សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលថ្នាក់ក្រុង នៅខេត្តស្ទឹងត្រែង
ស្ទឹងត្រែង៖ លោកស្រី កែវ សាវឿន អភិបាលរងខេត្តស្ទឹងត្រែងបានផ្តល់តម្លៃដល់វេទិកាសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលថ្នាក់ក្រុង (២០២៥-២០២៧)ថា ពិតជាមានសារៈសំខាន់ខ្លាំង ព្រោះវេទិកានេះនឹងរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋតាមរយៈកិច្ចសហការគាំទ្រ និងការចូលរួមវិនិយោគរបស់អង្គការដៃគូអភិវឌ្ឍន៍ វិស័យឯកជន សប្បុរសជន រួមទាំងមន្ទីរវិស័យនានាក្នុងខេត្ត សម្រាប់ការអភិវឌ្ឍនៅមូលដ្ឋាន ក្រុង និងបណ្តាសង្កាត់នានាក្នុងក្រុងស្ទឹងត្រែង។
រដ្ឋបាលខេត្តស្ទឹងត្រែងបានរៀបចំសិក្ខាសាលាសមាហរណកម្ម និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៥-២០២៧) ថ្នាក់ក្រុង កាលពីដើមសប្ដាហ៍នេះក្រោមកិច្ចសហការរវាងរដ្ឋបាលក្រុងស្ទឹងត្រែង និងមន្ទីរផែនការខេត្តស្ទឹងត្រែង នៅសាលប្រជុំសាលាក្រុងស្ទឹងត្រែង។
អភិបាលរងខេត្តស្ទឹងត្រែង លោកស្រី កែវ សាវឿន បានលើកឡើងថា ការរៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគក្រុង និងសង្កាត់ នៅថ្នាក់ក្រុង នាពេលនេះមានគោលដៅ និងគោលបំណង ដើម្បីបើកវេទិកាពិភាក្សា ផ្លាស់ប្តូរនូវបទពិសោធន៍ ក្នុងការគាំទ្រគម្រោង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងអរូបវ័ន្ត ដែលបានអនុវត្តនាឆ្នាំកន្លងមក ,ផ្សព្វផ្សាយគម្រោងវិនិយោគអាទិភាពរបស់ក្រុង និងគម្រោងវិនិយោគបីឆ្នាំរំកិល របស់សង្កាត់សម្រាប់អនុវត្តឆ្នាំ២០២៥ ,ស្នើសុំការគាំទ្រពីមន្ទីរ អង្គភាព អង្គការដៃគូអភិវឌ្ឍន៍នានា ផ្នែកឯកជន និងសប្បុរសជន ដើម្បីគាំទ្រគម្រោង របស់រដ្ឋបាលក្រុង និងគម្រោងរបស់រដ្ឋបាលសង្កាត់ ដែលបានបង្ហាញ។
ប្រធានមន្ទីរផែនការខេត្តស្ទឹងត្រែង លោក លី ប៊ុនឡោម បានថ្លែងថា សិក្ខាសាលានេះជាដំណើរការមួយ ឈានទៅរកប្រក្រតីភាព រវាងគម្រោង និងសកម្មភាពអភិវឌ្ឍន៍ ដែលបានស្នើឡើងដោយរដ្ឋបាលសង្កាត់ រដ្ឋបាលក្រុង និងគោលការណ៍ក្នុងគោលនយោបាយយុទ្ធសាស្ត្រ ដែលមាននៅក្នុងផែនការក្រុង មន្ទីរជំនាញ និងអង្គការនានា តាមរយៈការពិភាក្សា ការចរចារ ដើម្បីប្រមូលផ្តុំធនធានសម្រាប់គាំទ្រកិច្ចអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន។
អភិបាលក្រុងស្ទឹងត្រែង លោក សាយ កុសល បានលើកឡើងថា រដ្ឋបាលក្រុងបានរៀបចំនូវកម្មវិធី ផែនការវិនិយោគបីឆ្នាំរំកិល ជាមួយរដ្ឋបាលសង្កាត់ទាំង៤ ដើម្បីសម្របសម្រួលផែនការ និងកម្មវិធីវិនិយោគរបស់រដ្ឋបាលក្រុង និងរដ្ឋបាលសង្កាត់ ទៅតាមមន្ទីរវិស័យឱ្យមានភាពរលូន ស្របតាមគោលដៅទិសដៅយុទ្ធសាស្ត្រ ដើម្បីផ្សារភ្ជាប់ទៅមូលដ្ឋានក្នុងបរិបទ នៃវិមជ្ឈការ និងសហវិមជ្ឈការ។
សូមជម្រាបថា សិក្ខាសាលាសមាហរណកម្ម និងកម្មវិនិយោគបីឆ្នាំរំកិលថ្នាក់ស្រុក នៅក្រុងស្ទឹងត្រែងនាពេលនេះ មានការចូលរួមពីមន្ទីរ អង្គភាពចំនួន១៩ តំណាងអង្គការមិនមែនរដ្ឋាភិបាលចំនួន២ ។ក្នុងនោះមានគម្រោងស្នើឡើងក្នុងឆ្នាំ២០២៥ ដោយរដ្ឋបាលក្រុងមាន ៤០ គម្រោង មានការគាំទ្រពីមន្ទីរវិស័យ ២៧គម្រោង គម្រោងដែលបានស្នើឡើងដោយរដ្ឋបាលឃុំមាន ២៩២គម្រោង មានការគាំទ្រពីមន្ទីរវិស័យ ៤០គម្រោង និងគាំទ្រដោយអង្គការដៃគូអភិវឌ្ឍន៍ ១០គម្រោង៕
ដោយ៖ឡុង សំបូរ