ និងក្រុមការងារព្រមទាំង លោក លោកស្រី ដែលជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យស្វាយ​រៀងជាច្រើនរូបទៀតផងដែរ។

ក្នុងឱកាសនេះឯកឧត្តម បណ្ឌិតសោម រតនា បានថ្លែងអំណរគុណ​ចំពោះ​ដៃគូទាំងអស់ដែលមានក្រុមការងារ សាកលវិទ្យាល័យ​ស្វាយរៀង ក្រុមហ៊ុន លូ ថៃ ដែលជាក្រុមហ៊ុនមេ និង វិទ្យាស្ថានវិជ្ជាជីវៈ សានតុង​និងភាគីពាក់ព័ន្ធទ ចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់ទាំងពេល វេលាស្មារតី ដើម្បីផលិតបានកិច្ចព្រមព្រៀងជាផ្លូវការថ្ងៃនេះ។ អនុស្សរណៈនៃការយោគយល់គ្នា (MoU)នេះ។ឯកឧត្តមកត់សម្គាល់ថា នេះជាការចាប់ផ្តើមដំបូងនៃទំនាក់ទំនងដ៏រឹងមាំ និងប្រកបដោយផ្លែផ្កា ហើយយើងទន្ទឹងរង់ចាំភាព ជោគជ័យជាច្រើនដែលនឹងសម្រេច​បានរួមគ្នា។

យោងតាមចុះអនុស្សរណៈនៃការយោគយល់គ្នាបានបង្កើតសសរស្ដម្ភសំខាន់ៗចំនួនបីនៃកិច្ចសហប្រតិបត្តិការ៖ ទី១៖ បង្កើតច្រកសម្រាប់​កម្មវិធី​ផ្លាស់ប្តូរនិស្សិត និងបុគ្គលិក ដែលនឹងពង្រឹងបទពិសោធន៍អប់រំ​នៃសហគមន៍។ទី២៖ កម្មវិធីពីរកំពុង​ដាក់ឱ្យដំណើរការនឹងរួមបញ្ចូល​គ្នានូវ​ចំណេះដឹងខាងទ្រឹស្តីផ្សារភ្ជាប់ជាមួយ នឹងបទពិសោធន៍ជាក់ស្តែង​ក្នុងរោងចក្រសហគ្រាសនិងទី៣៖ ដោយមានការគាំទ្រដ៏​សប្បុរស​​ពីក្រុមហ៊ុន លូថៃ នឹងកាត់បន្ថយបាននូវគម្លាតរវាងអ្នកសិក្សា និងការងារជាក់ស្តែងក្នុង​រោងចក្រសហគ្រាស។ ភាពជាដៃគូក្នុង​ឧស្សាហកម្មនេះនឹងផ្តល់ឱ្យនិស្សិត របស់យើងផងដែរនូវឱកាស​កម្មសិក្សា ការបណ្តុះ​បណ្តាល​ជាក់ស្តែង និងផ្លូវការងារដែលមាន​សក្តានុពល។
សូមជម្រាបថា ពិធីចុះហត្ថលេខាលើ​អនុស្សរណៈបានប្រព្រឹត្តទៅ​កាលព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ៕

ដោយ៖នុត នាង

ads banner