សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធសមិទ្ធផលនានា នៅតំបន់​អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ

(បន្ទាយមានជ័យ)៖ សម្ដេចមហាបវរធបិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធសមិទ្ធផលនានា នៅតំបន់​អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅភូមិបឹងជង្រុក​តេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្ដេចមហាបវរធិបតី​នាយក​រដ្ឋមន្ត្រី រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ​ដោះ​ស្រាយ​និងអភិវឌ្ឍន៍តំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ បានឱ្យដឹងថា ភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ជាតំបន់ដ៏ស្មុគស្មាញ មានទាំងជម្លោះដីធ្លី និងការចិញ្ចឹមកម្លាំងខុសច្បាប់ពីក្រុមប្រឆាំង ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលថែម​ទៀតផង ។ តំបន់បឹងជង្រុក និង៦៧១ ស្ថិតក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ គឺជាចំណែកនៃទីតាំង ដែលសម្តេចតេជោ ហ៊ុន សែន បានធ្វើប្រទានកម្មជូនគ្រួសារយោធាសមាហរណកម្ម សម្រាប់អាស្រ័យផល​តាមខ្លឹមសារ ៣យ៉ាង នៃការអនុវត្តនយោបាយ ឈ្នះ ឈ្នះ រួមមាន៖ ១៖ ការធានាអាយុជីវិត និងរូបកាយ, ២៖ ការធានាអាជីព និងមុខរបរ និង ៣៖ ការធានាកម្មសិទ្ធិ ទ្រព្យសម្បត្តិទាំងចលនទ្រព្យ និងអចលនទ្រព្យ ។

ប្រវត្តិនៃឈ្មោះបឹងជង្រុកនេះ ត្រូវបានគេហៅតៗគ្នា ក្នុងសម័យរំដោះប្រទេស​ពី​របប​ប្រល័យពូជសាសន៍នាឆ្នាំ១៩៧៩ ខណៈពេល ដែលកងទ័ពភាគី​រដ្ឋ​កម្ពុជា និងកងទ័ពវៀតណាមលើកគ្នាវាយកងទ័ពខ្មែរក្រហម ដោយទីតាំង​នេះ​ជាកន្លែង​ជង្រុកស្រូវដ៏ធំមួយ ដែលគេដឹកយកស្រូវពីតំបន់កូនដំរីមកផ្ទុក​នៅទី​នេះ ដើម្បីផ្គត់ផ្គង់ដល់កងទ័ពខ្មែរក្រហមនៅសមរភូមិមុខ។ ចំណែកតំបន់​៦៧១ កើតឡើងក្រោយពេលសមាហរណកម្ម ដែលជាឈ្មោះវរសេនាតូច​៦៧១ ចំណុះឱ្យវរសេនាធំ E៦៧ ស្ថិតនៅក្រោមកងពល២១ ដឹកនាំដោយ​ឧត្តមសេនីយ៍ ផឹង ផុន ក្នុងពេល ដែលឧត្តមសេនីយ៍ សុខ ភាព ត្រូវបានតែង​តាំង​ជាមេបញ្ជាការរងយោធភូមិភាគ៥ ។ ក្រោយពេលសមាហរណកម្ម ដីធ្លីជាច្រើនកន្លែងនៅក្នុងស្រុកម៉ាឡៃ ត្រូវបានផ្តល់ជូនគ្រួសារយោធា​ដើម្បី​រស់នៅ និងអាស្រ័យផល ។

ឯកឧត្តម ប៉ាន់ ខែមប៊ុនថន បានឱ្យដឹងថា ពីដំបូងវិវាទដីធ្លីនៅចំណុច៦៧១ និងចំណុចបឹងជង្រុក មានតំណាងដឹកនាំចំនួន ២ក្រុមតែប៉ុណ្ណោះ ប៉ុន្តែក្រោយ​មក​ក្រុមតំណាងទាំងអស់នេះ បានបំបែកទៅជាច្រើនក្រុម និងបានប្រែក្លាយ​រូបភាព​​វិវាទដីធ្លីនៅទីនេះ ធ្លាក់ក្នុងចរិកលក្ខណៈជានយោបាយ ។ កត្តា ដែល​នាំ​ឱ្យជម្លោះនៅបឹងជង្រុក ដោះស្រាយមិនចេះចប់គឺមាន២ ទី១) ការចិញ្ចឹម​ចលនាពីជនខិលខូច, ទី២) កត្តានយោបាយ។ រូបភាពពីខាងក្រៅ មើលឃើញ​ថា ជាទំនាស់ដីធ្លី តែពីខាងក្នុង គឺជាការពង្វក់ ដើម្បីបង្កើតកម្លាំងខុសច្បាប់​ផ្ដួលរលំរដ្ឋា​ភិបាល​ស្របច្បាប់ ។ ករណីវិវាទនេះ មានសន្ទុះខ្លាំង​ក្នុងចន្លោះ​ឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ ។

ឯកឧត្តម ប៉ាន់ ខែមប៊ុនថន បានបន្តថា ដោយមានសេចក្តីយកចិត្តទុកដាក់​ដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មកលើបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្ត​បន្ទាយមាន​ជ័យ​ទាំង​មូល ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស និងដោយពិនិត្យឃើញថា ករណីវិវាទដីនេះ មានទ្រង់ទ្រាយធំ និងមានចរិកលក្ខណៈគួបផ្សំរឿង​នយោ​បាយ សម្តេចតេជោ បានចាត់តាំងតំណាង ដឹកនាំក្រុមការងារមួយ​ក្រុមក្នុង​ខុទ្ទកាល័យ ចុះសហការដោះស្រាយបន្ទាន់ ជាមួយក្រុមការងាររដ្ឋបាល​ខេត្តបន្ទាយមានជ័យ ក្នុងជម្លោះដីធ្លីដ៏រាំរ៉ៃ និងស្មុគស្មាញ អស់រយៈពេលជាង ២០ឆ្នាំកន្លងមកនេះ ។ តាមរយៈយុទ្ធសាស្ត្រដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាពេលនោះ ក្រុមការងារ បានប្រើប្រាស់រយៈពេល ១២ថ្ងៃគត់ ដើម្បីបញ្ចប់​ទំនាស់ទាំងស្រុង ហើយគូភាគីជម្លោះប្រែក្លាយជាមិត្ត ជាបងប្អូន ជាគ្រួសារ​នឹងគ្នាឡើងវិញ។ ក្រោយដីតំបន់នោះ ត្រូវបានដោះស្រាយបញ្ចប់ គូភាគីដែល​ជាម្ចាស់ដីទាំងអស់បានទទួលដីរបស់ខ្លួនវិញ និងបានចូលគ្រប់គ្រង កាន់កាប់ អាស្រ័យផល​ ហើយបានចុះបញ្ជីទទួលបានកម្ម​សិទ្ធិស្រប​ច្បាប់រៀងៗ​ខ្លួនរួចរាល់ ។

យោងប្រកាសលេខ ៣១៨៧ប្រក ចុះថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ភូមិបឹងជង្រុក​តេជោឈ្នះឈ្នះ ត្រូវបានបង្កើតឡើងដោយបំបែកចេញពីភូមិទួលប្រាសាទ នៃឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ដោយមានព្រំប្រទល់៖ ខាងជើង និងខាងលិច ជាប់នឹងភូមិទួលប្រាសាទ ឃុំទួលពង្រ, ខាងត្បូង​ជាប់នឹងភូមិស្រឡៅជ្រុំ និងភូមិអូរកេស ឃុំទួលពង្រ, ខាងកើត ជាប់នឹង​ភូមិបឹងឈូក និងភូមិរស្មីមានជ័យ ឃុំទួលពង្រ និងភូមិបឹងជង្រុកតេជោ​ឈ្នះឈ្នះ​បច្ចុប្បន្នមានប្រជាជន សរុបចំនួន ៤,២៦៨នាក់ ស្រី ២,១៦៦នាក់ ស្មើនឹង ១,២១៧គ្រួសារ។

បន្ទាប់ពីភូមិនេះបានបង្កើតឡើង ដីឡូតិ៍ លំនៅដ្ឋាន ប្លង់កម្មសិទ្ធិនានា ត្រូវបាន​រៀបចំជូនបងប្រជាពលរដ្ឋទាំងអស់ អមជាមួយដំណើរការ​កសាងហេដ្ឋារចនា​សម្ព័ន្ធដែលមានផ្លូវខ្វាត់ខ្វែង ប្រព័ន្ធធារាសាស្រ្តគ្រប់ច្រកល្ហក ។ ក្នុងនោះ សមិទ្ធផល​សំខាន់ៗជាច្រើន បានស្ថាបនារួចរាល់ និងកំពុងកើតឡើង​ជា​បន្ត​បន្ទាប់ រួមមាន៖ សាលារៀន ០២ខ្នង, មណ្ឌលសុខភាព, ទីស្នាក់ការកាក​បាទក្រហមកម្ពុជា, ទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាល, ទីស្នាក់ការកងរាជ​អាវុធហត្ថ, ទីស្នាក់ការភូមិបឹងជង្រុកតេជោឈ្នះ ឈ្នះ, ទីស្នាក់ការគណបក្ស​ប្រជាជនកម្ពុជា, ទីស្នាក់ការសម្ពន្ធយុវជនស្រលាញ់សន្តិភាព, អាស្រមអាយុ​វែង លោកតាគង់ លោកយាយសម, ស្រះទឹកទំហំជាង ៦ហិកតា, ខ្លោងទ្វារភូមិ​បឹង​ជង្រុកតេជោឈ្នះ ឈ្នះ ផ្លូវខ្វាត់ខ្វែងក្នុងភូមិ, ប្រព័ន្ធលូ, សួនច្បារ​បំពាក់​ដោយឧបករណ៍ហាត់ប្រាណ និងសួនកុមារសាធារណៈ, ទីតាំងចុះចត​ឧទ្ធម្ភាគចក្រ, ស្លាកគណបក្សប្រជាជនកម្ពុជាតាំងលម្អបង្ហាញគ្រប់តាមដងផ្លូវ, ដាំដើមក្ងោកលម្អគ្រប់តាមដងផ្លូវ, លំនៅដ្ឋានតេជោឈ្នះឈ្នះ ជូនជនពិការ​ដែល​ជាមេក្រុមចំនួន ៩នាក់ ម្នាក់១ខ្នង ថវិកាចំណាយសរុបក្នុងតំបន់អភិវឌ្ឍន៍​បឹង​ជង្រុកតេជោឈ្នះឈ្នះ មិនតិចជាង ១៥លានដុល្លារនោះទេ និងការ​បន្ត​អភិវឌ្ឍន៍ជាបន្តបន្ទាប់តាមជាក់ស្តែងតាមពេលវេលាវិវត្តន៍ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner