ពិធីប្រគល់រង្វាន់សិស្សឆ្នើមថ្នាក់ទី១០ ពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
កំពង់ចាម៖រដ្ឋបាលខេត្តកំពង់ចាមកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានរៀបចំពិធីប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សឆ្នើមថ្នាក់ទី១០ ពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំស្រុកព្រៃឈរ ឆ្នាំសិក្សា២០២៣-២០២៤ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ។ពិធីបានប្រព្រឹត្តទៅនៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្រុកព្រៃឈរ ។
សូមជម្រាបថា ការកំណត់យកសិស្សឆ្នើមថ្នាក់ទី១០ សម្រាប់ការប្រលងយកពានរង្វាន់នេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗ ចំនួន ២ គឺ៖ទី១-លើកកម្ពស់សមត្ថភាព និងលើកទឹកចិត្តដល់សិស្សឆ្នើមថ្នាក់ទី១០ ដែលបានខិតខំរៀនសូត្រនាពេលកន្លងមក និង ទី២- ជំរុញ និងលើកទឹកចិត្តឱ្យសិស្សយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្រឱ្យក្លាយជាសិស្សពូកែ តាំងពីចូលកម្រិតមធ្យម សិក្សាបឋមភូមិ ។ជាពិសេសចាប់ពីថ្នាក់ទី៧ ឡើងទៅដើម្បីអាចត្រៀមលក្ខណៈឱ្យបានល្អតាំងពីដើមសម្រាប់ ប្រលងយកពានរង្វាន់របស់ សម្តេចធិបតី សម្រាប់សិស្សឆ្នើមនៅថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរផង និងសម្រាប់ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ផង។
ចំពោះការប្រលងប្រជែងជ្រើសរើសសិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរនេះមាន វិទ្យាល័យទាំង៥ ក្នុងស្រុកព្រៃឈរនៃខេត្តកំពង់ចាម។ក្នុងនោះមាន វិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ,វិទ្យាល័យ ហ៊ុន សែន គរ ,វិទ្យាល័យ ស្រេងគីម ,វិទ្យាល័យល្វា និងវិទ្យាល័យ រណប្ញទ្ធិ គន្ធបុប្ផា។បេក្ខជនចូលរួមប្រលងជាសិស្សថ្នាក់ទី១០ នៃឆ្នាំសិក្សា២០២៣-២០២៤ នៃវិទ្យាល័យទាំង៥ខាងលើ ដែលទទួលបាននិទ្ទេស A ឬ B សម្រាប់ឆមាសទី១ នៃឆ្នាំសិក្សា ២០២៣-២០២៤។
ចំពោះរង្វាន់ជ័យលាភីមានចំនួន ២៥រង្វាន់។ ជ័យលាភីទាំង ២៥រូបទទួលបាននូវបណ្ណសរសើរ និងសៀវភៅ ២ ឈុត (១ ឈុតគ្រប់មុខវិជ្ជាសម្រាប់ថ្នាក់ទី១១ និង ១ ឈុតទៀតសម្រាប់ថ្នាក់ ទី ១២) ព្រមទាំងរង្វាន់ដោយឡែកៗ តាមចំណាត់ថ្នាក់ដូចជា ជ័យលាភីលេខ ១ ទទួលបានរង្វាន់ម៉ូតូ ហុងដា ឌ្រីម១២៥មួយគ្រឿង និងថវិកាមួយលានរៀល។ ជ័យលាភីលេខ ២ និងលេខ ៣ ទទួលបានរង្វាន់ម៉ូតូ ហុងដា វ៉េវ ម្នាក់មួយគ្រឿង និងថវិកាមួយលានរៀល។ ជ័យលាភីលេខ ៤ និងលេខ៥ ទទួលបានកុំព្យូរទ័រយួរដៃមួយគ្រឿង និងថវិកាមួយលានរៀល។ ជ័យលាភីពីលេខ ៦ ដល់លេខ ១០ ទទួលបានថវិកាម្នាក់ពីរលានរៀល។ ជ័យលាភីពីលេខ ១១ ដល់លេខ ២០ ទទួលបានថវិកាមួយលានរៀល និងជ័យលាភីទី២១ ដល់ទី២៥ ទទួលបានថវិកា ៥០ម៉ឺនរៀល។បន្ថែមលើនេះជ័យលាភីលេខ ១ ក្នុងមុខវិជ្ជានីមួយៗទទួលបានបណ្ណសរសើរ និងកុំព្យូរទ័រយួរដៃមួយគ្រឿងផងដែរ ៕
ដោយ៖លី ពៅ