រដ្ឋមន្ត្រីកសិកម្ម ប្រាប់កសិករត្រូវជ្រើសរើសពូជស្រូវសុទ្ធល្អ

បាត់ដំបង៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខា​ប្រមាញ់ និងនេសាទនិងសហការីបានអញ្ជើញពិនិត្យសកម្មភាព​ផលិត​​​​​”​​​ពូជស្រូវ”​​​​ និង​ចូលរួមច្រូតកាត់ប្រមូលផលស្រូវ នៅស្ថានីយកសិដ្ឋាន​ផលិតពូជស្រូវទួល​សំរោង ស្រុកថ្មគោល ខេត្តបាត់ដំបង ។នៅទីនោះ​ឯកឧត្តមរដ្ឋមន្រ្តីបានអំពាវនាវដល់ប្រជាកសិករឱ្យដាំដុះស្រូវដែលមានពូជច្បាស់លាស់ ជាពិសេសពូជ​ស្រូវផ្ការំដួលនិងសែនក្រអូបដែលជាពូជ​ស្រូវរបស់ខ្មែរដែលទទួលបានចំណាត់ថ្នាក់អង្ករ​ល្អ និងកំពុងតែមាន​តម្រូវការទីផ្សារ​និងមានតម្លៃខ្ពស់។

បង្ហាញវត្តមាននៅស្ថានីយកសិដ្ឋានផលិតពូជស្រូវទួលសំរោង ក្នុង​ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីដើមសប្ដាហ៍នេះឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានអញ្ជើញ​ពិនិត្យសកម្មភាពផលិតបន្សុទ្ធគ្រាប់ពូជសុទ្ធលើប្រភេទស្រូវផ្កា​រំដួល និងស្រូវ”សែនក្រអូប០១”និងចូលរួមច្រូតស្រូវនៅកសិដ្ឋានផលិតពូជស្រូវទួលសំរោង នៃភូមិអូរញ ឃុំបឹងព្រីង ស្រុកថ្មគោល ទៀតផង។

សូមជម្រាបថា កសិដ្ឋានផលិតពូជស្រូវទួលសំរោង បានទទួលគ្រាប់​ពូជគ្រឹះ ពីវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា កាឌី(CARDI)ដើម្បីយកមកផលិតជាពូជចុះបញ្ជី ដើម្បីត្រៀម​បញ្ចេញ​ទៅឱ្យសហគមន៍ផលិតទៅជាពូជមានវិញ្ញាបន​បត្រ។

ទាក់ទងនឹងសមិទ្ធផលរបស់ស្ថានីយ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម បានបង្ហាញនូវការវាយតម្លៃថា តាមការពិនិត្យជាក់ស្តែងគ្រាប់​ពូជ​ដែលស្ថានីយផលិតបានទាំងអស់នេះ គឺមានលក្ខណៈ “សុទ្ធល្អ” ហើយតាមការប៉ាន់ស្មានទិន្នផលដែលទទួល​បានប្រមាណ​ជាង៤តោន ក្នុងមួយហិកតា។

ឯកឧត្តម ឌិត ទីណា បានអំពាវនាវដល់ប្រជាកសិករឱ្យដាំដុះប្រភេទ​ស្រូវដែលមានពូជច្បាស់លាស់ធានាបានទាំង​ទិន្នផលខ្ពស់ និងមាន​តម្លៃខ្ពស់ តាមតម្រូវការចាំបាច់របស់ទីផ្សារ ។ជាពិសេសពូជស្រូ​វផ្ការំដួល និងសែនក្រអូបដែលជាពូជស្រូវរបស់ខ្មែរ ទទួ
លបាន​ចំណាត់ថ្នាក់អង្ករល្អកំពុងមានទីផ្សារ និងមានតម្លៃខ្ពស់​នៅក្រៅប្រទេស។

សូមជម្រាបជូនថា កសិដ្ឋាននៃស្ថានីយផលិតពូជស្រូវទួលសំរោង គឺ ជាទីតាំងផលិតគ្រាប់ពូជស្រូវធំជាងគេនៅក្នុងប្រទេសកម្ពុជា។ ។រដូវវស្សាឆ្នាំ២០២៤ កសិដ្ឋានបាននេះផលិតគ្រាប់ពូជស្រូវចំណាត់ថ្នាក់​ចុះបញ្ជី”ប្រភេទផ្ការំដួល” នៅលើផ្ទៃដី១៧៥ហិកតា និង”សែន​ក្រអូប-០១”ចំនួន៤៥ហិកតា។ការផលិតគ្រាប់ពូជ និងបានចុះបញ្ជី​នៅកសិដ្ឋានផលិតពូជស្រូវទួលសំរោង គឺជាការផលិតពូជ​ដែល​ត្រឹមត្រូវតាមបច្ចេកទេសនិងទទួលបានការត្រួតពិនិត្យបញ្ជាក់គុណភាពត្រឹមត្រូវពីអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួង​កសិកម្មរុក្ខាប្រមាញ់និង​នេសាទ។ការប្រើប្រាស់គ្រាប់ពូជស្រូវសុទ្ធល្អនឹងជួយជួយដល់ប្រជាកសិករឱ្យទទួលបាននូវ​ទិន្នផល​​​​”ស្រូវសុទ្ធល្អ”​លក់បានថ្លៃនិងកាត់បន្ថយនូវការ​ចំណាយលើការប្រើប្រាស់ជី និងថ្នាំកសិកម្មដែលពុំចាំបាច់​មួយចំនួន​ថែម​ទៀតផង។

តាមការបញ្ជាក់របស់មន្រ្តីស្ថានីយ ប្រសិនសហគមន៍កសិកម្ម​ឬក៏​ក្រុមហ៊ុនផលិតពូជស្រូវ ត្រូវការគ្រាប់ពូជស្រូវ សម្រាប់ផលិត ជាគ្រាប់ពូជបន្តអាចទំនាក់ទំនងលោក អ៊ីង ស៊ីណា ប្រធានកសិដ្ឋាន​ផលិតពូជស្រូវទួល​សំរោង ដែលមាន លេខទូរសព្ទ ០១២ ៩៧៤ ៤៩៤៕
អត្ថបទនិងរូបភាព៖អ៊ុក សំអាន ប.ប

ads banner