មន្ទីរពេទ្យបង្អែកស្ទោង នឹងមានអគារថ្មីមួយខ្នងបន្ថែមទៀត

កំពង់ធំ៖សំណង់អគារមួយខ្នង នៅមន្ទីរពេទ្យបង្អែកស្ទោង​កំពុង​ដំណើរ​ការសាងសង់​។អគារនឹងបំពេញតួនាទីកាន់តែប្រសើរថែម​ទៀត ក្នុងការ​បម្រើសេវាសុខភាព​ជូនប្រជាពលរដ្ឋក្នុងតំបន់ និងមកពីទីកន្លែងផ្សេង​ទៀត។ អគារថ្មីនេះមាន​ទទឹង១៨ម៉ែត្រ,​បណ្តោយ​៤៥ម៉ែត្រដោយ​ចែកចេញជា២៨បន្ទប់ ព្រមទាំងបំពាក់នូវគ្រឿងបរិក្ខាពេទ្យរួចស្រេច ។អគារនេះជាអំណោយរបស់ ឯកឧត្តម ជា ចាន់តូ អតីតទេសា​ភិបាល​កិត្តិយសធនាគារជាតិនៃកម្ពុជានិងអតីតប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង និងលោកជំទាវ ខៀវ ស៊ីណាផងដែរ។

កាលពីដើមសប្ដាហ៍លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិ​នៃកម្ពុជាអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពសាងសង់អ​គារ​ថ្មី​នៅ​មន្ទីរពេទ្យបង្អែកស្ទោង។ក្នុងឱកាសនេះដែ លោកជំទាវ បានប្រាប់​លោកប្រធានមន្ទីរពេទ្យត្រូវធ្វើផែនការ​លំអិតអំពីតម្រូវការ​និង​បរិក្ខារផ្សេងៗ ដែលត្រូវបំពាក់នៅក្នុងអគារថ្មីនេះដើម្បីបំពេញ​តម្រូវការនិងលើកកម្ពស់វិស័យសុខាភិបាលទាំង​មូល។​ជាពិសេស​ប្រសិទ្ធភាពនៃការព្យាបាលជំងឺជូនប្រជាជន។

លោកជំទាវបានលើកទឹកចិត្តបន្ថែមឱ្យធ្វើប្លង់មេក្នុងការកែលម្អ និងធ្វើសួនច្បារ ដោយដាំដើមឈើឱ្យបានស្រស់បំព្រង​ជាការចូល​រួមលើកកម្ពស់បរិស្ថាននិងសោភណភាពមន្ទីរពេទ្យ ។លោកជំទាវ​បានសន្យានឹងធ្វើរបងថ្មព័ទ្ធជុំវិញប្រវែងជាង២០០ម៉ែត្រ។

លោក សាយ គឹមឡម អភិបាលស្រុកស្ទោងនិងក្រុមគ្រូពេទ្យបានថ្លែង​អំណរ​គុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារ​ធនាគារ​ជាតិជា​ពិសេស ឯកឧត្តម ជា ចាន់តូ អតីតទេសាភិបាលកិត្តិយសធនាគារជាតិ និងជំទាវ ជា សិរី ដែលតែងតែយកចិត្តទុកដាក់ដល់​សុខទុក្ខ​សុខុមាលភាព​របស់ប្រជាជន និងតម្រូវការជាក់ស្ដែងរបស់មន្ទីរពេទ្យបង្អែកស្ទោង៕

ដោយ៖ប៊ុន រដ្ឋា

ads banner