វ៉ាដាច់ម៉ាល់ឌៀវ! បាលីរបស់ឥណ្ឌូនេស៊ីក្លាយជាកោះសាសងស្នេហាល្អដាច់គេ លើលោក

បរទេស ៖ កោះបាលី ក្នុងប្រទេសឥណ្ឌូណេស៊ី មានប្រៀបជាងគូប្រជែងល្បីៗចំនួន៨ផ្សេងទៀត រួមទាំង កោះ Maldives ផងដែរ បានជាប់ឈ្មោះ ជាកោះរ៉ូមែនទិក ឬ កោះគោលដៅបង្កើតស្នេហាល្អបំផុត នៅក្នុងពិភពលោក ផ្អែកតាមកម្មវិធី World Travel Awards ឆ្នាំ២០២៤ នេះបើតាមកាសែត VNexpress។

ប្រភពថា នេះជាលើកទីមួយហើយ ដែលកោះបាលី ទទួលបានតំណែងមួយនេះ។ កាលពីឆ្នាំកន្លងទៅ តំណែងមួយនេះតែងតែបានទៅលើ បណ្តាប្រទេស ជាកោះ ដូចជា Seychelle, Mauritius និង Maldives ជាដើម។

បើតាមប្រភព កោះបាលីត្រូវបានប្រគល់ចំណាត់ថ្នាក់នេះ ដោយសារតែទេសភាពធម្មជាតិ, ឆ្នេរខ្សាច់ដ៏ស្រស់ស្អាត, វប្បធម៌ប្រពៃណី, ប្រវត្តិសាស្រ្តដ៏សម្បូរបែប និងប្រាសាទបុរាណ ដែលធ្វើឱ្យវាក្លាយជាការពេញនិយម ក្នុងចំណោមអ្នកធ្វើដំណើរ ជុំវិញពិភពលោក។

កោះមួយនេះបានឃើញការស្ទុះងើបឡើងវិញយ៉ាងខ្លាំង លើវិស័យទេសចរណ៍ បន្ទាប់ពីជំងឺរាតត្បាត Covid។ កាលពីឆ្នាំមុន កោះបាលី បានស្វាគមន៍អ្នកទេសចរ ចំនួន ១៥.៥លាននាក់ ដែលជិតនឹងចំនួន ដូចមុនការរាតត្បាត នៃជំងឺរាតត្បាត ឆ្នាំ២០១៩ ។ ក្នុងរយៈពេល ៧ ខែដំបូង នៃឆ្នាំនេះ កោះបាលីបានកត់ត្រា ពីចំនួនអ្នកមកដល់ ចំនួន ៣.៨៩លាននាក់ ដែលកើនឡើង ពី២.៩ លាននាក់ ក្នុងអំឡុងពេលដូចគ្នា កាលពីឆ្នាំមុន។

កាលពីខែតុលា កោះបាលីត្រូវបានទទួលស្គាល់ថា ជាកោះដ៏ស្រស់ស្អាតបំផុតនៅអាស៊ី ពីទស្សនាវដ្ដីអាមេរិក Condé Nast Traveler ដោយពានរង្វាន់នេះ
ត្រូវបានកំណត់ តាមរយៈការបោះឆ្នោត ពីក្រុមអ្នកជំនាញទេសចរណ៍ និងសាធារណៈជន ដែលបានទៅដល់កោះនោះ៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner