ខណៈរដូវប្រាំងកៀកមកដល់ ទីបញ្ជាការស្រាលទាំង៦នៅខេត្តកំពង់ធំ បាន​ទទួលនូវការណែនាំបន្ថែម

កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការ​សឹករង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាប​បទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានអញ្ជើញជួបសំណេះ​សំណាល​​កម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទ​ល្មើសធនធាន​ធម្មជាតិដែលកំពុងប្រចាំការនៅទីបញ្ជាការស្រាលទាំង៦ ក្នុងភូមិសាស្ត្រ​ស្រុកសណ្ដាន់ និងមួយផ្នែកក្នុង​​ស្រុកសន្ទុក ។

ជំនួបដែលប្រព្រឹត្តទៅនៅទីបញ្ជាការស្រាលប្រចាំការនៅឃុំសុចិត្រ ស្រុកសណ្ដាន់  កាលពីដើមសប្ដាហ៍នេះឧត្តមសេនីយ៍ទោ សោម ស៊ុន បានដាក់បទបញ្ជាជូនកង​កម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទ​ល្មើសធនធានធម្មជាតិ ដែលកំពុង​ប្រចាំ​ការ​នៅទីបញ្ជាការស្រាលទាំង៦ នៅក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ និងមួយផ្នែកក្នុងស្រុកសន្ទុក ត្រូវបន្ត​អនុវត្តយ៉ាងម៉ឺងម៉ាត់ក្នុងការ​ការពារទប់ស្កាត់ និងបង្ក្រាបឱ្យបាននៅក្នុង​រដូវប្រាំងនេះ មិនឱ្យមានការកាប់ទន្ទ្រានព្រៃឈើយកដីរដ្ឋធ្វើកម្មសិទ្ធិ​បាន​ជាដាច់ខាត ។

បទបញ្ជាបន្ថែមរបស់ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏ព្រោះតែ​បទ​ល្មើស​លួចកាប់ទន្រ្ទានដីព្រៃរបស់រដ្ឋតែងតែកើតឡើងជារឿយៗនៅ​រដូវ​ប្រាំង និងក្នុងពេលដែលអាជ្ញាធរបានមានធ្វេសប្រហែស ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានរំលឹកថា នៅក្នុងភូមិសាស្រ្តខេត្ត​កំពង់ធំ រយៈពេលជិត​ ៧​ ខែកន្លងមកនេះ កងកម្លាំងចម្រុះការពារ​ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានខិតខំបំពេញ​ភារកិច្ចយ៉ាងសកម្ម។  ការពារបាន មិនឱ្យមានការកាប់ទន្រ្ទាន​ព្រៃឈើ​ជាថ្មី ។ គ្រប់គ្រងផ្ទៃដីដែលបានរកឃើញដោយជនល្មើស​លួចកាប់​ទន្ទ្រាន​នាពេលកន្លងទៅ ដោយ​រក្សា​ការពារ​បានមិន​ឱ្យមានការ​បាត់​បង់ទៅវិញ និងបានចាប់ឃាត់ខ្លួនជនប្រព្រឹត្តបទល្មើសជាក់ស្ដែង បានមួយចំនួនបញ្ជូនទៅកាន់តុលាការ ដើម្បីផ្ដន្ទា​ទោស​តាមផ្លូវច្បាប់​ជាធរមាន។ ជាមួយគ្នា​នោះដែរ កងកម្លាំងប្រដាប់អាវុធទាំងបី ដោយ​​កងទ័ព​ជាស្នូលបានចូលរួម​ចំណែកក្នុង​ការដាំស្ដារព្រៃឈើ​ឡើងវិញបានជាង ៥ម៉ឺនដើមផងដែរ ៕


អត្ថបទនិងរូបភាព៖​ប៊ុន ​រដ្ឋា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner