ព្រឹត្តិការណ៍ប្រណាំងរថយន្ត off-Road អន្តរជាតិ គឺចូលរួមផ្សព្វផ្សាយបង្ហាញពីគោលដៅទេសចរណ៍ កត្តាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅកម្ពុជាទៅកាន់ឆាកអន្តរជាតិ
(ព្រះសីហនុ)៖ ព្រឹត្តិការណ៍ប្រណាំងរថយន្ត off-Road អន្តរជាតិ ឆ្នាំ២០២៤ បានធ្វើពិធីបើកជាផ្លូវការ ជាមួយនឹងការហែរក្បួនរថយន្តប្រណាំងទាំងជាតិ និងអន្តរជាតិ នៅក្នុងក្រុងព្រះសីហនុ។ ពិធីបើកខាងលើធ្វើក្រោមអធិបតីភាព ឯកឧត្តម សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ និងឯកឧត្តម ទៀ ស្យាម អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តព្រះសីហនុ ។
លោក វង្ស គឹមហួត ប្រធានគណៈកម្មការបច្ចេកទេស បានបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងរថយន្ត off-Road អន្តរជាតិនេះ មិនត្រឹមតែជាព្រឹត្តិការណ៍កីឡាយានយន្តប៉ុណ្ណោះទេ តែក៏ជាឱកាសសម្រាប់កីឡាករទាំងឡាយបានបង្ហាញពីសមត្ថភាពក្នុងការប្រណាំង វាស់ស្ទង់បទពិសោធន៍របស់ខ្លួន និងដៃគូប្រកួត ផ្លាស់ប្ដូរ បច្ចេកទេសពីគ្នាទៅវិញទៅមក កសាង និងពង្រឹងទំនាក់ទំនង រវាងកីឡាករជាតិ និងអន្តរជាតិ។ ពិសេសគឺបង្ហាញពីសមត្ថភាពកូនខ្មែរ ក្នុងការរៀបចំព្រឹត្តិការណ៍ប្រណាំងយានយន្តជាលក្ខណៈអន្តរជាតិ និងផ្សព្វផ្សាយបង្ហាញពីគោលដៅទេសចរណ៍ ក៏ដូចជាកត្តាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅកម្ពុជាទៅកាន់ឆាកអន្តរជាតិផងដែរ។ លោក បន្តថា ការប្រណាំងនេះ នឹងធ្វើកីឡាករកម្ពុជាយើងបានរៀនសូត្រ សិក្សា សាកល្បង ស្វែងយល់បន្ថែមទៀត ដើម្បីមានឪកាសប្រកួតលើឆាកអន្តរជាតិដូចកីឡាករដែលធ្លាប់ចូលរួម ជាពិសេសកីឡាករអន្តរជាតិល្បីៗ ។
លោក វង្ស គឹមហួត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ យុវជន សាធារណជននានាសូមចូលទស្សនាព្រឹត្តិការណ៍ប្រណាំងរថយន្ត off-Road អន្តរជាតិឆ្នាំ២០២៤ រយៈពេល៣ថ្ងៃ ឱ្យបានច្រើនកុះករ ដើម្បីលើកទឹកចិត្តដល់ក្រុមកីឡាករជាតិ និងអន្តរជាតិ និងចូលរួមលើកស្ទួយវិស័យកីឡាយានយន្ត នៅកម្ពុជា ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងរថយន្ត off-Road អន្តរជាតិឆ្នាំ២០២៤នេះ រៀបចំសហព័ន្ធកីឡាយានយន្តកម្ពុជា សហការជាមួយក្លឹបមហាគ្រួសារ off-Road កម្ពុជា ដោយមានការគាំទ្រពីរដ្ឋបាលខេត្តព្រះសីហនុ សហភាពសហព័ន្ធយុវជនកម្ពុជា និងដៃគូសហការផ្សេងទៀត។ ពិសេសមានរថយន្ត ៥១គ្រឿង មកពី៧ប្រទេសចូលរួម មានម្ចាស់ផ្ទះកម្ពុជា ចិន ថៃ វៀតណាម រុស្ស៉ី ឡាវ និងឥណ្ឌូណេស៊ី ដោយធ្វើការប្រណាំងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ នៅទីលានប្រណាំងយានយន្តធំមួយ ក្បែរឆ្នេរអូរត្រេះ ខេត្តព្រះសីហនុ។ វិញ្ញាសាប្រណាំងចែកជា៣ គឺ Class A (Hard core) ឆ្លងកាត់ឧបសគ្គខ្លាំងបំផុត, Class B (Light core) និង Class C (Overland)៕
អត្ថបទ-រូបភាព ៖ លោក ចាន់ វិចិត្រ និងសែម បូរិន