គណៈប្រតិភូអន្តរក្រសួងចុះពិនិត្យនិងវាយតម្លៃការងារថែទាំផ្លូវក្រាលកៅស៊ូប្រវែងជាង ១៤គីឡូម៉ែត្រ នៅសៀមរាប

សៀមរាប​៖គណៈប្រតិភូអន្តរក្រសួងរួមមានក្រសួងអភិវឌ្ឍន៍ជនបទ និង​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយឯកឧត្តម សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មា​ធិការ​លទ្ធកម្ម (គ.៣) បានចុះត្រួតពិនិត្យនិងវាយ​តម្លៃ​លើដំណាក់កាលទី២ នៃការងារថែទាំផ្លូវក្រាលកៅស៊ូ២ជាន់បន្ថែម (Reseal DBST) ចំនួន​ពីរខ្សែ ប្រវែងសរុប ១៤.៩០០ ម៉ែត្រ និងទទឹង ៦ ម៉ែត្រ។

ផ្លូវទាំងនេះស្ថិតនៅក្នុងភូមិសាស្ត្រឃុំត្រពាំងធំ ស្រុកប្រាសាទបាគង និងឃុំចាន់ស ស្រុកសូទ្រនិគម ជាគម្រោង DRR-PM-2024-No.031 ដែលត្រូវបានអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប។

លោក សោ ប៊ុនធី អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានបញ្ជាក់ថា ផ្លូវទាំង​ពីរខ្សែនេះ​ជួយសម្រួលដល់ចរាចរណ៍របស់សិស្សា​នុសិស្ស ,ដឹកជញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យ ,ការដឹកជញ្ជូនផលិតផលនានា​ទៅកាន់​ទីផ្សារជាដើម ។

ឯកឧត្តម សាន វិសាល បានបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទ​ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្រ្តី ឆាយ ឬទ្ធិសែន បានផ្តោត​សំខាន់លើគុណភាពនៃការកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាពតាមដងផ្លូវ។ឯកឧត្តម​បានសរសើរក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាបដែលបានបំពេញការងារបានល្អ និងបានណែនាំបន្ថែមដល់​ក្រុម​បច្ចេក​ទេសឱ្យ​ពង្រឹងការងារថែទាំផ្លូវនៅចំណុចដែលមានចន្លោះខ្វះខាត៕

ដោយ៖​ប៊ុន​រដ្ឋា

ads banner