កម្ពុជា-ស៊ែប៊ី ប្រជុំពិគ្រោះយោបល់ទ្វេភាគី លើកទី៤ ក្នុងន័យជំរុញកិច្ចសន្ទនាជាទៀងទាត់
(ភ្នំពេញ)៖ ឯកឧត្តម ឃួន ផុនរតនៈ រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Damjan Jović រដ្ឋលេខាធិការក្រសួងការបរទេស នៃសាធារណរដ្ឋស៊ែប៊ី បានធ្វើជាសហប្រធានកិច្ចប្រជុំ ពិគ្រោះយោបល់ទ្វេភាគីកម្ពុជា-ស៊ែប៊ីលើកទី៤ ដែលបានរៀបចំឡើងកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០៤ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
កិច្ចប្រជុំនេះ បានបង្ហាញពីការប្តេជ្ញាចិត្តឥតងាករេរបស់ ប្រទេសទាំងពីរ ក្នុងការជំរុញកិច្ចសន្ទនាជាទៀងទាត់ ពង្រឹងទំនាក់ទំនងប្រពៃណី និងយូរអង្វែងនៃប្រទេស ទាំងពីរ និងស្វែងរកមធ្យោបាយថ្មីៗ ដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី។ កិច្ចពិភាក្សាបានផ្តោតលើការជំរុញសកម្មភាពសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ដោយសង្កត់ធ្ងន់លើសារៈសំខាន់ នៃការបង្កើតយន្តការដ៏មានប្រសិទ្ធភាពផ្សេងៗ។
សហប្រធានទាំងពីរ ក៏បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន តាមរយៈការអប់រំ ការផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍ ព្រមទាំងបញ្ជាក់អំពីការគាំទ្រទៅវិញទៅមកក្នុងវេទិកាអន្តរជាតិ។
កម្ពុជា ស្វាគមចំពោះទំនាក់ទំនងកើនឡើងរបស់ស៊ែប៊ី ជាមួយអាស៊ាន និងសម្តែងការសាទរ ចំពោះការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការនៅក្នុងគំនិតផ្តួចផ្តើមក្នុងតំបន់ ហើយប្រទេសទាំងពីរ បានសន្យាស្វែងរកឱកាសសមស្របសម្រាប់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗ។ សហប្រធានទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់ និងបទពិសោធន៍លើបញ្ហាតំបន់ និងពិភពលោកផងដែរ ។
កិច្ចប្រជុំនេះជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កិច្ចសន្ទនាកម្រិតខ្ពស់នាពេលអនាគត និងពង្រឹងកិច្ចសហប្រតិបត្តិការ ដែលកំពុងមានស្រាប់ ក្នុងគោលបំណងជំរុញគោលដៅរួម នៃសន្តិភាព ការអភិវឌ្ឍ និងសមាហរណកម្មក្នុងតំបន់ ៕
ដោយ ៖ សួង ពិសិដ្ឋ