ក្រុមស្រាវជ្រាវ និងតាមដានជីវៈចម្រុះរបស់អង្គការ WWF រកឃើញសំបុកសត្វត្រយងចង្កំក ស នៅខេត្តមណ្ឌលគិរី
(ភ្នំពេញ)៖កាលពីសប្តាហ៍មុន ក្រុមការងាររបស់អង្គការ WWF បានរាយការណ៍អំពីសំបុកសត្វត្រយងចង្កំក ស នៅជិតដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី ដែលនេះ គឺជាសំបុកដំបូងគេ ដែលបានរកឃើញក្នុងឆ្នាំនេះ។
អង្គការ WWF បានឱ្យដឹងថា៖ការរកឃើញនេះបានបង្ហាញពីក្តីសង្ឃឹមសម្រាប់ ប្រភេទ សត្វស្លាបនេះដែលមានវត្តមានរស់នៅតំបន់ដីសើម និងជាប្រភេទ ជិតផុតពូជ។ ក្រុមការងារយើងខិតខំប្រឹងប្រែង និងការពារសំបុកដើម្បី ទប់ស្កាត់ការរំខានរបស់មនុស្ស ដូច្នេះសំបុករបស់ត្វត្រយងចង្កំក ស អាចមានឱកាសល្អបំផុតសម្រាប់មានកំណើតកូនសត្វថ្មី។
អង្គការ WWF បានឱ្យដឹងដែរថាការងារអភិរក្ស និងកិច្ចខិតខំប្រឹងប្រែងទាំងនេះ ចង់បង្ហាញយើងឱ្យចូលរួមការពារសត្វព្រៃ និងធនធានធម្មជាតិដ៏មានតម្លៃទាំងអស់។
គួរបញ្ជាក់ថាសត្វត្រយងចង្កំកស៖ មានឈ្មោះវិទ្យាសាស្ត្រថា Pseudibis davisoni ជាប្រភេទសត្វជិតផុតពូជបំផុត (CR) លើពិភពលោក ក្នុងបញ្ជីក្រហម IUCN មានវត្តមានពេញមួយឆ្នាំ នៅប្រទេសកម្ពុជាយើង ច្រើនរស់នៅ និងរកចំណីជាហ្វូង នៅតាមតំបន់ព្រៃល្បោះ តាមដងទន្លេ តំបន់ដីសើមក្នុងព្រៃល្បោះ និងតំបន់ដីសើមតាមវាលទំនាប ភាគច្រើននៅភូមិភាគឧត្តរ និងភូមិភាគឦសានប្រទេស ដូចជា ខេត្តព្រះវិហារ មណ្ឌលគីរី រតនគីរី ក្រចេះ និងស្ទឹងត្រែង និងតំបន់ទំនាប បឹងទន្លេសាប។
សត្វប្រភេទនេះវាមានមាឌតូចជាងត្រយងយក្សបន្តិច មានដងខ្លួនពណ៌ខ្មៅរលោង ចង្កំកស ជើងវែងក្រហម មានដៅសមួយដុំនៅលើស្មា ដែលអាចឃើញច្បាស់នៅពេលវាហើរ៕