ថៃ១៣ម៉ឺនគ្រួសារ ក្នុង ៧ ខេត្ត រងគ្រោះពីទឹកជំនន់ខ្លាំង
បរទេស៖ ប្រជាពលរដ្ឋថៃ ចំនួនជាង១៣ម៉ឺន៦ពាន់គ្រួសារ នៅក្នុងខេត្ត ភាគខាងត្បូង ចំនួន ៧ បានរងគ្រោះពីទឹកជំនន់យ៉ាងខ្លាំង នេះបើតាមកាសែត The Nation ចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍។
នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ បាននិយាយថា ខ្លួនបានចេញការព្រមាន និងសម្របសម្រួល ជាមួយប្រតិបត្តិករទូរស័ព្ទ ដើម្បីផ្ញើសារជូនដំណឹង តាម SMS ទៅកាន់ប្រជាពលរដ្ឋ។
នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ បាននិយាយថា ប្រជាពលរដ្ឋចំនួន ១៣ម៉ឺន៦ពាន់២១៩គ្រួសារ នៅក្នុងខេត្តចំនួន ៧ ភាគខាងត្បូង ត្រូវបានជន់លិច បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ចាប់តាំងពីដើមសប្តាហ៍នេះ មក។
នៅក្នុងការអាប់ដេតចុងក្រោយ របស់ខ្លួន នៅម៉ោង ១១ព្រឹក ថ្ងៃព្រហស្បតិ៍ នាយកដ្ឋានបាននិយាយថា ភូមិចំនួន១,៨៨៤ ក្នុងស្រុក ចំនួន៥០ នៃខេត្ត Surat Thani, Nakhon Si Thammarat, Songkhla, Pattani, Yala, Narathiwat និង Satun នៅតែស្ថិតនៅក្រោមទឹក។
នាយកដ្ឋានបាននិយាយថា ខ្លួនបានសម្របសម្រួល ជាមួយគណៈកម្មការផ្សព្វផ្សាយ និងទូរគមនាគមន៍ជាតិ និងប្រតិបត្តិករទូរស័ព្ទចល័ត ដើម្បីផ្ញើសារជូនដំណឹង ដល់ប្រជាពលរដ្ឋនៅតំបន់ដែលងាយរងគ្រោះដោយទឹកជំនន់ ដូច្នេះ ពួកគេអាចរៀបចំខ្លួន សម្រាប់ស្ថានការណ៍ បានសមស្រប។
សាធារណជនក៏ត្រូវបានជំរុញឱ្យទាញយកកម្មវិធី «ការជូនដំណឹង ពីគ្រោះមហន្តរាយថៃ» ដើម្បីតាមដានព័ត៌មាន និងការព្រមានចុងក្រោយបង្អស់។ ប្រជាជនត្រូវបានជំរុញឱ្យ ទូរស័ព្ទទៅលេខ ១៧៨៤ ដើម្បីរាយការណ៍ពីភាពអាសន្ន ឬ ស្វែងរកជំនួយ នេះបើតាម The Nation ដដែល៕
ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត