មកដឹងពីតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះឈ្នះ ពេលមុន និងពេលនេះ

បន្ទាយមានជ័យ៖តំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះឈ្នះ ស្ថិតនៅ​ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នឹងដាក់សម្ពោធ​សមទ្ធិផល​នានា​នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ក្រោម​អធិបតី​ភាព​ដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។តំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះ ឈ្នះ មានផ្ទៃដី ៣០៤ហិកតា។ចំណែកសមិទ្ធផលនានាមាន ព្រលាន​យន្ត​ខ្នាតតូច សាលារៀន មន្ទីរពេទ្យ សួនសាធារណៈនិងហេដ្ឋារចនា​សម្ព័នរូបវ័ន្តជាច្រើនទៀត ។

តាមពិតពីអតីតកាលនៃតំបន់អភិវឌ្ឍន៍បឹងជង្រុក គឺមិនមែនស្រស់​ត្រកាល​និងរស់រវ៉ើកដូចពេលនេះឡើយ ។លោក ស្វាយ ជា អភិបាល​ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យបានរំលឹកពីរឿងរ៉ាវទាក់ទងនឹងទីនេះ (បឹងជង្រុក)។

លោកអភិបាលស្រុកម៉ាឡៃបានប្រាប់ទូរទស្សន៍អប្សរានៅថ្ងៃទី២៨ ខែវិច្ឆិកាថា ពីអតីតកាលតំបន់បឹងជង្រុកជាសមរភូមិជួរ​មុខនៃ​ភាគ​ពាយ័ព្យប្រទេសកម្ពុជា ។ក្រោយបញ្ចប់សង្គ្រាមដោយនយោបាយ​ឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ស្រុកម៉ាឡៃ បាន​ធ្វើការ​អភិវឌ្ឍស្ទើរគ្រប់វិស័យ ។ប៉ុន្តែក៏​នៅមានតំបន់ខ្លះក្នុងនោះ​មានតំបន់​បឹងជង្រុកនេះជាដើមកំពុងបន្តធ្វើការដោះមីនជាបណ្ដើរ ៗ។បន្តមកតំបន់បឹងជង្រុកបានក្លាយជាចម្ការដំណាំ និងដីស្រែបង្ក​បង្កើន​ផល ប៉ុន្តែ​ត្រូវបានបុគ្គលខិលខូចមួយចំនួនញុះ​ញង់​ប្រជា​ពលរដ្ឋបង្កើត​ជាជម្លោះប្រទាញប្រទង់គ្នាលើផ្ទៃដីតំបន់នេះ ។

ទោះជាបែបនេះក្ដីនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ក្រុម​ការងារបាន​អនុវត្តរូបមន្តនៃនយោបាយឈ្នះឈ្នះ ដោយមានការចុះអនុវត្តផ្ទាល់​ពីសំណាក់ឯកឧត្តមបណ្ឌិត ប៉ាន់ ខែម ប៊ុនថន នា យករង​ខុទ្ទកាល័យ សម្តេចធិបតីនាយករដ្ឋមន្រ្តី និងមានកិច្ចសហការពីរដ្ឋបាលស្រុក ខេត្តបន្ទាយមានជ័យ បានបញ្ចប់វិវាទរ៉ាំរៃជាមួយ​ករណីមួយទៀត​នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោមស្នាមញញឹមនៃភាគីទាំង២ដែលសរុប​ជាង៣០០គ្រួសារ ។

លោក ស្វាយ ជា បានបន្តថា ក្រោយពីទទួលបានដំណោះស្រាយ​សមរម្យពលរដ្ឋសប្បាយចិត្ត ឯកឧត្តម ប៉ាន់ខែម ប៊ុនថន និង​រដ្ឋបាល​ស្រុក ខេត្តបានធ្វើការអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋាន​ជាច្រើន​នៅបឹងជង្រុក ហើយបានដាក់ឈ្មោះថា “តំបន់​អភិវឌ្ឍន៍បឹង​ជង្រុកតេជោ ឈ្នះឈ្នះ” ។

ដោយ៖ គៀន ច័ន្ទហ៊ីន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner