អបអរសាទរខួប ២ឆ្នាំ នៃការដាក់បញ្ចូលគុនល្បុក្កតោក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ

ភ្នំពេញ៖ ថ្ងៃនេះជាថ្ងៃមោទកភាពរបស់កម្ពុជានៃការដាក់បញ្ចូល​គុនល្បុក្កតោ​ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ​របស់អង្គការ​យូណេស្កូ គំរប់២ឆ្នាំ(២៩ វិច្ឆិកា ២០២២ – ២៩ វិច្ឆិកា ២០២៤)។

លើបណ្ដាញសង្គមផ្លូវការនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា បានបង្ហោះសារដែលមានខ្លឹមសារថា ” អបអរសាទ រខួប២ឆ្នាំ នៃការ ដាក់បញ្ចូលគុនល្បុក្កតោ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ អរូបីនៃមនុស្ស ជាតិរបស់អង្គការយូណេស្កូ ២៩ វិច្ឆិកា ២០២២ – ២៩ វិច្ឆិកា ២០២៤។ កិច្ចការ​ពារ​បេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូន ខ្មែរគ្រប់ៗរូប”។

ចំណែកសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជាក៏​បានសរសេរថា “អបអរសាទរខួប២ឆ្នាំ នៃការដាក់ បញ្ចូលគុនល្បុក្កតោ ក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃ មនុស្សជាតិរបស់អង្គការ​យូណេស្កូ “។

ដូចគ្នានេះដែរ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាសេនាធិការ​រាជរដ្ឋាភិបាលក្នុងការប្រឹងប្រែង​ស្នើដាក់​បញ្ចូល​គុនបុរាណខែ្មរ​បាន​បញ្ជាក់ថា”កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរ​គ្រប់ៗរូប !”។

សូមជម្រាបថា ក្បាច់គុនអត្តសញ្ញាណជាតិរបស់កម្ពុជា គឺ «គុនល្បុក្កតោ» ត្រូវបានចុះបញ្ជីបេតិកភណ្ឌសម្បត្តិវប្បធម៌អរូបី​នៃមនុស្ស​ជាតិ របស់អង្គការយូណេស្កូ( UNESCO) ជាផ្លូវការនៅ​វេលាម៉ោង១០កន្លះ (ម៉ោងកម្ពុជា) យប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២​នៅទីក្រុងរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក នៅក្នុងកិច្ច​ប្រជុំ​លើក​ទី​១៧​ នៃគណៈកម្មាធិការអន្តរ​រដ្ឋាភិបាល​ដើម្បីការ​ការពារ​បេតិកភណ្ឌ​​វប្បធម៌អរូបី​​របស់​អង្គការ​យូណេស្កូ​ បាន​អនុម័តចុះ​គុនល្បុក្កតោ​ក្នុងបញ្ជី​តំណាង​បេតិកភណ្ឌ​វប្បធម៌អរូបី​នៃ​មនុស្ស​ជាតិ​របស់​អង្គការយូណេស្កូ​ក្នុង​សេចក្តីសម្រេច​ 17.COM7.b.1។ក្នុងឱកាសនោះ​លោកជំទាវ Audrey Azoulay​ អគ្គនាយិកាអង្គការ​យូណេស្កូ​ក៏​បាន​អបអរសាទរ​កម្ពុជាក្នុងការចុះគុន​ល្បុក្កតោ​ក្នុងបញ្ជីតំ​ណាង​បេតិកភណ្ឌវប្បធម៌​អរូបីនៃមនុស្សជាតិរបស់អង្គការ​យូណេស្កូផងដែរ។

គុនល្បុក្កតោ ជាក្បាច់គុនបុរាណខ្មែរដែលចាក់ឫសចាក់គល់យ៉ាងជ្រៅ នៅក្នុងសង្គមខ្មែរជាច្រើនសតវត្សមកហើយៗ បន្តរស់រានក្នុង​សង្គម​ខ្មែររហូតដល់បច្ចុប្បន្ន។ ចម្លាក់លើជញ្ជាំងប្រាសាទសម័យអង្គរជាភស្តុ​តាង​បង្ហាញច្បាស់អំពីការហាត់សមក្បាច់គុននេះដែរ។ ការបង្ហាត់​បង្ហាញ​ក្បាច់គុនល្បុក្កតោតៗគ្នាពីជំនាន់មួយទៅជំនាន់មួយ គឺដើម្បី​ពង្រឹងប្រាជ្ញាស្មារតី និងសមត្ថភាពការពារខ្លួនពី​សត្វ​សាហាវព្រមទាំង​សត្រូវនានាផង និងការពារសង្គមជាតិនិងមាតុភូមិផង។

ដោយមានការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំង​ការខិតខំប្រឹងប្រែងរបស់សហគមន៍ គ្រូគុន សិស្សគុន​ល្បុក្កតោ​ទាំងអស់ ក្បាច់គុនល្បុក្កតោកម្ពុជាត្រូវបានអភិរក្ស លើកតម្លៃ និងផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើក្នុងប្រទេស និងលើឆាក​អន្តរជាតិ។

ចាប់តាំងពីកម្ពុជាបានចូលជាសមាជិករបស់អង្គការយូណេស្កូ កម្ពុជាបានចុះបញ្ជីសម្បតិ្តបេតិកភណ្ឌរូបីចំនួន ៤,សម្បតិ្តបេតិកភណ្ឌ​អរូបី ចំនួន ៦ និងបញ្ជី​ស្មារតី​ចង​ចាំ​នៃ​ពិភព​លោកចំនួន ៣ ដើម្បីថែរក្សានូវទម្រង់ដើមនៃវប្បធម៌ក៏ដូចជា មរតកឥតកាត់ថ្លៃដែលបាន​បន្សល់ទុកដោយដូនតាខ្មែរ ព្រមទាំងជាការចងចាំនូវប្រវត្តិសាស្ត្ររបស់កម្ពុជា។

១.បេតិកភណ្ឌរូបីនៃមនុស្សជាតិ៖

  • តំបន់រមណីយដ្ឋាន​អង្គរ ចុះបញ្ជីនា​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​១៩៩២ នៅ​ទី​ក្រុង​សាន់​តាហ្វេ សហរដ្ឋអាមេរិក​
  • ប្រាសាទ​ព្រះវិហារ ចុះបញ្ជីនា​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០០៨ នៅ​ទី​ក្រុង​កេបិក ប្រទេស​កាណាដា
  • តំបន់ប្រាសាទ​សំបូរ​ព្រៃគុក​ ចុះ​បញ្ជីនាថ្ងៃ​ទី​៨ ខែ​កក្កដា​ ឆ្នាំ​២០១៧ នៅ​ទី​ក្រុង​ក្រាកូវ​ ប្រទេស​ប៉ូឡូញ​
  • រមណីយដ្ឋានប្រាសាទកោះកេរ ចុះបញ្ជីនាថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអា​រ៉ាប៊ី​សាអូឌីត ។
    ២. បេតិ​កភណ្ឌ​វប្បធម៌​អរូបីនៃ​មនុស្ស​ជាតិ៖​
  • របាំ​ព្រះ​រាជ​ទ្រព្យ​ ចុះបញ្ជីនា​ថ្ងៃ​ទី​៧ ខែវិច្ឆិកា​ ឆ្នាំ​២០០៣ នៅ​ទី​ក្រុង​អ៊ីស្ដន់ប៊ូល​ ប្រទេស​តួកគី
    -​ ល្ខោន​ស្រមោល​ស្បែក​ធំ​ ចុះបញ្ជីនា​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០០៥ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​
  • ល្បែង​ទាញ​ព្រ័ត្រ​ ចុះ​បញ្ជីនាថ្ងៃ​ទី​២​ ខែ​ធ្នូ ឆ្នាំ​២០១៥​ នៅ​ទី​ក្រុង​វិនឌុក​ ប្រទេស​ណាមីប៊ី​
  • ចាប៉ី​ដង​វែង​ ចុះបញ្ជីនា​ថ្ងៃ​ទី​៣០​ ខែ​វិច្ឆិកា ឆ្នាំ២០១៦ នៅ​ទី​ក្រុង​អេតឌីស​អាបាបា​ ប្រទេស​អេត្យូពី​
  • ល្ខោន​ខោលវត្តស្វាយអណ្តែត​ ចុះបញ្ជីនា​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​ នៅ​ទីក្រុង​ព័រល្វី នៃ​សាធារណរដ្ឋ​ម៉ូរីស​​
  • គុន​ល្បុក្កតោ​ ចុះបញ្ជីនា​ថ្ងៃ​​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នៅ​ទី​ក្រុង​រ៉ាបាត​ ព្រះ​រាជា​ណាចក្រម៉ារ៉ុក ។
    ៣. បញ្ជី​ស្មារតី​ចង​ចាំ​នៃ​ពិភព​លោក៖​
  • បណ្ណាសារឧក្រិដ្ឋ​កម្ម​ ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង​ ចុះបញ្ជីនា​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០០៩ នៅ​ទី​ក្រុង​ប្រ៊ីដថោន​ ប្រទេស​បាបា​ដូស
  • ឯកសារ​សំឡេង​និទាន​រឿង​រាមកេរ្ដិ៍ ដោយ​តាគ្រុឌ ចុះ​បញ្ជីនាថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៤ នៅ​ខេត្ត​ខ្វាង​ចូវ​ ប្រទេស​ចិន
  • រឿង​អ៉ីណាវ បុស្សិបា ចុះបញ្ជីនា​ថ្ងៃ​ទី​៣០​ ខែ​តុលា​ ឆ្នាំ​២០១៧ នៅ​ទី​ក្រុង​ប៉ារីស ប្រទេស​បារាំង៕
    ដោយ៖មុនី
ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner