ផ្សាយគុនខ្មែរ នៅប្រទេសក្រិកលើកនេះទទួលបានជោគជ័យខ្លាំង
ភ្នំពេញ ៖ ថ្នាក់ដឹកនាំ ប្រតិភូ កីឡាករកីឡាការិនីប្រដាល់គុនខ្មែរ ដឹកនាំ ដោយ ឯកឧត្តម តែម ម៉ឺន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានកិត្តិយសសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានធ្វើមាតុភូមិនិវត្តមកដល់កម្ពុជា នាយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
ថ្លែងប្រាប់ អ្នកយកព័ត៌មានកីឡា ពេលដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម ឧត្តម តែម ម៉ឺន បានគូសបញ្ជាក់ថា បេសកម្មដឹកនាំកីឡាករកីឡាការិនីគុនខ្មែរចូលរួមការប្រកួតមិត្តភាពគុនខ្មែរនៅប្រទេសក្រិកលើកទី១ នេះ គឺទទួលបានជោគជ័យខ្លាំង ទាំងលទ្ធផលដែលទទួលបានពីការប្រកួត និង ការគាំទ្រតាមរយៈការខិតខំផ្សព្វផ្សាយគុនខ្មែររបស់យើងនៅក្រិក។
ឯកឧត្តម ប្រធានកិត្តិយស សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបញ្ជាក់បន្ថែមថា សម្រាប់ផែនការផ្សព្វផ្សាយគុនខ្មែរនៅលើឆាកអន្តរជាតិ សហព័ន្ធកំពុងមានផែនការចេញទៅផ្សព្វផ្សាយនៅប្រទេសផ្សេងៗជាបន្តបន្ទាប់ទៀត។ ការប្រកួតនិងការផ្សព្វផ្សាយជំហានបន្ទាប់អាចនិងមានទ្រង់ទ្រាយធំ និងល្អជាងពេលនេះទៅទៀត។
សូមជម្រាប់ថា បេសកម្មផ្សព្វផ្សាយគុនខ្មែរនៅលើទឹកដីប្រទេសក្រិកលើកដំបូងនេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដឹកនាំ ដោយឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ បានដឹកនាំកីឡាករកីឡាការិនីកម្ពុជា៨រូប ប៉ុន្តែប្រកួតបានតែ៧នាក់ប៉ុណ្ណោះ ដោយអាក់ខាន កីឡាករ លន បញ្ញា ដោយសារតែដៃគូមានបញ្ហាសុខភាព។
សម្រាប់កីឡាករកម្ពុជាក្នុងជំនួបដណ្តើមខ្សែក្រវ៉ាត់និងពាននេះ គឺកម្ពុជាដណ្តើមបានខ្សែក្រវ៉ាត់ចំនួន៤ខ្សែ និងពានចំនួន១ គីឡាករ ឡុង សុណ្ណឌឿន ខណៈកីឡាករ គង់ សំបូ ចាញ់ពិន្ទុខ្សែក្រវ៉ាត់បានទៅកីឡាករក្រិក និងធន់ ស្រី ពេជ្រ ចាញ់ពិន្ទុ ពានបានទៅកីឡាការិនីប្រទេសក្រិក។ ក្រៅពីការប្រកួតមិត្តភាពបេសកម្មនៅលើទឹកដីប្រទេសក្រិកលើកនេះ ក៏មានការបង្ហាញក្បាច់គុនខ្មែរនៅតាមទីសាធារណៈផងដែរ៕
ថត ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ