អង្គភាពប្រឆាំងអំពើពុករលួយ កំពុងដំណើរការពិនិត្យ ករណីរឿងទំនាស់ដីធ្លី អ្នកវិនិយោគធំៗរឿងរាវ លោក លីសាម៉េត លោក មួងឃីម និងករណីធំៗមួយចំនួនទៀត

(ភ្នំពេញ)៖អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងក្នុងខែវិច្ឆិកា ឆ្នាំ២០២៤នេះ កំពុងតែពិនិត្យ និងដំណើរការករណីរឿងរាវមួយចំនួន កើតឡើងដែលកំពុងទទួលបានការចាប់អារម្មណ៍ពីមហាជនក្នុងនេះដូចជាករណីទំនាស់ដីធ្លី របស់អ្នកវិនិយោគធំៗតំបន់សេដ្ឋកិច្ចពិសេស (SSEZ),ករណីដោះដូរពន្ធនាគារចាស់ សាងសង់ពន្ធនាគារថ្មី ករណីលោក លី សាម៉េត ករណី លោក មួង ឃីម ជាដើម។

យោងតាមរបាយការណ៍របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពអំពើពុករលួយ ដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំលើកទី៤១ អាណត្តិទី៣នៃក្រុម ប្រឹក្សាជាតិប្រឆាំងអំពើពុករលួយនារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ថា ៖ អង្គភាពប្រឆាំងអំពើពុករលួយកំពុងដំណើរការពិនិត្យនិងពិចារណាចំពោះរឿងក្តីមួយចំនួនដូចជា៖ ករណីដីធ្លីរបស់អ្នកវិនិយោគធំៗតំបន់សេដ្ឋកិច្ចពិសេស (SSEZ) បញ្ហារ៉ាំរ៉ៃ នៃបណ្ដឹងដដែលៗ ដែលនៅមិនព្រមរលត់ពីក្រុមហ៊ុនវិនិយោគព្រលានយន្តហោះសៀមរាប ។ បញ្ហាដីព្រៃលិចទឹកជុំវិញបឹងទន្លេសាប តំបន់ III តំបន់ II ខេត្តកំពង់ធំ ដែលអង្គភាពរកឃើញ អ្នកកាន់កាប់ដ៏ធំៗខុសច្បាប់ចំនួន ១៧៦ នាក់ ហើយ២៤នាក់ (កាន់កាប់ខុសច្បាប់៩.៤៦៣ ហត អ្នកខ្លះកាន់កាប់រហូតដល់ ២.៥០០ ហត) ប្រកែកមិនប្រគល់ដីជូនរដ្ឋវិញ។

ក្រៅពីនេះអង្គភាពប្រឆាំងអំពើពុករលួយកំពុងពិនិត្យ និងដំណើរការករណីរំលោភអំណាចក្នុងការងារលទ្ធកម្ម កិបកេងប្រាក់ជាង ១ពាន់លានរៀល ពីគម្រោង អភិវឌ្ឍន៍ តាមឃុំភូមិ របស់ឈ្មោះ ហេង វុទ្ធី នាយកទីចាត់ការផែនការ និងវិនិយោគ សាលាខេត្តតាកែវ និងបក្សពួក ២នាក់ទៀត ។ ក្រៅពីនេះក៏មានករណីជំនួញឥទ្ធិពលនៅខេត្តកំពង់ឆ្នាំង (ដោះដូរជីពន្ធនាគារចាស់ សាងសង់ពន្ធនាគារថ្មី) ដែល ឧកញ៉ា អ៊ុត ធី ចំណាយទុន ១,៩ លានដុល្លារអាមេរិក ចូលហ៊ុនបន្ថែមក្នុងក្រុមហ៊ុន អាស្នារិទ្ធ ហើយចំណាយប្រាក់ ៥០ម៉ឺនដុល្លារទៀត ឲ្យ មួង ឃីម ,ដួង តារា ,លី សាម៉េត ប្រើឥទ្ធិពលមកលើរដ្ឋបាលខេត្តកំពង់ឆ្នាំង យល់ព្រមតាមដំណោះស្រាយរបស់ ដួង តារា។

ក្នុងរបាយការណ៍ករណីប៉ុនប៉ងសូកប៉ាន់ប្រព្រឹត្តិដោយ ឈ្មោះ កន សុខកាយ ចំណាយប្រាក់ ៣០ម៉ឺនដុល្លារ ឲ្យមក ដួង តារា ,ឡាច សំរោង ,លី សាម៉េត ដើម្បីឲ្យរូបខ្លួនទទួលបានការតែងតាំងជាអភិបាលក្រុង អរិយក្សត្រ (ប្រគល់លើកទី១ ចំនួន ១៥ ម៉ឺន ប្រគល់លើកទី២ ចំនួន ១៥ម៉ឺន ដួង តារា ឡាច សំរោង ប្រាប់ លី សាម៉េត ជាទឹកប្រាក់ កន សុខភាយ ជូន ដើម្បីឲ្យបានជាអភិបាលក្រុង អរិយក្សត្រ មានតែ ១២ ម៉ឺនដុល្លារ)។

ក្រៅពីនេះក៏មាន ករណី ប៉ុនប៉ង សូកប៉ាន់ប្រព្រឹត្តិ ដោយអភិបាលរងខេត្តពោធិសាត់ ឡាយ វិសិដ្ឋ (ចំណាយ ប្រាក់ ៥៧ម៉ឺនដុល្លារ) ទៅ ឡាច សំរោង និង លី សាម៉េត ។ ករណីប៉ុនប៉ងសូកប៉ាន់ប្រព្រឹត្ត ដោយ មួង ឃឹម និងបក្សពួក ឲ្យយុវជនម្នាក់ទើបជាប់ បរិញ្ញាបត្រ ឲ្យបានចូលក្របខណ្ឌតយ ហើយឲ្យបានធ្វើតយនៅខេត្តបាត់ដំបង ជាថ្នូរនឹងប្រាក់ ៣០ម៉ឺនដុល្លារអាមេរិក)។

អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជាក់ក្នុងរបាយការណ៍របស់ខ្លួនដែរថា ៖ រាល់ករណីប៉ុនប៉ងសូកប៉ាន់ខាងលើបានបរាជ័យ មិនអាចសម្រេចដោយថ្នាក់លើមិនដែលធ្វើការ តែងតាំងមន្ត្រីដោយសំណូកឡើយ៕

ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក៖គ្រីសម្បត្តិ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner